ក្លិបអ្នកកាសែត រៀបចំការប្រកួតប្រជែងរូបថតពីសម្រស់សហគមន៍យើង សម្រាប់អ្នកសារព័ត៌មានកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសហការជាមួយ CP ALL (Cambodia) Co., Ltd. នឹងរៀបចំការប្រកួតប្រជែងរូបថតក្រោមប្រធានបទ«ផ្សព្វផ្សាយសម្រស់សហគមន៍យើង»ឬជាភាសាអង់គ្លេស «Promote the Beauty of Our Community» សម្រាប់អ្នកសារព័ត៌មានកម្ពុជា ដើម្បីលើកកម្ពស់បរិស្ថានល្អៗរបស់សហគមន៍កម្ពុជា។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានឱ្យដឹងនៅថ្ងៃទី៧ ខែសីហាថា គោលបំណងនៃការបង្កើតការប្រកួតប្រជែងរូបថតនេះឡើង ដើម្បីបំផុសចលនាប្រកួតប្រជែងស្នាដៃរូបថតល្អៗ និងលើកទឹកចិត្តអ្នកសារព័ត៌មាន រួមទាំងផ្តល់ឱកាសដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកថតរូបឯករាជ្យ ដែលធ្វើកិច្ចការពាក់ព័ន្ធជាមួយសារព័ត៌មានបានផ្សព្វផ្សាយពីសម្រស់ និងបរិស្ថានល្អៗរបស់សហគមន៍របស់កម្ពុជា។

លោកបានបន្តថា៖«ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមស្រឡាញ់ធនធានធម្មជាតិរបស់កម្ពុជាច្រើន ហើយពួកគាត់ចូលចិត្តដើរកម្សាន្តទៅតំបន់សហគមន៍ធម្មជាតិស្រស់ តែការប្រមូលផ្តុំរូបថតល្អៗទាំងនោះ មិនទាន់ត្រូវបានរៀបចំជាកញ្ចប់ ដើម្បីងាយស្រួលផ្សព្វផ្សាយឱ្យបានទូលាយដល់សារធារណជន ពិសេសសហគមន៍អន្តរជាតិនៅឡើយទេ ហេតុនេះ ទើបខាងយើងរៀបចំការប្រកូតប្រជែងនេះឡើង ដើម្បីលើកកម្ពស់សហគមន៍អេកូទេសចរណ៍ទាំងនោះ»។

ទន្ទឹមគ្នានេះ ប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានបង្ហាញក្តីសង្ឃឹមដែរថា តាមរយៈកម្មវិធីនេះ មិនត្រឹមតែជួយលើកកម្ពស់សហគមន៍អេកូទេសចរណ៍ប៉ុណ្ណោះទេ វាក៏នឹងក្លាយជាផ្នែកសំខាន់ជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ពិសេសជួយជំរុញ និងអភិវឌ្ឍន៍ពីវិស័យទេសចរណ៍ទាំងធម្មជាតិ វប្បធម៌ សេវាកម្ម ព្រមទាំងផ្សព្វផ្សាយពីភោគផលសម្បត្ថិធនធានធម្មជាតិរបស់កម្ពុជាទៅកាន់បរទេសថែមទៀត។

យោងតាមសេចក្តីប្រកាសរបស់ក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់បន្ថែមថា ការប្រកួតប្រជែងរូបថតស្តីពី «សហគមន៍យើង» គឺអាចចាត់ទុកថា ជាការប្រកួតប្រជែងលើកដំបូង ហើយក៏ជាឱកាសសម្រាប់អ្នកសារព័ត៌មាន និងអ្នកថតរូបឯករាជ្យ ដែលធ្វើកិច្ចការពាក់ព័ន្ធជាមួយសារព័ត៌មានក្នុងការបង្ហាញស្នាដៃថតរូបដ៏ល្អឯក ដើម្បីដណ្តើមពានរង្វាន់។

សម្រាប់លក្ខខណ្ឌនៃការចូលរួមវិញ ក្លិបអ្នកកាសែតកម្ពុជាបានលើកឡើងថា រូបថតគឺជាស្នាដៃផ្ទាល់របស់អ្នកចូលរួមប្រកួត, ជារូបថតដែលមិនមានការរៀបចំដើម្បីថត ឬក៏កែច្នៃបន្ថែម (Edit), ជារូបថតដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬបង្ហាញពីបរិស្ថាន ស្អាត និងការអភិវឌ្ឍ។

ប្រភពដដែលបន្តថា ជារូបថតដែលបានបង្ហាញនូវភាពទាក់ទាញ និងមានអត្ថន័យទាក់ទងនឹងប្រធានបទ,ជារូបថតដែលត្រូវបានចុះផ្សាយក្នុងអង្គភាពរបស់ខ្លួន ឬអង្គភាពសារព័ត៌មានណាមួយចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ បេក្ខជនដែលមានចំណាប់អារម្មណ៍ គឺត្រូវផ្ញើរូបថត ដែលត្រូវចូលរួមប្រកួតជាសន្លឹក ឬជា ឯកសារ (Files) ចំនួន៣សន្លឹកដោយភ្ជាប់សំណៅដើម ដែលបានបង្ហាញថា រូបថតនេះត្រូវបានចុះផ្សាយរួចហើយក្នុងអង្គភាពសារព័ត៌មានណាមួយមកកាន់ក្លិបអ្នកកាសែតកម្ពុជា ឱ្យបានមុន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣៕ ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner