បណ្តុំអង្គការសង្គមស៊ីវិលសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧
ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានបានសាទរគាំទ្រព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែសីហានេះ បានបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលសុទ្ធតែជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាព ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់បណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍បានបន្តថា ស្របពេលប្រជាពលរដ្ឋក៏កំពុងតាមដានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភាជាតិ នីតិកាលទី៧ នាព្រឹកថ្ងៃច័ន្ទទី២១ ខែសីហាឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន បានបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលសុទ្ធតែជាថ្នាក់ដឹកនាំវ័យក្មេង ពោរពេញដោយសមត្ថភាព ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងឳកាសនេះផងដែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ទ្រង់មានជំនឿយ៉ាងមុតមាំផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលបានទទួលការជឿទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយរបស់ខ្លួន ដោយបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាបាននូវភាពមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់ក្រមសីលធម៍សង្គម សម្រាប់ភាពសុខដុមនៃសង្គមជាតិខ្មែរទាំងមូល។
ប្រពពដដែលបានបញ្ជាក់ថា ជាការពិតណាស់ ខណៈនេះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់ប្រទេសភាគច្រើនលើសលប់ បានសម្ដែងការជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ដែលនឹងចាប់កំណើតជាផ្លូវការនាថ្ងៃទី ២២ ខែសីហាស្អែកនេះ នឹងបន្តដឹកនាំកម្ពុជាឱ្យកាន់តែរីកចម្រើន និងរក្សាបាននូវសុខសន្តិភាព ដែលកម្ពុជាកំពុងតែមានសព្វថ្ងៃតទៅមុខទៀតជាក់ជាមិនខាន៕
ដោយ៖ពលជ័យ