ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ផ្លែផ្កានៃសន្តិភាពក្រោមការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ បានផ្តល់ឱកាស និងលទ្ធភាព ឱ្យប្រជាពលរដ្ឋទទួលបានផ្ទះសមរម្យ, ទីក្រុង ទីប្រជុំជនមានបរិស្ថានល្អ និងមាននិរន្តរភាពប្រាក់ចំណូល

ភ្នំពេញ៖«ផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ដល់ប្រជាជនយើង តាមរយៈផ្តល់ឱកាសនិងលទ្ធភាពឱ្យប្រជាពលរដ្ឋយើង ទទួលបានផ្ទះសមរម្យ ទីក្រុង ទីប្រជុំជន មានបរិស្ថានរស់នៅ ល្អអាចរស់នៅបាន,មាននិរន្តភាពនៃប្រាក់ចំណូល»។ នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយ ឯកឧត្តម យូអ៊ីណូ អាត់ស៊ូស៊ី (UENO ATSUSHI ) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នាទីស្តីការក្រសួង។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការចរចាសន្តិភាពនៅកម្ពុជា ដែលអាចធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ បានចុះហត្ថលេខា និងឈានដល់ការបោះឆ្នោតឆ្នាំ១៩៩៣ ហើយបានធ្វើឱ្យកម្ពុជារីកចម្រើនមកដល់ពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តនិរន្តរភាពនៃគោលនយោបាយអាណត្តិទី៦ ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តនិរន្តរភាព គោលនយោបាយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីធ្វើឱ្យមានប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់វិស័យដីធ្លី ជាប្រយោជន៍ដល់ការអភិវឌ្ឍជាតិ។ ឯកឧត្តមក៏បានស្នើសុំឱ្យភាគីជប៉ុនពិនិត្យលទ្ធភាព ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗទៀតនាពេលអនាគត រួមទាំងពិនិត្យលទ្ធភាពឱ្យអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

ជាមួយគ្នានេះ ភាគីជប៉ុនក៏បានបញ្ជាក់ពីគោលជំហរបន្តគាំទ្រលើគម្រោងដែលមានពីមុន និងត្រៀមពិនិត្យលើគម្រោងកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ព្រមទាំងបន្តជំរុញឱ្យអ្នកវិនិយោគទុន និងអ្នកទេចរជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner