សម្ដេចភក្តីប្រមុខរដ្ឋស្តីទី៖ ដំណើរទស្សនកិច្ចរបស់ប្រធានសភា កូរ៉េបានឆ្លុះបញ្ចាំងពីការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ

ភ្នំពេញ ៖ ដំណើរទស្សនកិច្ចរបស់ប្រធានសភានៃសាធារណរដ្ឋកូរ៉េ ពិតជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនដែលមានផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និង ប្រទេសទាំងពីរ កម្ពុជា កូរ៉េ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ។

នេះជាប្រសាសន៍របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋ កូរ៉េ ដែលអញ្ជើញមកបំពេញទស្សនកិច្ច ជាផ្លូវការ និង ជាមិត្តភាព នៅ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន ព្រឹទ្ធសភា ។

ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាម ខ្លួនសម្តេចផ្ទាល់ សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តី សោមនស្ស រីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម គីម ជីនផ្យូ ប្រធាន រដ្ឋសភាកូរ៉េ ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច ជាផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចភក្តីបានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការ របស់ ឯកឧត្តម គីម ជីនផ្យូ នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីការយកចិត្ត ទុកដាក់ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេស និងប្រជាជនទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅ មក សម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេល អនាគត។

ក្នុងឱកាសនោះ ឯកឧត្តម គីម ជីនផ្យូ បានថ្លែងអំណរគុណសម្តេច ប្រមុខរដ្ឋស្តីទី ដែលបានទទួលជួបគណៈប្រតិភូនៅពេលនេះ។ ឯកឧត្តម បានសម្តែងនូវការអបអរសារទរចំពោះការបង្កើតរាជ រដ្ឋាភិបាល ថ្មីរបស់កម្ពុជា កាលពីថ្ងៃទី២២ ខែសីហា កន្លងទៅនេះ។
ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានលើកឡើងអំពីទស្សនកិច្ចរបស់ ឯកឧត្តមនៅកម្ពុជាក្នុងឆ្នាំ២០០០ ក្នុងនាមជាអនុរដ្ឋមន្រ្តីក្រសួង ហិរញ្ញវត្ថុ បានធ្វើការជាមួយសម្តេចតេជោ លើការចុះហត្ថលេខាលើ គម្រោង ODA។ ២៣ឆ្នាំក្រោយ ឯកឧត្តមបានធ្វើទស្សនកិច្ចនៅ កម្ពុជាសាជាថ្មី ក្នុងនាមជាប្រធានរដ្ឋសភាកូរ៉េ។

ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ យ៉ាងឆាប់រហ័សរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និង សង្គម។ ឯកឧត្តមមានជំនឿជឿជាក់ថា កម្ពុជានឹងសម្រេចបាន ការរីកចម្រើនសេដ្ឋកិច្ចកាន់តែរឹងមាំ និងជោគជ័យគ្រប់ផ្នែកថែមទៀត ដូចដែលបាន សម្រេចកាលពីពេលកន្លងមកក្រោមការដឹកនាំ របស់ សម្តេចតេជោ ជាមួយនឹងការគាំទ្រពីអង្គការនីតិប្បញ្ញត្តិ នៃ ប្រទេស ទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តមជឿជាក់ថា ថ្នាក់ដឹកនាំវ័យក្មេងរបស់ កម្ពុជា នាពេលបច្ចុប្បន្ន នឹងនាំកម្ពុជាធ្វើឲ្យសម្រេចនូវគោលដៅប្រែក្លាយ កម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០។

ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់អំពីបំណងរបស់រដ្ឋាភិបាល និងសភាកូរ៉េ ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ ល្អជាមួយ កម្ពុជាកាន់តែរឹងមាំ ដោយចាត់ទុកកម្ពុជាជាដៃគូ សំខាន់ ក្នុងក្របខ័ណ្ឌអាស៊ាន-កូរ៉េ និងជាប្រទេសដៃគូ ODA ដ៏សំខាន់។ ដើម្បី សម្រេចគោលដៅទាំងនេះ ប្រទេសទាំងពីរត្រូវតែលើក កម្ពស់ ទំនាក់ ទំនង និងកិច្ចប្រតិបតិ្តការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការ ផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េបានថ្លែងអំណរគុណ កម្ពុជាដែលបានគាំទ្រសាធារណរដ្ឋកូរ៉េ ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ ពិភពលោកនៅឆ្នាំ២០៣០ ខាងមុខ នៅទីក្រុង Busan។ ប្រទេសកម្ពុជាជាប្រទេសទី១ក្នុងតំបន់អាស៊ាន ដែលបានផ្តល់ ការគាំទ្រ ដល់ សាធារណរដ្ឋកូរ៉េ ហើយការបោះឆ្នោតសម្រេចនៃ ការធ្វើជាម្ចាស់ ផ្ទះពិព័រណ៍ពិភពលោក នឹងប្រព្រឹតិ្តទៅនៅសប្តាហ៍ទីមួយ ខែវិច្ឆិកា ឆ្នាំនេះ។

ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េបានបញ្ជាក់ថា នាពេលថ្មីៗនេះ ការ វាយតម្លៃ លើគម្រោងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េទើបបាន បញ្ចប់ ហើយការសាងសង់នឹងចាប់ផ្តើមនាពេល ឆាប់ៗខាងមុខ។ ឯកឧត្តមសង្ឃឹមថា ស្ពាននេះនឹងជួយរួម ចំណែកដល់ការអភិវឌ្ឍ របស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ។ ប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញ ក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីក លើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការ ដ៏ រឹងមាំរវាងប្រទេស ទាំងពីរនឹង រួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គផងដែរ។

ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការពេញចិត្តដោយមើលឃើញទំនាក់ទំនង រវាង ប្រទេស ទាំងពីរបន្តរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើននេះ ស្តែងឡើង តាមរយៈការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការគាំទ្រគ្នា ទៅវិញ ទៅមកលើកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅរួមចំណែក កសាង សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។
ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរ គុណ រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបាន ផ្តល់ជំនួយអភិវឌ្ឍផ្លូវការ ហិរញ្ញប្បទានឥតសំណង ហិរញ្ញប្បទានសម្បទាន ចាប់តាំង ពីឆ្នាំ ១៩៩៧។ ជាការកត់សម្គាល់ក្រោមគោលនយោបាយភាគខាងត្បូងថ្មីបូក (New Southern Policy Plus) កម្ពុជាជាប្រទេសអាទិភាពសម្រាប់ ផ្តល់ ជំនួយអភិវឌ្ឍន៍ផ្លូវការ។ នៅឆ្នាំ២០២២ កម្ពុជាជាប្រទេសទទួលបាន ជំនួយច្រើនជាងគេក្នុងចំណោមប្រទេសដៃគូអភិវឌ្ឍន៍របស់កូរ៉េក្នុងទឹកប្រាក់ចំនួន ១៥០ លានដុល្លារអាមេរិក។
សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា លំហូវិនិយោគដោយផ្ទាល់ ពីសាធារណរដ្ឋកូរ៉េ និងទេសចរណ៍កូរ៉េ បានដើរតួនាទីដ៏សំខាន់ក្នុង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រក្រី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ។ ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេល អនាគត គឺមិនអាចកាត់ផ្តាច់បានពីគាំទ្ររបស់ សាធារណរដ្ឋកូរ៉េបាន ឡើយ។ ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកូរ៉េគ្រោងនឹងផ្តល់ជំនួយឥត សំណងប្រមាណ ២៣,២២ លានដុល្លារអាមេរិក សម្រាប់ការអនុវត្ត គម្រោងផ្សេងៗ ក្រោមក្របខ័ណ្ឌ KOICA ក្នុងវិស័យសុខាភិបាល អប់រំ វប្បធម៌ អភិវឌ្ឍជនបទ កសិកម្ម ការបោសសម្អាតមីន និងបរិស្ថាន។ ជំនួយទាំងអស់នេះ ជាកាយវិការដ៏សប្បុរសរបស់រដ្ឋាភិបាលកូរ៉េ ដែលនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍលើវិស័យអាទិភាពជាច្រើន ពិសេសការបោសសម្អាតមីន ដែលជាការគាំទ្រដល់ គោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។
សម្តេចប្រមុខរដ្ឋស្តីទី បានអរគុណរដ្ឋាភិបាលកូរ៉េ ដែលបានផ្តល់ ជំនួយជាថវិកា និងសម្ភារៈសុខាភិបាល ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈលំបាក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានោះ សម្តេច បានអរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបាន ជួយយកចិត្តទុកដាក់ចំពោះពលករកម្ពុជា និងជួយសម្រួល នីតិវិធី ការងារ ក្នុងបរិបទ ជំងឺកូវីដ-១៩ និងផ្តល់វ៉ាក់សាំងដល់ ពលករ កម្ពុជាដែលកំពុងបំពេញការងារនៅកូរ៉េនាពេលកន្លងមក និងដែល បានយកចិត្តទុកដាក់ខ្ពស់បង្កើនកូតាបន្ថែមពលករកម្ពុជាប្រមាណ ៤០ភាគរយ នៅឆ្នាំ២០២៣។ ពលករកម្ពុជាធ្វើការនៅកូរ៉េបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពគ្រួសាររបស់គេ លើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា និងបានរួមចំណែកក្នុងការផ្លាស់ប្តូរ ប្រពៃណី វប្បធម៌ តាមរយៈ ការរៀបអាពាហ៍ពិពាហ៍ជាមួយប្រជាជនកូរ៉េ។


សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវការអបអរសាទរចំពោះការ សម្រេច នូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចដ៏ធំធេងរបស់សាធារណរដ្ឋកូរ៉េ ក្រោម ការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកូរ៉េ នឹងបន្ត សម្រេចបានជោគជ័យក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកប ដោយវិបុលភាព វឌ្ឍនភាព និងសុភមង្គល។ កម្ពុជាចាត់ទុកការរីកចម្រើនរបស់សាធារណរដ្ឋកូរ៉េ ជាការរីកចម្រើន របស់ កម្ពុជា និងជាការរីកចម្រើនរួមរបស់តំបន់ និងបានរួមចំណែក យ៉ាងសំខាន់ដល់ការនាំមក នូវសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។
ក្នុងឱកាសដ៏ល្អប្រពៃនោះ សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជ បណ្តាំសួរសុខទុក្ខដោយសេចក្តីស្រឡាញ់រាប់អាន នឹករលឹក ដ៏ជ្រាលជ្រៅបំផុតពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមប្រធានរដ្ឋសភា និងតាមរយៈ ឯកឧត្តម ពាំនាំព្រះរាជបណ្តាំសួរសុខទុក្ខជូនឯកឧត្តម យូន ស៊កយ៉ុល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ សម្តេចប្រមុខរដ្ឋស្តីទីបានប្រសិទ្ធពរជូនឯកឧត្តម គីម ជីនផ្យូ និងគណៈ ប្រតិភូ សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុង ការស្នាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ គ្រី សម្បត្តិ + ប៊ុនហុក

សរមៀត ​ប៊ុនហុក
សរមៀត ​ប៊ុនហុក
តាមរយៈទេពកោសល្យ ជំនាញ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ កែសម្រួល កាត់តព័ត៌មាន និងថតផងដែរ បានជម្រុញឱ្យបុគ្គលិករូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីព័ត៌មានសង្គមខ្មែរដ៏មានប្រជាប្រិយភាព។
ads banner
ads banner
ads banner