ភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ត្រូវបានបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ

(ខេត្តកណ្តាល)៖ ក្បាលដីចំនួន ១ភូមិ គឺភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលមានក្បាលដីសរុប ១,៣៨២ក្បាលដី ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដែលមានទីតាំង នៅវត្តពោធិ៍អណ្តែត ។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអំពាវនាវដល់បងប្អូនដែលមានដីក្នុងភូមិខាងលើសូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីឱ្យបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីនៅតំបន់នេះមកពិនិត្យទិន្នន័យក្បាលដីឱ្យបានគ្រប់ៗគ្នា ។

លោកបន្តថា៖ ការបិទផ្សាយ ជាសាធារណៈ នូវ ឯកសារ នៃ ការវិនិច្ឆ័យមានលក្ខណៈ ជាប្រព័ន្ធនាពេលនេះគឺមានរយៈពេល ១៥ ថ្ងៃ គិតចាប់ពី ថ្ងៃទី ៤ ខែសីហា ដល់ ថ្ងៃទី ១៨ខែសីហា ឆ្នាំ២០២៣ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ ។

លោកបានបន្ថែមថា៖ ក្នុងពេល ១៥ថ្ងៃនេះ ជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ ដី និង អង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដី របស់បងប្អូនពិតជាត្រឹមត្រូវដែររឺទេប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំ ដី និងប្រភេទទ្រព្យ ជាដើមនោះ ម្ចាស់ដី ត្រូវធ្វើការស្នើសុំ កែតម្រូវក្នុងកំឡុងពេល ១៥ថ្ងៃនេះ ក្រោយពីការបិទផ្សាយនេះចប់ ជាស្ថាពរ អ្នកកាន់កាប់ដី និង អង្គភាពពាក់ព័ន្ធទាំងអស់មិនអាចតវ៉ាបានទៀតឡើយ ។ អាស្រ័យហេតុនេះ ក្រោយពេល ១៥ថ្ងៃ នៃការបិទផ្សាយត្រូវបានបញ្ចប់ក្រុមការងារ ដែលប្រចាំការ នៅទីនោះ សូមធ្វើការសហការជាមួយ អាជ្ញាធរដែនដី ជាពិសេស លោក មេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាងបានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការឱ្យបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីឱ្យការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner