ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បង្ហាញការជឿជាក់ លើគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តថ្មី ចំពោះវិស័យអប់រំ

ភ្នំពេញ៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្ហាញការជឿជាក់ ១០០% លើគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តថ្មី ចំពោះវិស័យអប់រំ នៅកម្ពុជា ។

ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញការគាំទ្រនាយករដ្ឋមន្ត្រីថ្មី ដែលពោរពេញដោយសក្ដានុពល ចំណេះដឹងមកពីប្រទេសក្រៅ ដែលលោកយល់ពីវិស័យអប់រំខ្ពស់ ។ ការជឿជាក់ ១០០% លើគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តថ្មី ត្រូវបានអ្នកឧកញ៉ា បញ្ជាក់ថា ដើម្បីឲ្យមានការជោគជ័យ និងអភិវឌ្ឍន៍ទៅមុខបាន គ្មានអ្វីខ្លាំងជាងវិស័យអប់រំ និងសុខាភិបាលនោះទេ ឲ្យតែប្រទេសជាតិមានវិស័យអប់រំខ្លាំង ប្រជាជនមានចំណេះដឹង អាចក្លាយទៅជាបញ្ញាវន្តកសាងជាតិ និងអភិវឌ្ឍន៍ជាតិបាន។ នៅពេលដែលពួកគាត់មានចំណេះដឹង គឺមានន័យថា ពួកគាត់ចេះថែទាំសុខមាលភាពរបស់គាត់ និងគ្រួសាររបស់គាត់ អញ្ចឹងប្រទេសជាតិ មិនមែនជឿនលឿន តែសេដ្ឋកិច្ច និងសន្តិភាពទេ ហើយជឿនលឿនទាំងសុខាភិបាលផងដែរ ។

អ្នកឧកញ៉ា បានបន្តថា រាជរដ្ឋាភិបាលថ្មី និងមានការគាំទ្រខ្លាំងទៅលើវិស័យអប់រំ ដូចរាជរដ្ឋាភិបាលដើមដែរ ព្រោះថារាជរដ្ឋាភិបាលដើម បានគាំទ្រវិស័យអប់រំខ្លាំង បើមិនគាំទ្រទេ វិស័យអប់រំ ក៏មិនបានរីកចម្រើនមកដល់បច្ចុប្បន្ននេះដែរ។ ដូច្នេះទាំងរាជរដ្ឋាភិបាលដើម និងរាជរដ្ឋាភិបាលថ្មី បាននឹងខិតខំកសាងឲ្យវិស័យអប់រំខ្លាំង ដោយលើកស្ទួយធ្វើយ៉ាងម៉េចឱ្យកម្ពុជា មានសាលារៀនច្រើន មានគុណភាព ហើយបង្រៀនជាខេមរៈភាសាទៀត ។

ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ថ្លែងដូច្នេះ ក្នុងពិធីសម្ពោធជាផ្លូវការនូវសាខាថ្មី របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកជំនាញខាងវិស័យអប់រំ បានថ្លែងថា នេះគឺជាសមិទ្ធផលធំមួយទៀត ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្ទាប់ពីបើកដំណើរការដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង១២សាខាក្នុងរាជធានីភ្នំពេញ ។

សាខាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នេះមានទំហំដីរហូតដល់៣ហិកតា ស្ថិតនៅទីតាំងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមចំណែកយ៉ាងច្រើន ក្នុងវិស័យអប់រំ ប្រកបដោយសមិទ្ធផលដ៏អស្ចារ្យ និងផាសុខភាពក្នុងការសិក្សា។ បរិក្ខារទំនើបៗ ក្នុងទីតាំងនីមួយៗបានជំរុញឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សិក្សា និងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែលអភិវឌ្ឍន៍ និងបណ្តុះគំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេស ជុំវិញពិភពលោក ។

អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់ថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នេះ បានចងច្បាប់ប្រមាណជាង ១០ឆ្នាំមកហើយ ដោយធ្វើយ៉ាងណាឱ្យមានប្រព័ន្ធ Culture-System-Reputation (C.S.R) ដែលមានន័យថា វប្បធម៌-ប្រព័ន្ធ និងកេរ្តិ៍ឈ្មោះ ។ មិនថាសាលារៀននេះ ទៅដល់ណានោះទេ ក្នុង ២៥រាជធានី-ខេត្ត ព្រមទាំងថ្ងៃក្រោយ នឹងមាននៅស្រុកក្រៅទៀតនោះ ក៏នៅតែរក្សា វប្បធម៌-ប្រព័ន្ធ-កេរ្តិ៍ឈ្មោះ មួយនេះដដែល។

បច្ចុប្បន្ន មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានសិស្សជាង ២ម៉ឺននាក់ និងកំពុងបន្តចុះឈ្មោះនៅឆ្នាំនេះថែមទៀត និងមានបុគ្គលិកជិត ២៥០០នាក់ ដែលជាធនធានមនុស្ស មានចំណេះដឹងគ្រប់គ្រាន់ ដើម្បីពង្រឹងវិសាលភាពសាលារៀនឱ្យបានខ្លាំង ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner