កម្ពុជានិងវៀតណាមធ្វើបច្ចុប្បន្នភាព SOP (Video Inside)
កម្ពុជា-វៀតណាម បានធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ពីនីតិវិធីប្រតិបត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ SOP និងការធ្វើមាតុភូមិនិវត្តន៍ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
ការធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀង SOP នេះបានធ្វើឡើងនៅថ្ងៃទី១៦ សីហា ឆ្នាំ២០២៣ ដោយមានការចួលរួមពីភាគីកម្ពុជា ដឹកនាំដោយរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ញ៉ឹក វណ្ណារ៉ា, នាយិកាអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ប្រចាំនៅកម្ពុជា លោកស្រី គ្រីសស្ទិន ផាកូ Kistin Parco និងក្រុមការងារនានាដែលជាប់ពាក់ព័ន្ធ។
លោក ញឹក វណ្ណារ៉ា បានថ្លែងថាកិច្ចព្រមព្រៀង SOP បានកើតឡើងតាំងពីឆ្នាំ២០០៩ និងរហូតមកដល់ពេលនេះ មានរយៈពេលជាង១៣ឆ្នាំកន្លងផុតទៅហើយ ដែលជាហេតុតម្រូវឱ្យភាគី នៃប្រទេសទាំងពីរត្រូវតែធ្វើបច្ចុប្បន្នភាពឡើងវិញ។
លោក ញ៉ឹក វណ្ណារ៉ា បានថ្លែងថា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស បានកើតឡើង និងកំពុងរីកសាយភាយគ្រប់ទីកន្លែង, គ្រប់រូបភាពដែលភាគច្រើន ជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះ បានធ្វើឱ្យប៉ះពាល់ទាំងថ្នាក់ជាតិ តំបន់ និងលើពិភពលោក។
លោករដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន បានអំពាវនាវដល់អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយគាំទ្រ និងមានកិច្ចសហការបន្តជាមួយក្រសួងសង្គមកិច្ច និងអតីតយុទ្ធជនកម្ពុជា ឱ្យបានច្រើនជាងនេះ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ជនរងគ្រោះអំពើជួញដូរមនុស្សនាពេលអនាគត៕