យូសេដ មរតកបៃតង បានគាំទ្រក្រុមហ៊ុន Rising Phoenix ទៅលើសកម្មភាពចំនួន៥ ក្នុងតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង
ស្ទឹងត្រែង៖ គម្រោង ភ្នាក់ងារជំនួយសហរដ្ឋអាមេរិក ឬ យូសេដ(USAID) មរតកបៃតងបានគាំទ្រក្រុមហ៊ុន Rising Phoenix ទៅលើសកម្មភាពចំនួនប្រាំក្នុងការអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។

សកម្មភាពទាំងនោះរួមមាន៖ កម្មវិធីស្រូវត្រយង, កម្មវិធីចាក់វ៉ាក់សាំងសត្វពាហនៈ, ការកសាងសមត្ថភាពល្បាតរបស់សហគមន៍, ការស្ដារឡើងវិញនូវជីវៈចម្រុះ និងអាហារដ្ឋានត្មាត ដែលសកម្មភាពទាំងនោះនឹងធ្វើឱ្យសហគមន៍ ពួកគាត់ចេះរួមរស់ជាមួយសត្វព្រៃ និងជីវៈចម្រុះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ នេះបើយោងតាម យូសេដ មរតកបៃតង ដែលបានចុះផ្សា យនៅទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែកក្កដា។

យូសេដ មរតកបៃតង បានឱ្យដឹងថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ព្រៃឈើនៅស្រុកសៀមប៉ាង ត្រូវបានធ្វើអាជីវកម្ម ខណៈដែលសត្វព្រៃធំៗដូចជា ក្របីព្រៃ និងដំរីអាស៊ីក៏បានបាត់វត្តមានពីស្រុកសៀមប៉ាង ហើយប្រភេទសត្វស្លាបជាច្រើនប្រភេទក៏កំពុងឈានទៅរកការផុតពូជផងដែរ។
បន្ទាប់ពីឃើញមានការបាត់បង់ធនធានព្រៃឈើ និងសត្វព្រៃទាំងនេះហើយ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចដាក់តំបន់ព្រៃឈើនៅសៀមប៉ាងជាតំបន់ការពារធម្មជាតិ ដែលមានឈ្មោះថា «ដែនជម្រកសត្វព្រៃសៀមប៉ាង» នៅក្នុងឆ្នាំ២០១៦។

ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្នដោយមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិកមរតកបៃតង ដៃគូអភិរក្សក្នុងស្រុកគឺក្រុមហ៊ុន Rising Phoenix កំពុងនាំយកឱកាសថ្មីមួយក្នុងការធ្វើសកម្មភាពសំខាន់ៗចំនួនប្រាំ ទៅឱ្យសហគមន៍ក្នុងស្រុកសៀមប៉ាង ដើម្បីជាផ្នែកមួយនៃដំណោះស្រាយលើបញ្ហាទាំងនេះ។
លោក ម៉ក់ សុភាព ប្រធានអង្គភាពអភិវឌ្ឍន៍សហគមន៍នៅក្រុមហ៊ុន Rising Phoenix បានលើកឡើងថា លោក និងក្រុមការងាររបស់លោកធ្វើការជាមួយសហគមន៍ក្នុងស្រុកសៀមប៉ាង ដើម្បីគាំទ្រការអភិរក្ស ការពារប្រភេទសត្វដែលរងគ្រោះជិតផុតពូជ ស្ដារឡើងវិញនូវជម្រកដ៏សំខាន់មួយនេះ ព្រមទាំងរៀបចំឡើងវិញនូវដែនជម្រកសត្វព្រៃដ៏ដាច់ស្រយាលមួយនេះ។

លោកបានឱ្យដឹងថា ដោយមានការគាំទ្រពី យូសេដ មរតកបៃតង គម្រោងកម្មវិធីស្រូវត្រយង បច្ចុប្បន្ននេះមានកសិករប្រហែល ១០០គ្រួសារ កំពុងធ្វើស្រែនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ប៉ុន្តែប្រមាណ ៩០% ប៉ុណ្ណោះនៃចំនួនកសិករសរុប ដាំស្រូវសរីរាង្គ និងចូលរួមក្នុងកម្មវិធីស្រូវត្រយង។
លោកបានបន្តថា ៖ «ដើម្បីអាចចូលរួមក្នុងគម្រោងស្រូវត្រយងនេះបាន កសិករទាំងអស់ត្រូវផ្តល់ព័ត៌មានពីការប្រើប្រាស់ដីរបស់ពួកគាត់មកឱ្យក្រុមហ៊ុន ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិរក្សដោយប្តេជ្ញាថានឹងមិនធ្វើការទន្ទ្រានដី មិនបរបាញ់ មិនកាប់ឈើ ឬប្រើប្រាស់សារធាតុគីមីនៅក្នុងស្រែរបស់ពួកគាត់ឡើយ»។
ចំណែកគម្រោងកម្មវិធីចាក់វ៉ាក់សាំងសត្វពាហនៈវិញ លោក ម៉ក់ សុភាព ថា ក្រុមហ៊ុន Rising Phoenix កំពុងធ្វើការជាមួយសហគមន៍ ដោយផ្ដល់វ៉ាក់សាំងទៅដល់សត្វគោក្របីស្រុកដែលប្រលែងចូលក្នុងដែនជម្រកសត្វព្រៃ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលប៉ះពាល់ដល់សុខភាពសត្វព្រៃ។

លោក សុភាព ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុន Rising Phoenix បានបង្កើតអាហារដ្ឋានត្មាត ដើម្បីដាក់ចំណីឱ្យសត្វត្មាតដែលរងគ្រោះជិតផុតពូជបីប្រភេទក្នុងដែនជម្រកសត្វព្រៃនេះ ហើយអាហារដ្ឋាននៅស្រុកសៀមប៉ាងនេះ ក៏ដើរតួជាតំបន់អេកូទេសចរណ៍សម្រាប់អ្នកថតរូប និងអ្នកស្រឡាញ់សត្វស្លាបដើម្បីបានទស្សនាសត្វត្មាតដែលរងគ្រោះជិតផុតពូជនេះផងដែរ។
បើតាម យូសេដ មរតកបៃតង បានបញ្ជាក់ថា ក្រុមហ៊ុន Rising Phoenix បានស្ដារត្រពាំងធម្មជាតិចំនួន ៥០កន្លែង ក្នុងចំណោមត្រពាំងសរុបចំនួន២០០ គិតត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការស្ដារត្រពាំងនេះ វាបានផ្ដល់ទឹកសម្រាប់សហគមន៍ធ្វើកសិកម្មផង និងរួមទាំងការផ្ដល់ទឹកដល់ថនិកសត្វធំៗ ដូចជា ក្របីព្រៃ និងដំរី បានផឹក និងបានដេកត្រាំជាដើម។
លោក ម៉ក់ សុភាព លើកឡើងថា ៖ «ខ្ញុំចង់ឃើញធនធានធម្មជាតិទាំងនេះកើតឡើងបន្ថែមទៀត ខណៈដែលខ្ញុំធំឡើងនៅខេត្តភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលមិនមានព្រៃឈើ ឬសត្វព្រៃនោះឡើយ ប៉ុន្តែនៅពេលដែលខ្ញុំបានមកដល់ទីនេះ ខ្ញុំបានឃើញព្រៃឈើធម្មជាតិ និងសត្វព្រៃដ៏កម្រមាននៅសេសសល់។ ដូច្នេះទីនេះហើយ ជាសម្បត្តិចុងក្រោយក្នុងប្រទេសកម្ពុជា ហើយនេះគឺជាពេលវេលាដែលយើងមានឱកាសថែរក្សាការពារវាជាមួយគ្នា បើមិនដូច្នេះទេវានឹងយឺតពេលហើយ»៕