ម៉ិកស៊ិកប្រកាសមិនចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន ប្រសិនបើគ្មានវត្តមានរុស្ស៊ី
ម៉ិកស៊ីកូ៖ មេដឹកនាំម៉ិកស៊ិកបានថ្លែងថា កិច្ចពិភាក្សាអំពីសន្តិភាពក្នុងប្រទេសអ៊ុយក្រែន នឹងមានន័យថា ដរាបណាមានការចូលរួមទាំងអ៊ុយក្រែន និងរុស្ស៊ីផ្ទាល់។
ប្រធានាធិបតីម៉ិកស៊ិក លោក ឡូប៉េស អូប្រាដ័រ បានថ្លែងក្នុងសន្និសិទកាសែតមួយយ៉ាងដូច្នេះថា ប្រសិនបើទាំងអ៊ុយក្រែន និងរុស្ស៊ីយល់ព្រមស្វែងរកជម្រើសដើម្បីសម្រេចបាននូវសន្តិភាពនៅក្នុងជម្លោះនេះ យើងនឹងចូលរួម។

ប្រធានាធិបតីម៉ិកស៊ិករូបនេះ បានសង្កត់ធ្ងន់ទៀតថា យើងមិនចង់ឱ្យសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបន្តទៀតទេ… វាមិនសមហេតុផលទេ ដែលត្រូវធ្វើឱ្យមនុស្សជាច្រើនរងទុក្ខ ឬបាត់បង់ជីវិត ហើយមានផលចំណេញតែមួយគត់ នឹងធ្លាក់ទៅលើក្រុមហ៊ុនឧស្សាហកម្មសង្គ្រាម និងអ្នកផលិតគ្រឿងសព្វាវុធ។
ការអត្ថាធិប្បាយបែបនេះរបស់លោក អូប្រាដ័រ ធ្វើឡើងបន្ទាប់ពីកាសែត The Wall Street Journal បានចុះផ្សាយថា មន្រ្តីជាន់ខ្ពស់មកពីជាង ៣០ប្រទេសនឹងជួបប្រជុំគ្នានៅក្នុងទីក្រុងជេតថា ប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៥ និង០៦ ខែសីហានេះ ដើម្បីពិភាក្សាគ្នាអំពីសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីមិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា