ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល”

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ” (Clinic for MSMEs Digital Acceleration for New Growth in Digital Economy)” ចំនួន ១០២រូប មកពី រាជធានី ខេត្តចំនួន៨ ។ គម្រោងនេះឧបត្ថមថវិកាដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងគាំទ្រដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ថ្លែងក្នុងពិធីបិទនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ ដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានរអភិវឌ្ឍជំនាញនិងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋនិងវិស័យឯកជន ហើយសមាគមសហគ្រិនវ័យក្មេងកម្ពុជា គឺជាកន្លែងដែលប្រមូលធុរជនឆ្នេីម ដែលធ្វេីការយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកាន់តែរីកចម្រើនបន្ថែមទៀត។

ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឈឹមជឿជាក់ថា តាមរយៈការអនុវត្តគម្រោងនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យមនឹងបង្កើតតម្លៃបន្ថែមដែលនាំឱ្យផលិតផលនិងសេវាកម្ម របស់ពួកគេមានការរីកចម្រើន និងភាពប្រកួតប្រជែងកាន់តែប្រសើរឡើងទាំងក្នុងតំបន់និងពិភពលោក។ ឯកឧត្ដម បន្ត ឧបត្ថម្ភ គាំទ្រ ដល់ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ព្រមទាំងការជួយតម្លេីងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បំពេញតម្រូវការរបស់អាជីវកម្មផងដែរ។

សូមជម្រាបជូនថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឲ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មប្រកបដោយការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner