គ.ជ.ប មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគំាទ្រគណបក្សនយោបាយនីមួយៗ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវលើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានធ្វើឡើងនៅទីស្ដីការ គ.ជ.ប នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន។

គ.ជ.ប បានបញ្ជាក់ឱ្យដឹងថា ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប ត្រូវបែងចែកជា៥ក្រុម ដោយក្រុមនីមួយៗទទួលបន្ទុកចំនួន៥មណ្ឌលបោះឆ្នោត និងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត ម្ដងមួយមណ្ឌលៗ យ៉ាងល្អិតល្អន់ តាមប្រមាណវិធីដោយដៃ និងប្រព័ន្ធកុំព្យូទ័រ។ ដំណើរការនេះបានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគំាទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ បានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតក្នុងឃុំ សង្កាត់ (ទ.១១១៦តព) តារាងបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១០) កំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១១) និងក្រដាសលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១៤) ឡើយ។

សូមជម្រានថា បន្ទាប់ពីបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវរួចរាល់ លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវដាក់ជូនថ្នាក់ដឹកនាំ គ.ជ.ប ពិនិត្យ និងសម្រេច ដើម្បីធ្វើការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត ស្របតាមប្រតិទិននៃការបោះឆ្នោត។

ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ គ.ជ.ប បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដោយមានការចូលរូមពីអ្នកសង្កេតការណ៍ និងតំណាងគណបក្សនយោបាយផងដែរ។

គ.ជ.ប បានទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣៕

ads banner