កិច្ចព្រមព្រៀងសំណងដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន សំដៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅខែតុលា ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ
នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនចាប់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ជាមួយក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI) ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការចរចាសំណង ដោយមានការចូលរួមពីអនុប្រធាន សមាជិកនៃគណៈកម្មការ។
ឯកឧត្តមប្រធានគណៈកម្មការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានដែលគ្រប់ភាគីពាក់ព័ន្ធទំាងអស់បានខិតខំ និងសម្រេចបាននូវការព្រមព្រៀងគ្នាលើសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន សំដៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅខែតុលា ឆ្នាំ២០២៣ ដោយរលូនតាមការគ្រោងទុក។ ឯកឧត្តមប្រធានក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានសម្របសម្រួលជាមួយក្រុមហ៊ុន AIAI ដើម្បីទទួលយកបុគ្គលិកដែលកំពុងបម្រើការនៅអាកាសយានដ្ឋានបច្ចុប្បន្នទាំងអស់ទៅធ្វើការនៅអាកាសយានដ្ឋានថ្មី ក្រោមគោលការណ៍ស្ម័គ្រចិត្ត។ ការណ៍នេះ បានធ្វើឱ្យបុគ្គលិកមានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរនេះត្រូវបានចុះហត្ថលេខានៅខែតុលា ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយ សម្តេចវិបុលបញ្ញា សុខ អាន និងសមភាគីចិន ក្រុមហ៊ុន AIAI ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅរាជធានីភ្នំពេញ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាគម្រោងដែលមានសារៈសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចមិនត្រឹមនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ គឺជំរុញដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ជាពិសេសត្រូវបានប្រសិទ្ធនាមដោយសម្តេចតេជោថា ជា “ជាតារារះនាទិសឧត្តរ” ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០២២ កន្លងមកនេះ៕