មនុស្សជាង ៤០ ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែបអត្តឃាតនៅប៉ាគីស្ថាន
អ៊ីស្លាម៉ាបាដ៖ ក្រុមមន្រ្តីប៉ាគីស្ថានបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤៤ នាក់បានស្លាប់ និងជិត ២០០ នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនៅក្នុងជំនួបនយោបាយមួយនៅខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យនៃប្រទេសកាលពីថ្ងៃអាទិត្យ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការបំផ្ទុះកើតឡើងក្នុងការជួបប្រជុំរបស់គណបក្សអភិរក្សនិយម Jamiat Ulema Islam-Fazl (JUI-F) ដែលមានទំនាក់ទំនងជាមួយក្រុមនយោបាយអ៊ិស្លាមជ្រុលនិយមនៅក្នុងអតីតតំបន់កុលសម្ព័ន្ធ Bajaur ជិតព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីប៉ូលិសមូលដ្ឋាន លោក Nazir Khan បានឱ្យដឹងថា អាជ្ញាធរបានប្រកាសដាក់ស្ថានភាពអាសន្ននៅតាមមន្ទីរពេទ្យនៃតំបន់ Bajaur និងតំបន់ជាប់គ្នា ដែលភាគច្រើនទទួលជនរងគ្រោះនៃការបំផ្ទុះអត្តឃាតចុងក្រោយនេះ។ អ្នករងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនពីតំបន់ Bajaur ទៅកាន់មន្ទីរពេទ្យក្នុងខេត្ត Peshawar ដោយឧទ្ធម្ភាគចក្រយោធា។ លោក ខាន់ វិញ បានប្រាប់រ៉យទ័រ ដោយមិនបញ្ជាក់តួលេខឱ្យច្បាស់ថា ក្នុងចំណោមអ្នករងរបួស មានគ្នាជាច្រើនអ្នកស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
បើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAP នៅព្រឹកថ្ងៃចន្ទ លោក Feroz Jamal រដ្ឋមន្ត្រីក្រសួងព័ត៌មានខេត្ត បានឱ្យដឹងថា មនុស្សចំនួន ៤៤ នាក់ត្រូវបានស្លាប់ និងជិត ២០០ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។
មកទល់ពេលនេះគេមិនទាន់ឃើញក្រុមជ្រុលនិយមណាមួយចេញមុខទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតកាលពីថ្ងៃអាទិត្យនេះ នៅឡើយទេ។
គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថានរងការវាយប្រហារភេរវកម្មជាញឹកញាប់ ពីក្រុមសកម្មប្រយុទ្ធអ៊ិស្លាមចាប់តាំងពីឆ្នាំមុន នៅពេលបទឈប់បាញ់រវាងក្រុមជ្រុលនិយមតាលីបង់ប៉ាគីស្ថាន Tehreek-e-Taliban Pakistan (TTP) និងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ បានខូចអសារឥតការ។
ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅវិហារអ៊ិស្លាមក្នុងទីក្រុង Peshawar កាលពីដើមឆ្នាំ មនុស្សជាង ១០០ នាក់ ត្រូវបានសម្លាប់ ដោយក្រុម TTP ចេញមុខទទួលខុសត្រូវ។
ចំណែក TTP បានបដិសេធចំពោះការពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យ ដោយអ្នកនាំពាក្យរបស់ក្រុមនេះ បានថ្កោលទោសទៀតផង។
ក្រុម TTP មិនមានទំនាក់ទំនងដោយផ្ទាល់នឹងក្រុមតាលីបង់អាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែក្រុមតាលីបង់អាហ្វហ្គានីស្ថានកន្លងមក បានរងការចោទប្រកាន់ពីរដ្ឋាភិបាលប៉ាគីស្ថានថា ផ្ដល់ជម្រកឱ្យ TTP ជាអ្វីដែលក្រុមតាលីបង់អាហ្វហ្គានីស្ថានច្រានចោល។
គួររំឭកថា គណបក្ស JUI-F គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រដ្ឋាភិបាលចម្រុះ របស់លោកនាយករដ្ឋមន្ត្រី Shehbaz Sharif ដែលនឹងរៀបចំការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខ។ លោក Sharif បានថ្កោលទោសការបំផ្ទុះកាលពីថ្ងៃអាទិត្យ ដោយហៅវាថាជាការវាយប្រហារលើដំណើរការប្រជាធិបតេយ្យរបស់ប៉ាគីស្ថាន។ លោកប្ដេជ្ញាថា អ្នកដែលទទួលខុសត្រូវនឹងត្រូវទទួលទោស៕
ប្រែសម្រួល៖ ហួន ឌីណា ប្រភព៖ Dozens killed in suicide bombing at Pakistan political rally