លិខិតមិត្តអ្នកអាន៖ «នាវាកម្ពុជាចេញដំណើរដោយភាពក្លៀវក្លាជាមួយនឹងកាពីទែនវ័យក្មេងពេញដោយសមត្ថភាព»
ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំដំបូងរបស់ខ្លួន ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គបានសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូនចំពោះសមាជិក សមាជិការដ្ឋសភាទាំងអស់ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈនិងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាសកលកាល ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ព្រះអង្គក៍បានសម្តែងជំនឿមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍនិងពង្រឹងប្រព័ន្ធការពារសង្គមដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដោយ ចីរភាពដើម្បីធានា អត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុម នៃសង្គមជាតិ។ ព្រះអង្គមានបន្ទូលបន្ថែមថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមាន ឯកភាពនិងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ ៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា។
ក្នុងពិធីដ៏មហោឡាឫកនេះ យើងក៏សង្កេតឃើញមានតំណាងអង្គទូតនៃប្រទេសជាមិត្តជាច្រើន បានមកចូលរួមធ្វើជាសាក្សីនៃទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា នៅក្នុងដំណើរប្រជាធិបតេយ្យ ប្រកបដោយសន្តិភាពនិងការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជាតិប្រកបដោយភាពរលូន ត្រជាក់ត្រជុំ ពុំធ្លាប់មានពីមុនមក។ សូម្បីតែសម័យសង្គមរាស្ត្រនិយមរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏កម្ពុជាស្គាល់សន្តិភាពឥតដាច់ត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០។
ផ្អែកលើមូលដ្ឋាននៃសុខសន្តិភាពដ៏រឹងមាំរយៈពេល២៥ឆ្នាំ នាវាកម្ពុជាបានចាប់ផ្តើមចេញដំណើរបន្តពីបង្គោលចរ (milestone) “តេជោសន្តិភាព” ប្រកបដោយភាពក្លៀវក្លា ជាមួយនឹងកាពីទែនថ្មីវ័យក្មេងពេញដោយសមត្ថភាពគឺ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ឆ្ពោះទៅរកបង្គោលចរ នៃភាពរុងរឿងនិងការអភិវឌ្ឍជឿនលឿនបន្ថែមទៀតសម្រាប់ប្រជាជាតិខ្មែរ។
ស្ថិរភាពនយោបាយដ៏កម្រមាននេះ មិនមែនកើតឡើងដោយឯកឯងនោះទេ ប្រសិនបើគ្មានការដឹកនាំ ការរៀបចំផែនការ និងយុទ្ធសាស្ត្រប្រកបដោយគតិបណ្ឌិតខ្ពស់របស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺ តេជោ ហ៊ុន សែន ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិសន្តិភាពនិងសុខទុក្ខប្រជាជនខ្ពស់លើសអ្វីៗទាំងអស់។
នាវាកម្ពុជាត្រូវប្រឈមនឹងការធ្វើព្យុះធ្វើភ្លៀងពីចលនាអមិត្តជាច្រើនដែលរារាំងនាវាកម្ពុជា មិនឱ្យធ្វើដំណើរទៅមុខ។ ពួកគេខិតខំបំបែកបំបាក់សាមគ្គីភាពជាតិ ខិតខំបង្កើតភាពល្អក់កករក្នុងរង្វង់ថ្នាក់ដឹកនាំ បញ្ចុះបញ្ចូលឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចជាតិខ្លួន និងខិតខំបំប៉ោងព័ត៌មានមួយចំនួនដើម្បីបំផ្លាញសេចក្តីទុកចិត្តរបស់ពលរដ្ឋចំពោះថ្នាក់ដឹកនាំកម្ពុជា។
វិទ្យុក្រុមប្រឆាំងដែលគាំទ្រដោយបរទេសគឺ វិទ្យុអាស៊ីសេរី បានចេញផ្សាយវីដេអូនៅថ្ងៃទី១៦ ខែសីហា ជាមួយនឹងចំណងជើងគួរឱ្យស្អប់ខ្ពើមថា “ហ៊ុន ម៉ាណែត នឹង «កម្ចាត់» ទៀ សីហា និង ស សុខា ពេលបានអំណាចពេញដៃ”។ វិទ្យុក្រុមប្រឆាំងមួយនេះ ចង់តែឃើញប្រទេសជាតិ បែកបាក់ប៉ុណ្ណោះ។ ចំណងជើងមួយទៀតគេសរសេរថា “ទណ្ឌកម្មនិងការថ្កោលទោសក្រោយការបោះឆ្នោត២០២៣”។ ឱ្យតែបរទេសថាម៉េចគឺ ល្អទាំងអស់។ គេមើលងាយមើលថោកខ្មែរយ៉ាងម៉េច ក៏ថាគេត្រូវទាំងអស់ ហើយពួកគេក៍បានភ្លេចអស់កំណើតឈាមជ័រជាខ្មែរ និងមោទនភាពជាខ្មែរ។ ពួកនេះពិតជាសប្បាយចិត្តណាស់នៅពេលដែលឃើញបរទេសរិះគន់ខ្មែរ ដាក់ទណ្ឌកម្មលើប្រជាជនខ្មែរខ្លួនឯង។ ពួកគេសរសេរថា «ការបោះឆ្នោតដិតដាមដោយការថ្កោលទោសស្ទើរជុំទិសពីសហគមន៍អន្តរជាតិ»។ ប៉ុន្តែនៅលើការជាក់ស្តែង យើងទាំងអស់គ្នា មិនថាខ្មែរនៅក្នុងប្រទេស ឬរស់នៅក្រៅប្រទេសឡើយ ពិតជាបានឃើញ តំណាងអង្គទូតនៃប្រទេសជាមិត្តជាច្រើនបានមកអង្គុយពេញកៅអី ភ្ញៀវកិត្តិយសនៅពេលដែល រដ្ឋសភាកម្ពុជា នីតិកាលទី៧ បានបើកសម័យប្រជុំដំបូងរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា។
ពួកគេតែងតែនិយាយថា កម្ពុជាគ្មានសិទ្ធិសេរីភាព ប្រជាជនត្រូវបានគេបំភិតបំភ័យ ប៉ុន្តែវិទ្យុរបស់ក្រុមប្រឆាំងមួយនេះមានសេរីភាពពេញលេញក្នុងការចាក់ផ្សាយសំឡេងប្រឆាំងផ្កាប់មុខរបស់ពួកគេនៅលើបណ្តាញសង្គមនៅកម្ពុជា ទោះបីជាវិទ្យុនេះជារបស់បរទេសក្តី។ ជាទូទៅ នៅប្រទេសប្រជាធិបតេយ្យជឿនលឿន វិទ្យុ ឬកាសែតបរទេសដែលទទួលប្រាក់ពីបរទេស និងបម្រើឱ្យរបៀបវារៈនយោបាយរបស់បរទេស គឺគេចាត់ទុកថាជា “ភ្នាក់ងារបរទេស”ហើយ។ ជាក់ស្តែងនៅអាមេរិក គេមានច្បាប់មួយដែលគេហៅថា ច្បាប់ស្តីពីការចុះឈ្មោះភ្នាក់ងារបរទេស (FARA) ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៣៨។ ច្បាប់នេះ តម្រូវឱ្យភ្នាក់ងារដែលមាននាយកបរទេសដែលចូលរួមក្នុងសកម្មភាពនយោបាយ ឬសកម្មភាពផ្សេងទៀតធ្វើការរាយការណ៍ជាសាធារណៈតាមកាលកំណត់អំពីទំនាក់ទំនងរបស់ពួកគេជាមួយនាយកបរទេសរបស់ខ្លួន ក៏ដូចជាសកម្មភាពនានា ព្រមទាំងការបង្ហាញការទទួលចំណូលនិងការចំណាយរបស់ខ្លួន ក្នុងការគាំទ្រសកម្មភាពទាំងនោះ។
ប្រទេសប្រជាធិបតេយ្យលើពិភពលោក គេប្រយ័ត្នខ្លាំងណាស់ចំពោះការលូកដៃពីបរទេសនៅក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន។ បើនិយាយពីលោកស្រី មួរ សុខហួរ វិញ គាត់ក៍បានសរសេរអត្ថបទតាមបែបស្រមើស្រមៃរវើរវាយនៅថ្ងៃទី១១ ខែសីហា ដើម្បីវាយប្រហារលើលើ «តេជោហ៊ុន សែន និង បណ្ឌិត ហ៊ុន ម៉ាណែត»។ គ្រាន់តែអានចំណងជើងនៃអត្ថបទ យើងក៍ហួសចិត្តបាត់ទៅហើយ។ ហួសចិត្តទីមួយ គឺការបន្តខិតខំពន្លិចនាវាកម្ពុជានៅលើឆាកអន្តរជាតិរបស់គាត់។ ហួសចិត្តទីពីរ គឺគាត់លែងមានមនុស្សឈ្លោះជាមួយ បែរជាមកឈ្លោះជាមួយយុវជនជំនាន់ក្រោយដែលមានអាយុប្រហែលនឹងកូនគាត់ទៅវិញ។ យ៉ាងណាក្តី ខ្មែរយើងមានវប្បធម៌ផូរផង់ និងថ្លៃថ្នូរដែលបង្រៀនឱ្យយុវជនគោរពចាស់ទុំដែលគួរឱ្យគោរព ហើយបើចាស់ទុំនោះមិនមែនជាមនុស្សគួរឱ្យគោរព យើងក៏មិនទៅតបតអ្វីនឹងគាត់ដែរ។
គ្រាន់តែឧទាហរណ៍ពីរបីខាងលើនេះ ក៍អាចបញ្ជាក់រួចទៅហើយថា ក្រុមប្រឆាំងបានដើរយឺតជាងដំណើរជាក់ស្តែងនៃនាវាកម្ពុជា។ នាវាកម្ពុជាបានចាប់ផ្តើមដូរមុខមាត់ថ្មីអស់ហើយ ប៉ុន្តែក្រុមប្រឆាំង និងវិទ្យុរបស់ក្រុមប្រឆាំងនៅតែជាមនុស្សដដែលៗដែលចង់ឱ្យតែប្រទេសជាតិ បែកបាក់ គ្មានស្ថិរភាព។ នៅក្នុងខ្លួនរបស់ជនអគតិមួយក្តាប់តូចនេះ ពុំមានឡើយនូវចិត្តបុណ្យ មេត្តា ករុណា គ្មានធម៌ គិតតែហែកហួរ ចងអាពាធព្យាបាទ និងបង្កគំនុំហិង្សាផ្លូវចិត្ត។ ពួកគេបានកាន់លិខិតឆ្លងដែនបរទេស ភ្លេចអស់ហើយកិត្តិយសជាខ្មែរ មកជាន់ពន្លិចតែជាតិសាសន៍ និងប្រជាជនឯង។
នាវាកម្ពុជាលើកនេះកាន់តែរឹងមាំណាស់។ យើងមាន «កាពីទែនថ្មី ខ្លាំង ក្លៀវក្លា» ហើយ «អតីតកាពីទែន ក៏នៅបន្តឈរពីក្រោយផ្តល់ដំបូន្មាន ក្នុងការកាច់ចង្កូតនាវាកម្ពុជាផងដែរ»។ នាវាកម្ពុជានឹងបន្តដំណើរដ៏រឹងមាំរបស់ខ្លួនពីបង្គោលចរ «តេជោសន្តិភាព» ឆ្ពោះទៅរកបង្គោលចរថ្មី និងរុងរឿងថែមទៀតនៃសុបិនកម្ពុជា ឆ្នាំ២០៥០។
ជយោព្រះរាជាណាចក្រកម្ពុជា!!
ដោយ៖សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យភ្នំពេញ