អ្នកវិទ្យាសាស្រ្ត៖ ត្រីបាឡែន បុរាណរកឃើញ នៅប៉េរូ អាចជាសត្វ មានជីវិតដ៏ធ្ងន់បំផុត របស់ផែនដី
ប៉េរូ៖ ក្រុម អ្នក វិទ្យាសាស្ត្រ បាន និយាយ ក្នុង ការ ស្រាវជ្រាវ របស់ ខ្លួន ចេញ ផ្សាយក្នុង ទិនានុប្បវត្តិ Nature កាល ពី ថ្ងៃ ពុធ ទី ០២ ខែ សីហា ថា ត្រី បាឡែន បុរាណ ដែល គេ រក ឃើញ នៅ ប្រទេស ប៉េរូ អាច ជា សត្វ ធ្លាប់ មាន ជីវិត ដ៏ ធ្ងន់ បំផុត ក្នុង ប្រវត្តិសាស្ត្រ ភព ផែនដី ។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ សារព័ត៌មាន ផ្សេង ៗ ។
ក្រុម អ្នកស្រាវជ្រាវ និយាយ ថា ហ្វូស៊ីលរបស់ ត្រីបាឡែន យក្យ ដែល ខ្លួន ឱ្យ ឈ្មោះ ថា Perucetus ឬ «ត្រី បាឡែន ប៉េរូ យក្យ » មាន ទម្ងន់ ធ្ងន់ ជាង ត្រីបាឡែន ខៀវ ដែល ជា ភាវៈ មាន ជីវិត ដ៏ ធ្ងន់ បំផុត របស់ភព ផែនដី នា សម័យ បច្ចុប្បន្ន ទៅ ទៀត ។
Perucetus ដែល រស់ នៅ ប្រហែល ៣៨-៤០ លាន ឆ្នាំ មុន ក្នុង សម័យ អ៊ីយ៉ូហ្សេន (Eocene) នៃ ស័ក សេណូសូអ៊ិច មាន រូប រាង ស្រដៀង នឹង សត្វ សមុទ្រ Manatee បច្ចុប្បន្ន និង ទំនង ជា មាន ប្រវែង ប្រហែល ២០ ម៉ែត្រ ។ ត្រីបាឡែន បុរាណ ដដែល នេះ អាច មាន ទម្ងន់ រហូត ដល់ ៣៤០ តោន ដែល ជា ទម្ងន់ ធ្ងន់ ជាង គេ បំផុត លើស ទាំង សត្វ ត្រីបាឡែន ខៀវ បច្ចុប្បន្ន និង ដាយណូស័រ បុរាណ ដ៏ ធំ បំផុត ។
អ្នក ជំនាញ ខាង បុរាណ វិទ្យា លោក Giovanni Bianucci មក ពី សាកល វិទ្យាល័យ ភីសា ក្នុង ប្រទេស អ៊ីតាលី ដែល ដឹក នាំ ការ សិក្សា ស្រាវជ្រាវ ស្ដី ពី Perucetus បាន និយាយ ថា ៖ « លក្ខណៈ ពិសេស ចម្បង របស់ សត្វ នេះ គឺ វា ពិត ជា មាន ទម្ងន់ ធ្ងន់ ខ្លាំង » ដែល នេះ បង្ហាញ ថា ការ វិវត្តន៍ លើ ភព ផែន ដី ធ្វើ ឱ្យ មាន សារពាង្គ កាយ ដែល មាន លក្ខណៈ ហួស ពី ការ ស្មាន របស់ មនុស្ស ។
តាម ការ ប៉ាន់ ប្រមាណ ត្រីបាឡែន Perucetus អាច មាន ទម្ងន់ ជា អប្បបរមា ៨៥ តោន និង ជា មធ្យម ១៨០ តោន ។ ត្រី បាឡែន ខៀវ បច្ចុប្បន្ន មាន ទម្ងន់ ធ្ងន់ បំផុត ប្រហែល ១៩០ តោន ទោះ បី ជា វា វែង ជាង Perucetus ក្នុង ប្រវែង ៣៣,៥ ម៉ែត្រ ក៏ ដោយ ។
ក្នុង ការ សិក្សា ស្រាវ ជ្រាវ ចេញ ផ្សាយ កាល ពី ខែ ឧសភា អ្នក វិទ្យាសាស្រ្ត បាន ចាត់ ទុក ដាយណូស័រស៊ី រុក្ខជាតិ និង មាន កវែង ឈ្មោះ អាហ្សង់ទីនណូស័រ ( Argentinosaurus) ដែល រស់ នៅ ប្រហែល ៩៥ លាន ឆ្នាំ មុន នៅ អាហ្សង់ទីន ថា ជា ដាយណូស័រ ធំ បំផុត ក្នុង ប្រវត្តិសាស្រ្ត ប៉ុន្តែ វា មាន ទម្ងន់ ត្រឹម តែ ៧៦ តោន ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា គ្រោង ឆ្អឹង មួយ ផ្នែក នៃ ត្រីបាឡែន Perucetus ត្រូវ បាន រក ឃើញ កាល ពី ជាង មួយ ទសវត្សរ៍ មុន ដោយ លោក Mario Urbina មក ពី សារមន្ទីរ ប្រវត្តិ សាស្ត្រ ធម្មជាតិ នៃ សាកល វិទ្យា ល័យ San Marcos ក្នុង ទីក្រុង Lima នៃ ប្រទេស ប៉េរូ ។ ក្រុម អ្នក ស្រាវ ជ្រាវ អន្តរជាតិ បាន ចំណាយ ពេល ជា ច្រើន ឆ្នាំ ក្នុង ការ ជីក យក គ្រោង ឆ្អឹង ទាំង នោះ ចេញ ពី ផ្នែក ម្ខាង នៃ ជម្រាល ថ្ម ដ៏ ចោត ក្នុង វាល ខ្សាច់ Ica ដែល ជា តំបន់ មួយ របស់ ប៉េរូ ធ្លាប់ ស្ថិត នៅ ក្រោម ទឹក សមុទ្រ នៅ សម័យ បុរាណ ។
អ្នក វិទ្យាសាស្រ្តក៏ បាន សន្និដ្ឋាន ផង ដែរ ថា ត្រីបាឡែន Perucetus អាច ហែល បាន យឺត ៗ និង ប្រហែល ជា ភាវៈ មាន ជីវិត ស្លូត មិន បង្ក គ្រោះ ថ្នាក់ ៕
ប្រែសម្រួល: ហួន ឌីណា