ស្នងការដ្ឋាននគររាជធានីដាក់ទោសលើអធិការរងនគរបាលខណ្ឌចំការមន ដែលប្រើហិង្សាដាក់លើប្រជាជន (Video Inside)

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់វិធានការដាក់ទោសលើអធិការរងខណ្ឌចំការមន ដែលបានប្រើហិង្សាវាយមកលើពលរដ្ឋ ក្នុងជម្លោះមួយនៅតាមដងផ្លូវ។

លោកវរសេនីយ៍ទោ ហួត គង់ ត្រូវបានកាមេរ៉ាអ្នកសារព័ត៌មាន បានថតនូវការប្រើកម្លាំងហិង្សាដាក់លើពលរដ្ឋម្នាក់ ដែលគេរាយការណ៍ថា បានបើករថយន្ដបុកខឿន នៅលើចិញ្ចើមថ្នល់មួយ ក្នុងហេតុការណ៍កើតឡើងវេលាយប់ថ្ងៃទី១៤សីហា។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានថ្លែងនៅថ្ងៃទី១៤ ខែសីហាថា ការដែល «អធិការរងខណ្ឌចំការមន បានវាយលើប្រជាពលរដ្ឋ ដែលបើករថយន្ដបុកខឿននោះ គឺជាការល្មើសវិន័យ និងល្មើសច្បាប់»។ លោកបានថ្លែងថា ស្នងការនគរបាលរាជធានី លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាដាច់ណាត់ទៅអធិការខណ្ឌចំការមន ត្រូវតែអនុវត្តតាមច្បាប់ចំពោះមន្ដ្រីដែលបង្កហិង្សាលើប្រជាពលរដ្ឋ» នេះ។

យោងតាមកាមេរ៉ាថត, អធិការរងនគរបាលរូបនោះ មានអាការៈស្រវឹង និងបានបើកបរម៉ូតូមួយ ដែលមានស្លាកនគរបាលថែមទៀត។ យោងតាមច្បាប់, ភាពបើកបរក្នុងអាការៈស្រវឹង គឺជាអំពើខុសច្បាប់។

ក្នុងហេតុការណ៍ទាស់ពាក្យសម្តីនោះ, អធិការរងនគរបាលខណ្ឌចំការ ត្រូវគេឃើញលើកដៃដាល់បុរសម្ចាស់រថយន្តនោះជាមុន និងក្រោយមកក៏មានការវាយប្រតាយប្រតប់គ្នា។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី បានបញ្ជាក់ថា អ្នកបើកបររថយន្ដ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកខឿនផ្លូវសាធារណៈ ត្រូវបានហៅមកធ្វើកិច្ចសន្យាអប់រំ និងផាកពិន័យតាមផ្លូវច្បាប់, ចំណែកលោកអធិការរងនគរបាលខណ្ឌចំការមន ដែលប្រើប្រាស់ហិង្សាលើប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត។ ការដាក់ទណ្ឌកម្មលើមន្ត្រីអនុវត្តច្បាប់យ៉ាងណានោះ នៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់លំអិតឡើយ។

ads banner