រយៈពេលពីរថ្ងៃ ស៊ីម៉ាក់បានរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១ ០០០ គ្រាប់ក្នុងខេត្តក្រចេះ
ក្រចេះ៖ រយៈពេលពីរថ្ងៃ ក្រុមកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាឬស៊ីម៉ាក់(CMAC) បានរាវរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១ ០០០ គ្រាប់នៅវិទ្យាល័យមហាក្សត្រីកុសុមៈក្នុងខេត្តក្រចេះ។ទន្ទឹមនេះមន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នចំពោះតំបន់ដែលរាវរកឃើញនេះ។
យោងតាមមន្ទីរព័ត៌មានខេត្តក្រចេះកាលពីថ្ងៃទី១២ ខែសីហាបានឱ្យដឹងថា ក្រុមកម្លាំងស៊ីម៉ាក់បានរាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងវិទ្យាល័យមហាក្សត្រីកុសុមៈ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១២ ខែសីហា រកបានគ្រាប់បួនប្រភេទ គឺប្រភេទ M៧៩ ប្រភេទ DK៧៥ ប្រភេទ M៤៨ ប្រភេទ B៤០ ដែលសរុបចំនួន ១,០៧៨គ្រាប់។
ប្រភពដដែលបន្តថា បន្ទាប់ពីរកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ទាំងនេះហើយ សិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈត្រូវបានមន្ទីរអប់រំខេត្តបានអនុញ្ញាតផ្អាកការសិក្សាជាបណ្ដោះអាសន្នមួយរយៈ។ជាមួយគ្នានេះក្រុមកម្លាំងស៊ីម៉ាក់ បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសប្រជាពលរដ្ឋក្នុងតំបន់មូលដ្ឋានដែលរាវរកឃើញគ្រាប់ទាំងនោះ។
ដោយឡែក ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងឱ្យដឹងនៅថ្ងៃទី១៣ ខែសីហាថា ការរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើទឹកដីរបស់កម្ពុជាបានបង្ហាញថាប្រទេសកម្ពុជាពិតជាបានរងគ្រោះដោយសារសង្គ្រាម ព្រោះការបន្សល់ទុកនូវគ្រាប់រំសេវជាច្រើននៅលើទឹកដីរបស់កម្ពុជា។ការរកឃើញនេះ វាក៏បង្ហាញផងដែរថា កងកម្លាំងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ គឺមានភាពចាំបាច់ និងមានសារៈសំខាន់ក្នុងការបន្តធ្វើការបោសសម្អាតគ្រាប់ទាំងឡាយនេះឱ្យអស់ពីទឹកដីកម្ពុជា ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល។
ក្នុងនាមជាអាជ្ញាធរមីន និងជាកងកម្លាំងប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់ នឹងបន្តធ្វើការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ទៀតសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ។
ឯកឧត្តម លី ធុជ មានប្រសាសន៍ថា៖ «ប្រសិនជាគ្រាប់ទាំងនោះមិនទាន់រកឃើញទេ នោះវាបង្កគ្រោះថ្នាក់ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋយើង ទោះបីជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមហ្នឹង ជាគ្រាប់ថ្មី ឬក៏ចាស់ក៏ដោយ ប៉ុន្តែវាអាចធ្វើឱ្យពលរដ្ឋយើងស្លាប់ ឬក៏ពិការភាពផងដែរ»។ ដូច្នេះហើយសំណល់ជាតិផ្ទុះពីសង្គ្រាមនេះ អាចចាត់ទុកថាវាជាឃាតករលាក់មុខ ដែលតម្រូវឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងនោះត្រូវមានការប្រុងប្រយ័ត្នជាបន្តទៅទៀត ដើម្បីកុំឱ្យមានគ្រោះថ្នាក់ ស្របពេលដែលអាជ្ញាធរកំពុងធ្វើការបោសសម្អាតគ្រាប់ទាំងនោះ៕ដោយ៖ជា សុខនី