ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖វិនិយោគិនក្នុងស្រុកគួរងាកមកវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម និងកសិកម្មឱ្យបានច្រើន
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថាស៊ីឌីស៊ី( CDC) បានជំរុញឱ្យវិនិយោគិនក្នុងស្រុកងាកទៅវិនិយោគ វិស័យកសិ-ឧស្សាហកម្ម និងកសិកម្ម ដែលជាវិស័យមានសក្តាពុលខ្លាំងនាពេលបច្ចុប្បន្ន។
នៅក្នុងវេទិកាពិភាក្សាស្ដីអំពីធុរកិច្ចឆ្នាំ២០២៣ កាលពីថ្ងៃទី១១ ខែសីហាចុងសប្ដាហ៍កន្លងទៅ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា នៅក្នុងបញ្ហាប្រឈម តែមានកាលានុវត្តភាព។កាលានុវត្តភាពដែលសំខាន់នោះគឺ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយវិស័យទាំងពីរនេះ មានសក្តានុពលខ្លាំងណាស់ ខណៈដែលកម្ពុជា នៅមានផ្ទៃដីធំទូលាយ ដោយត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីធានាថាការផលិតផ្គត់ផ្គង់សម្រាប់តម្រូវការក្នុងស្រុកផង និងសម្រាប់នាំចេញផង។
លោកបានលើកឡើងថា កំណើននៃប្រជាជននៅលើពិភពលោក មានការកើនឡើង ខណៈដែលឥណ្ឌាបច្ចុប្បន្ន មានកំណើនប្រជាជនលើសចិន រហូតបានធ្វើឱ្យមានការផ្អាកការនាំចេញអង្ករ ដែលនេះជាកាលានុវត្តសម្រាប់កម្ពុជា ក្នុងការនាំចេញទៅអាមេរិក និងប្រទេសផ្សេងទៀត ដោយវិស័យឯកជនត្រូវពង្រឹងលើការកែច្នៃក្នុងស្រុក។
លោក ជា វុទ្ធី បានបញ្ជាក់ថា ៖ «ខ្ញុំមានជំនឿជឿជាក់ថា នៅក្នុងវិស័យកសិកម្មនេះ គឺជាវិស័យមួយដែលមានសក្តានុពលណាស់សម្រាប់កម្ពុជាយើង ហើយអ្វីដែលសំខាន់បំផុតគឺធ្វើយ៉ាងណាបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល»។
លោកបានបញ្ជាក់ទៀតថា ៖ «ជាការពិតណាស់ច្បាប់វិនិយោគថ្មី ដែលត្រូវបានប្រកាសឱ្យប្រើកាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការអនុវត្តច្បាប់វិនិយោគ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ប្រៀបបីដូចជាកង់មុខពីរនិងកង់ក្រោយពីរ ដើម្បីធ្វើឱ្យឡានដំណើរការទៅមុខ»។
លោកបន្តថា វិបត្តិនៅតែមាន តែគួរប្រើវិបត្តិឱ្យទៅជាកាលានុវត្តភាព និងដំណោះស្រាយ ដោយក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នា ជាមួយវិស័យឯកជន ដោយវិស័យឯកជនត្រូវហ៊ានលើកឡើងនូវបញ្ហា ដែលខ្លួនបានជួបប្រទះ ដើម្បីលើកទៅរដ្ឋាភិបាល ដោយមានការសម្របសម្រួលពីស៊ីឌីស៊ី ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងអស់នោះ ដោយធ្វើយ៉ាងណាឱ្យបរិយាកាសវិនិយោគទាំងនោះកាន់តែមានភាពអំណោយផល។
ច្បាប់វិនិយោគថ្មី បានផ្តល់នូវការលើកទឹកចិត្តប្រសើរជាងច្បាប់វិនិយោគចាស់ច្រើនណាស់ ជាពិសេសពាក់ព័ន្ធនឹងការទិញចូលនូវធាតុចូលផលិតកម្ម ដើម្បីយកទៅផលិត។
ចំណែក លោក ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជាវិនិយោគិនក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅកម្ពុជា បានលើកឡើងនូវយោបល់បន្ថែមថា អ្នកវិនិយោគក្នុងស្រុក គួរតែគិតគូរវិនិយោគទៅលើអ្វី ដែលជាតម្រូវការទីផ្សារ ជាពិសេសផលិតកម្មកែច្នៃ និងការប្រមូលទិញ។
លោក ហ៊ុន ឡាក់ បានបន្ថែមថា វិស័យឯកជនគួរតែមានការពិភាក្សាគ្នា ហើយលើកជាសំណើតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬក្រសួងពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាផ្តល់ការគាំទ្រដល់វិស័យឯកជន ដែលមានបំណងចង់វិនិយោគលើការប្រមូលទិញស្តុកទុកសម្រាប់ផលិត និងកែច្នៃជាបន្តបន្ទាប់ក្រោយពេលរដូវប្រមូលផល។
លោកបានរំលេចថា ៖ «កម្ពុជាយើងនាំចេញតែផលិតផលវត្ថុធាតុដើម ដោយបានធ្វើឱ្យយើងបាត់នូវផលចំណេញជាច្រើន ក្នុងពេលប្រទេសជិតខាងគាត់ស្រូបយកផលិតផលទាំងនេះទៅកែច្នៃ ហើយដាក់ផ្លាកថាជាផលិតផលរបស់គេ។ ដូច្នេះការវិនិយោគលើការកែច្នៃនិងប្រមូលទិញមានសារៈសំខាន់ណាស់»។
ទោះជាបែបនេះក្តី លោក ហ៊ុន ឡាក់ បានបង្ហាញពីជំនឿថា នាពេលខាងមុខនេះ នៅតែមានសញ្ញាជាវិជ្ជមានចំពោះការនាំចេញក្នុងវិស័យកសិកម្ម ប៉ុន្តែត្រូវមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ជាពិសេសការនាំចេញទៅចិន ដោយប្រទេសនេះកំពុងមានបញ្ហាទំនិញចុះថោក លើប្រភេទគ្រឿងឧបភោគបរិភោគ ដោយសារការកាត់បន្ថយចំណាយរបស់ប្រជាជនចិន៕
ដោយ៖វណ្ណ សុជាតា