រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ជំរុញឱ្យមន្ត្រីអប់រំចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដើម្បីបង្កើនគុណភាពធនធានមនុស្សដែលជាកម្លាំងកសាងជាតិ

បាត់ដំបង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យមន្ត្រីអប់រំថ្នាក់ក្រោមចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីបង្កើនគុណភាពធនធានមនុស្សដែលជាកម្លាំងកសាងជាតិតទៅអនាគត។
ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រអប់រំជូនគរុនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានអបអរសាទរដល់គរុនិស្សិតទាំងអស់ដែលបានបញ្ចប់បរិញ្ញាបត្រនៅវិទ្យាស្ថាននេះថា វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបងនេះ ជាវិទ្យាស្ថានមួយដែលលេចឡើងក្រោមជំនួយរបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈអង្គកា JICA ដែលធ្វើវិទ្យាស្ថាននេះមានសូចនាករស្នូលមួយក្នុងការបណ្ដុះបណ្ដាលនូវគុណវុឌ្ឍិរបស់គ្រូបង្រៀនថ្នាក់បរិញ្ញាបត្រអប់រំ និងធ្វើវិក្រិតការគ្រូបង្រៀនកម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ ចំពោះគរុនិស្សិតទាំងបរិញ្ញាបត្រ១២បូក៤ និង១២បូក២ ក្នុងការទទួលនូវអត្ថប្រយោជន៍ដ៏ពិសេសនេះ។

ឯកឧត្តមហង់ ជួនណារ៉ុន បានបន្តថា មុននឹងក្លាយជាគរុនិស្សិតក្នុងថ្ងៃនេះ គរុនិស្សិតទាំងអស់ត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ដូចជានៅការប្រឡង ការបណ្ដុះបណ្ដាល ក៏ដូចជាការប្រឡងចេញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបងជាធនធានដំបូងដែលមានភារកិច្ចចម្បង ក្នុងការបន្តនូវកំណែទម្រង់សាលារៀនឱ្យក្លាយជាសាលារៀនជំនាន់ថ្មីផងដែរ មិនថានៅក្នុងខេត្តបាត់ដំបង ឬនៅតាមបណ្ដាលខេត្តផ្សេងៗដែលខ្លួនបានចាប់ប៉ុស្តិ៍។

ឧបនាយករដ្ឋមន្ត្រីបន្តទៀតថា ការកំណែទម្រង់សាលារៀនជំនាន់ថ្មី មិនមានតែនៅក្នុងរាជធានីភ្នំពេញនោះទេ នៅតាមខេត្តមួយចំនួនប្រមាណជាង១០០សាលា ក៏មានការប្រើប្រាស់កម្មវិធីកំណែទម្រង់នេះដែរ ក្នុងនោះខេត្តបាត់ដំបងក៏មានផងដែរ ដែលមានដូចជាវិទ្យាល័យនេតយ៉ង់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហង់ ជួនណារ៉ុន បានបន្ថែមថា គោលនយោបាយកំណែទម្រង់នេះនឹងត្រូវបន្តកំណែទម្រង់សាលាមួយចំនួននៅកម្ពុជាទៅជាសាលារៀនជំនាន់ថ្មី ដើម្បីប្រែក្លាយឲ្យគ្រឹះស្ថានសិក្សាទាំងនោះឱ្យមានគុណភាពក្នុងការផ្ដល់ពុទ្ធិ និងចំណេះដឹងល្អដល់សិស្សានុសិស្សប្រកបដោយគុណវុឌ្ឍិ ក្នុងនោះសាលារៀននឹងក្លាយជាគ្រឹះស្ថានល្អមួយដែលមានគ្រូល្អម្នាក់ ដែលបង្រៀនតែមួយមុខវិជ្ជា និងមានអគារសិក្សាដោយខ្លួនឯង ដែលអាចឲ្យសិស្សអាចស្វ័យសិក្សាដោយខ្លួនឯង វិភាគព្រឹត្តិការណ៍ផ្សេងៗ និងចែករំលែកបទពិសោធន៍ដែលខ្លួនមានទៅកាន់សិស្សដទៃទៀត ជាពិសេសគោលនយោបាយនេះនឹងមានការអនុវត្តនូវការសិក្សាបានពេញមួយថ្ងៃ ដែលរួមបញ្ចូលនូវការសិក្សាភាសាបរទេសផ្សេងៗមួយចំនួន ដូចជាភាសាអង់គ្លេស ចិន បារាំង និងជប៉ុនជាដើម ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner