ផែនសហគ្រិនវ័យក្មេងជាង ៣០០នាក់ បង្ហាញការគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មីអាណត្តិទី៧
ភ្នំពេញ៖ ឯកឧត្តម ដួង អក្ខរា ប្រធានសាខាកិត្តិយស នៃផែនសហគ្រិនវ័យក្មេង ក្នុងនាមផែនសហគ្រិនវ័យក្មេង បានបង្ហាញពីការគាំទ្រពេញទំហឹង ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសកម្ពុជាអាណត្តិទី៧ ដោយសារតែមើលឃើញយ៉ាងច្បាស់ពីសមត្ថភាពដឹកនាំ មានចំណេះដឹងខ្ពស់ មានភាពក្លាហាន មានការទទួលស្គាល់ពីសហគមជាតិ អន្តរជាតិ និងជាបុត្រាឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ដែលបាននាំមកនូវសុខសន្តិភាព និង ការអភិវឌ្ឍន៍ជាតិ មាតុភូមិដូចសព្វថ្ងៃនេះ។
ក្នុងពិធីជួបសំណេះសំណាលជាមួយម្ចាស់អាជីវកម្ម និងប្រគល់លិខិតតែងតាំងថ្នាក់ដឹកនាំផែនសហគ្រិនវ័យក្មេងរបស់សាខាកិត្តិយស នៃយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហានេះ ឯកឧត្តម ដួង អក្ខរា បានចាត់ទុកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាគ្រាប់ពេជ្រមួយគ្រាប់មានតម្លៃមិនអាចកាត់ថ្លៃបាន ពោរពេញដោយសមត្ថភាព, អាចបន្តនឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍រីកចម្រើនខ្លាំងឡើងថែមទៀតនាពេលខាងមុខ។ នៅក្នុងរជ្ជកាលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផែនសហគ្រិនវ័យក្មេង ប្តេជ្ញាចូលរួមដាច់ខាត ថែរក្សា ការពារសន្តិភាពដែលយើងមាន បន្តចូលរួមបំរើយ៉ាងសកម្ម ក្នុងសកម្មភាពរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីផលប្រយោជន៍រួមរបស់សហគ្រិន និង ប្រជាពលរដ្ឋ។
នាឱកាសនោះ ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ឋ រដ្ឋលេខាធិការក្រសួងពត៌មាន បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោជាស្នូល និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនេះ នឹងសម្រេចបាននូវសមិទ្ឋផលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែខ្លាំងថែមទៀត ជាពិសេសជីវភាពរបស់ប្រជាជនកាន់តែរីកចម្រើន និងកាន់តែមានភាពជឿជាក់បំផុត។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ការចូលរួមចំណែករបស់បងប្អូន ថ្នាក់ដឹកនាំ សមាជិក សមាជិការ គឺ ជាសញ្ញាដ៏វិជ្ជមាន នៃការរួបរួមសាមគ្គីក្នុងសង្គមជាតិតែមួយ។ ឯកឧត្តមសូមឱ្យម្ចាស់អាជីវកម្ម និងបងប្អូនសមាជិក សមាជិការទាំងអស់រួមគ្នា ការពារសន្តិភាព សេរីភាព និងគាំទ្រចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសឱ្យមានអភិវឌ្ឍន៍រីកចម្រើនជឿនលឿន និងយូអង្វែង៕
អត្ថបទ៖ ឈឹម ទីណា