សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋហ្គីណេប៊ីសាវថាជាការផ្ដល់កិត្តិយស និងផ្ដល់តម្លៃកាន់តែខ្ពស់ដល់ការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋហ្គីណេប៊ីសាវ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃវិមានសន្តិភាពនៅព្រឹកថ្ងៃ ទី២៤ ខែកក្កដាឆ្នាំ២០២៣។
ក្នុងឱកាសសម្ដេចក្រឡាហោម បានថ្លែងនូវការស្វាគមន៍ និងអរគុណ ចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ និងបាន ថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមក្នុងដំណើរមកបំពេញទស្សនកិច្ចដោយឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតនេះ។
សម្ដេចក្រឡាហោមបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមថាជាការផ្ដល់កិត្តិយស និងជាការផ្ដល់តម្លៃកាន់តែខ្ពស់ដល់ការបោះឆ្នោត នៅកម្ពុជាដែលតែងតែរៀបចំឡើងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សម្ដេចបន្តថាទោះបីជាប្រទេសកម្ពុជា និង ប្រទេសគីណេប៊ីសាវមានទំនាក់ទំនងការទូតថ្មីថ្មោងជាមួយគ្នា និងទោះ ជាមានទីតាំងភូមិសាស្រ្តឆ្ងាយពីគ្នាក្ដី ប៉ុន្តែតាមរយៈដំណើរទស្សនកិច្ច របស់ ឯកឧត្តមនាពេលនេះនឹងជំរុញ លើកកម្ពស់ និងពង្រីកនូវទំនាក់ ទំនងនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។

សម្ដេចក្រឡាហោមក៏បានជម្រាបអំពីស្ថានភាពទូទៅនៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាដោយមានប្រសាសន៍ថាស្ថានភាពជារួមមានភាពល្អប្រសើរ ចាប់តាំងពីដំណាក់កាលយុទ្ធនាការរហូតដល់ ថ្ងៃបោះ ឆ្នោតដែលបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចបន្ថែមថាឆ្លងតាមបទពិសោធន៍រៀបចំការបោះឆ្នោតជាច្រើនអាណត្តិមកនេះ អ្នកនយោបាយនៅកម្ពុជាបានចូលរួមគោរពច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ។
សម្ដេច បានបន្ថែមថា ប្រជាពលរដ្ឋវិញ ក៏បានបំពេញតួនាទី និង សិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ កាន់តែមានភាពចាស់ទុំពីដំណើរ ការបោះ ឆ្នោតមួយទៅដំណើរការបោះឆ្នោតមួយ។ សម្ដេចចាត់ ទុកភាពវិជ្ជមាន និងរីកចម្រើននេះ ថាដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ខ្លួន ឯងផ្ទាល់ ព្រមទាំងការចូលរួមចំណែកពីបណ្ដាមិត្តភក្ដិបរទេស និង សហគមន៍អន្តរជាតិផងដែរ។


ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋហ្គីណេប៊ីសាវ បានបង្ហាញក្ដីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឱកាសបំពេញទស្សន កិច្ចសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០២៣នេះដែរ។
ឯកឧត្តមបានជម្រាបសម្ដេចក្រឡាហោមថាចាប់តាំងពីពេលមកដល់កម្ពុជា ឯកឧត្តមបានទស្សនកិច្ចនៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានពិនិត្យមើលពីដំណើរការបោះឆ្នោត ដែលមានលក្ខណៈប្រហាក់ ប្រហែលគ្នានឹងការបោះឆ្នោតនៅប្រទេសគីណេប៊ីសាវដែរ។ ឯកឧត្តមក៏ទទួលបានបទពិសោធន៍ថ្មីៗផងដែរអំពីការបោះឆ្នោតនៅកម្ពុជា ពិសេសការបោះឆ្នោតដោយសន្តិវិធី និងសន្តិភាព។
ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ជូនសម្ដេចក្រឡាហោមអំពីលទ្ធផលនៃជំនួបរវាងឯកឧត្តមនិងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃ ប្រទេសទាំងពីរក៏បានឯកភាពពិនិត្យទៅលើការជំរុញ និងលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការជួយគាំទ្រគ្នា ទៅវិញ ទៅមកក្នុងវិស័យកសិកម្ម។
ដោយឡែកសម្រាប់វិស័យកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោល បំណង បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ជាពិសេស ការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងវិស័យនគរបាល ព្រមទាំងការចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន។

សម្ដេចក្រឡាហោម ស ខេង ជាថ្មីម្ដងទៀតបានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមសង្កេត ការណ៍បោះឆ្នោតនៅកម្ពុជា ហើយសម្ដេចក៏មានសេចក្ដីសង្ឃឹម ជឿជាក់ថាប្រទេសទាំងពីរ កម្ពុជា គីណេប៊ីសាវ នឹងខិតខំបង្កើន និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិាការ និងការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕


ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner