លោក បៃដិន រំពឹងថា នឹងជួបលោក ស៊ី នៅចុងឆ្នាំនេះ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រនេះបាននិយាយថា រូបលោករំពឹងថា នឹងជួបមេដឹកនាំចិន លោក ស៊ី ជីនពីង នៅចុងឆ្នាំនេះ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបជាមួយសមភាគីចិនលោក ស៊ី ជីនពីង ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ជាទីដែលពួកលោកបានយល់ព្រមគ្រប់គ្រងភាពតានតឹងខ្ពស់រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។

លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំរំពឹង និងសង្ឃឹមថា នឹងបន្តការសន្ទនារបស់ពួកយើងនៅឯកោះបាលី ក្នុងរដូវស្លឹកឈើជ្រុះនេះ នោះជាការរំពឹងទុករបស់ខ្ញុំ។ លោក បៃដិន កំពុងអញ្ជើញលោក ស៊ី មកបំពេញទស្សនកិច្ចនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកាខាងមុខ នៅពេលដែលសហរដ្ឋអាមេរិករៀបចំកិច្ចប្រជុំកំពូល នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ក្នុងនោះរួមមានប្រទេសចិនផងដែរ។

បើតាមការរំពឹងទុកនោះ លោក បៃដិន និងលោក ស៊ី អាចនឹងជួបប្រជុំគ្នានាខែក្រោយ ក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា នៅខាងក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចធំៗចំនួន ២០ ឬG20៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner