មហាវិថី សំរោង តភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ ផ្លូវក្រវាត់ក្រុងទី៣កាត់តាមបុរីភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ
(ភ្នំពេញ)៖ មហាវិថី សំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមានប្រវែងជាង ៥គីឡូម៉ែត្រ ទទឹង ៣០ម៉ែត្រ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ ពិសេសសម្រួលចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅតែម្តង។
ពិធីសម្ពោធនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ សីហានេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងអោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា មហាវិថី សំរោងនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមដ៏សំខាន់ នៅភាគខាងជើងរាជធានីភ្នំពេញ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ ផ្លូវក្រវាត់ក្រុងទី៣កាត់តាមបុរីភូមិសំរោង ដែលបានជួយសម្រួលដល់ចរាចរណ៍ មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។ មហាវិថីនេះ មានប្រវែង៥,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ មកកាន់ផ្លូវ ១៣០ត្រង់ផ្លូវ ទំនប់កប់ស្រូវដែលជាផ្លូវក្រវាត់ក្រុងទី៣នឹងជួយសម្រួលដល់ការធ្វើដំណើរ សម្រាប់ប្រជាជននៅតំបន់ព្រែកព្នៅទៅកាន់គ្រប់បណ្តាខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ពិសេសភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុផងដែរ។
គួរបញ្ជាក់ថា៖ មហាវិថី សំរោង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២៣
ប្រវែងសរុប ៥២០០ម៉ែត្រ ទទឹងផ្លូវ ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ ៣ស្រទាប់ កម្រាស់សរុប ៨,២តឹក ដែលមាន គន្លងឡានម៉ូតូ ៩ម៉ែត្រ សួនកណ្ដាល ២ម៉ែត្រ ផ្លូវថ្មើរជើង ៥ម៉ែត្រ ។ ប្រព័ន្ធលូ២ សម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង ២០៤១២ ម៉ែត្រមុខកាត់លូរំដោះទឹកភ្លៀងទំហំ១ម៉ែត្រ មុខកាត់លូរំដោះទឹកកខ្វក់ទំហំ១ម៉ែត្រ មាន បង្គោលភ្លើងប្រភេទសូឡា អមជុំវិញផ្លូវ ចំនួន ៣៧៧ដើម និងដាំដើមឈើសរុប អមសងខាងផ្លូវ និងនៅក្នុងសួនកណ្តាលផ្លូវ ចំនួន ១៣៦៤ដើម ៕
ដោយ ហេង សម្បត្តិ