Drone វាយប្រហារអាកាសយានដ្ឋានមួយ នៅរុស្សុី ក្បែរព្រំដែនប្រទេសអេស្ដូនី
មូស្គូ៖ អាកាសយានដា្ឋនមួយរបស់រុស្ស៉ី ស្ថិតនៅក្បែរតំបន់ ព្រំដែនជាមួយប្រទេសអេស្ដូនី ត្រូវបានវាយប្រហារដោយយន្ដហោះដ្រូន (Drone) ខណៈមានសេចក្ដីរាយការណ៍ថា យន្ដហោះមួយចំនួនរងការខូចខាត។
នៅថ្ងៃពុធ ទី៣០ ខែសីហា អភិបាលតំបន់ លោក មីកាអែល វេដឺនីកូ (Mikhail Vederniko) បានអះអាងថា លោកផ្ទាល់បានស្ថិតនៅកន្លែងកើតហេតុ ពោលគឺនៅឯអាកាសយានដ្ឋានស្កូវ (Pskov) ហើយលោកបានបង្ហោះវីដេអូ មួយលើបណ្ដាញ Telegram ពីភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ អមជាមួយសំឡេងផ្ទុះ និងស៊ីរ៉ែន។
លោកបន្ថែមទៀតថា យោធារុស្ស៉ីបានវាយទប់ទល់ នឹងការវាយប្រហារដោយយន្ដហោះដ្រូន នៅឯអាកាសយានដ្ឋានស្កូវ (Pskov) ហើយអាជ្ញាធរកំពុងវាយតម្លៃពីការខូចខាត តែមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ។
អាកាសយានដ្ឋានស្កូវ (Pskov) ស្ថិតនៅក្នុងទីក្រុង ស្កូវ (Pskov) មានចម្ងាយ៨០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន និងស្ថិតនៅក្បែរ ព្រំដែនជាមួយប្រទេសឡេតូនី និងអេស្ដូនី។ ភ្លាមៗ ខាងក្រសួងការពារជាតិរុស្ស៉ី មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ តែទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីផ្នែកសេវាសង្រ្គោះបន្ទាន់ បានឱ្យដឹងថាយន្ដហោះដឹកជញ្ជូនធុនធ្ងន់ ៤គ្រឿង Ilyushin Il-76 បានរងការខូចខាត។
ទីភ្នាក់ងារព័ត៌មាន TASS ក៏បានរាយការណ៍ផងដែរថា ដែនអាកាសនៅពីលើអាកាសយានដ្ឋាន វ៉ូនុ កូវ៉ូ (Vnukovo) ក្នុងទីក្រុងម៉ូស្គូ ត្រូវបានបិទដែរ។ តំបន់ ស្កូវ (Pskov) ពីមុន ជាគោលដៅដោយយន្តហោះគ្មានមនុស្សបើក កាលពីចុងខែឧសភា។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងមូស្គូ និងតំបន់ផ្សេងទៀតរបស់រុស្ស៊ី ត្រូវបានគេកំណត់គោលដៅវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន បន្ទាប់ពីអ៊ុយក្រែន បានប្តេជ្ញា នៅរដូវក្តៅនេះថា នឹង «ប្រគល់ជម្លោះ» ទៅប្រទេសរុស្ស៊ីវិញ ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត