អារ៉ាប៊ីសាអូឌីត គ្រោងនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចាសន្តិភាពជុំវិញជម្លោះអ៊ុយក្រែន
អាប៊ុយដាប៊ី៖ អារ៉ាប៊ីសាអូឌីតកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយ ដើម្បីពិភាក្សាអំពីផែនការចរចាសន្ដិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី ចេះពេលការឈ្លានពានរបស់រុស្ស៊ីបន្តអូសបន្លាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្សេងៗ។
លោក Andriy Yermak ប្រធានទីប្រឹក្សាជាន់ខ្ពស់របស់ លោក ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃទី៣០ ខែកក្កដាថា មន្ត្រីមកពីប្រទេសជាច្រើននឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបានបញ្ជាក់ថាកិច្ចប្រជុំនឹងត្រូវធ្វើឡើងនៅពេលណា ឬនៅទីក្រុងណានោះទេ។
ចំណែក កាសែត Wall Street Journal ដែលរាយការណ៍ពីព័ត៌មាននេះដំបូងគេ ដោយដកស្រង់សម្ដីមន្រ្តីការទូតដែលចូលរួមក្នុងកិច្ចពិភាក្សាលើបញ្ហានេះបានផ្សាយថា កិច្ចពិភាក្សាចរចារកសន្តិភាព នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និង៦ ខែសីហា នៅទីក្រុង ចេតដា(Jeddah)ដោយមានប្រទេសចំនួន ៣០ ចូលរួម។
កាសែតដដែលបានផ្សាយទៀតថា មន្ត្រីអ៊ុយក្រែន និងលោកខាងលិចសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះអាចបញ្ចប់នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពមួយនៅចុងឆ្នាំនេះ ដែលមេដឹកនាំពិភពលោកនឹងចុះហត្ថលេខាលើគោលការណ៍រួមគ្នា សម្រាប់ការដោះស្រាយសង្រ្គាម។
លោក Yermak បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធឺរថា ការពិភាក្សានឹងប្រព្រឹត្តទៅលើរូបមន្តសន្តិភាពរបស់អ៊ុយក្រែនដែលមាន១០ចំណុចជាមូលដ្ឋាន ដែលការអនុវត្តផែនការនេះនឹងមិនត្រឹមតែធានាសន្តិភាពសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតយន្តការដើម្បីទប់ទល់នឹងជម្លោះនាពេលអនាគតនៅក្នុងពិភពលោកទៀតផង ។
គួរបញ្ជាក់ថា កន្លងមក អ៊ុយក្រែនបានពណ៌នាអំពីរូបមន្តសន្តិភាព១០ចំណុច រួមមានការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ការដកទ័ពរុស្ស៊ី ការដោះលែងអ្នកទោសទាំងអស់ ការកាត់ទោសលើអ្នកទទួលខុសត្រូវចំពោះការឈ្លានពាន និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។
លោក Yermak បាននិយាយថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ផែនការសន្តិភាពរបស់អ៊ុយក្រែន គួរតែត្រូវបានយកជាមូលដ្ឋាន ព្រោះសង្រ្គាមកើតឡើងនៅលើទឹកដីរបស់យើង»៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Saudi Arabia to host Ukraine peace talks, top official says