អាជ្ញាធររាជធានីភ្នំពេញ ប្រកាសឱ្យម្ចាស់អាជីវកម្មបញ្ចាំទាំងអស់ ទៅសុំច្បាប់បន្តសុពលភាពធ្វើអាជីវកម្ម
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសទុកពេលឱ្យម្ចាស់អាជីវកម្មបញ្ចាំរយៈពេល៣០ថ្ងៃដើម្បីទៅសុំច្បាប់បន្តសុពលភាពធ្វើអាជីវកម្មរបស់ខ្លួន បើមិនដូច្នេះទេអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់បិទទីតាំងអាជី វកម្មដែលផុតសុពលភាពទាំងនោះ។
តាមរយៈសេចក្តីជូនដំណឹងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០ ២៣ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយនិយ័តករ អាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យទីតាំងអាជីវកម្មបញ្ចាំ នៅក្នុងមូលដ្ឋានមួយចំនួន ឃើញថា ទីតាំងអាជីវកម្មបញ្ចាំភាគច្រើន មានលិខិតអនុញ្ញាតត្រឹមត្រូវពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមបានបន្តថា ប៉ុន្តែទីតាំងខ្លះលិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាពហើយទីតាំងខ្លះទៀត ពុំមានលិខិតអនុញ្ញាតទីតាំង អាជីវកម្មបញ្ចាំពីរដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរក្រុមការងារក៏បានពិនិត្យឃើញថា ទីតាំងអាជីវកម្មមួយចំនួន បានអនុវត្តខុសពីគោលការណ៍ និងលក្ខខណ្ឌផ្សេងៗរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបញ្ចាំរថយន្ត ម៉ូតូ និងសម្ភារៈមានតម្លៃផ្សេងៗ ដោយមិនមានលិខិតស្នាមច្បាស់លាស់។
ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងកាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ៖ «ម្ចាស់ទីតាំងអាជីវកម្មបញ្ចាំទាំងអស់ នៅរាជធានីភ្នំពេញ ដែលមានលិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព និងពុំមានលិខិតអនុញ្ញាតទីតាំងអាជីវកម្ម ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាត ទីតាំងអាជីវកម្មឱ្យបានរួសរាន់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។
ឯកឧត្តមបានបន្តថា ៖ «ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់បិទទីតាំងអាជីវកម្មដែលផុតសុពលភាព និងពុំមានលិខិតអនុញ្ញាតមិនឱ្យធ្វើអាជីវកម្ម»។
អភិបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា ម្ចាស់ទីតាំងអាជីវកម្មបញ្ចាំទាំងអស់ នៅរាជធានីភ្នំពេញ នឹងចូលរួមសហការ និងអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ៖ ជា សុខនី