ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ថ្លែងកោតសសើរដល់ក្រុមកីឡាក្រសួងមហាផ្ទៃដែល​បានរួមចំណែកយ៉ាង​សំខាន់ក្នុងការ​ឈ្នះ​មេដាយជូនជាតិពីព្រឹត្តិការណ៍នានាលើឆាកអន្តរជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានកោតសសើរចំពោះក្រុមកីឡារបស់​ក្រសួង​មហាផ្ទៃដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការយកឈ្នះមេដាយជូនជាតិពីព្រឹត្តិការណ៍នានាលើឆាកអន្តជាតិ។

ក្នុងពិធីជួបសំណេះសំណាល ប្រគល់លិខិតសរសើរ និងប្រាក់ឧបត្ថម្ភដល់ប្រតិភូ និងអត្តពលិកក្រុមកីឡានគរបាលនៃក្រសួងមហាផ្ទៃដែល​បានចូលរួមប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកលើកទី២០ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសសើរ និងបានវាយតម្លៃខ្ពស់ថា កន្លងទៅយើង​បាន​ចូលរួមប្រកួតកីឡាជាតិលើកទី១, លើកទី២ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងនោះ បើយើងមើលទៅលើចំណាត់ថ្នាក់តាមបណ្តាក្រសួង ស្ថាប័នដែលបានចូលរួមប្រកួតកីឡាជាតិលើកទី១ លើកទី២ ឃើញថា ក្រសួងមហាផ្ទៃតែងតែឈរនៅលេខ១រហូត ។​ក្នុងនោះក៏​យើង​បាន​ចូលរួមចំណែកយ៉ាងធំធេងជាមួយកីឡាស៊ីហ្គេម លើកទី៣២ កន្លងទៅនេះដែរ។ ដោយកីឡាករ កីឡាការិនីមកពីក្រសួងមហាផ្ទៃ​មាន​ប្រមាណ​៤៨ភាគរយបានដណ្តើមមេដាយជូនជាតិ។

ឯកឧត្តមបញ្ជាក់ថា៖” ខ្ញុំមិនដឹងច្បាស់លំអិតពីចំនួនមាស ប្រាក់ប៉ុន្មានទេ តែជារួមគឺ៤៨ភាគរយ​នៃមេដាយដែលស៊ីហ្គេមទទួល​បាន​នេះគឺកើតចេញពីកីឡាករ កីឡាការិនីមកពីក្រសួងមហាផ្ទៃ។ អីចឹងនេះជាមោទនភាពមួយសម្រាប់អង្គភាពកីឡាក្រសួងមហាផ្ទៃយើង ជាពិសេសកីឡាករ កីឡាការិនីលើកមុខមាត់ក្រសួងមហាផ្ទៃតាមរយៈវិស័យកីឡានេះ”។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានបញ្ជាក់ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា​ក្រសួងមហាផ្ទៃទៀតថា រាជរដ្ឋាភិបាលថ្មី ក្រោមមគ្គទេ្ទសក៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តយកចិត្តទុកដាក់ និងលើកកម្ពស់លើវិស័យអប់រំកាយ និងកីឡា ទាំងក្នុងក្របខណ្ឌស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ។ក្នុងនោះក្រសួងមហាផ្ទៃជា​តួអង្គសំខាន់មួយដែរ។ ដូច្នោះត្រូវការពង្រីកសកម្មភាព និងលើកកម្ពស់វិស័យកីឡាទាំងស៊ីវិល និងកងកម្លាំងនេះ គឺដើម្បីផ្តល់ឱកាសដល់​ពលរដ្ឋ​ទូទៅ ទទួលបានការកម្សាន្ត សុខមាលភាព និងកាយសម្បទារឹងមាំ តាមរយៈវិស័យអប់រំកាយ និងកីឡា ជាពិសេសជាយន្តការឱ្យ​ប្រជាពលរដ្ឋបានបញ្ចេញទេពកោសល្យក្នុងវិស័យ។

គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកនេះ (World Police & Fire Games) លើកទី២០ ឆ្នាំ២០២៣ នៅទីក្រុង Winnipeg ប្រទេសកាណាដា ប្រព្រឹត្តឡើងក្នុងគោលបំណងបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេពកោសល្យ របស់នគរបាល នៃបណ្ដាប្រទេសនីមួយៗ ហើយមានជាង៧០ប្រទេសដែលតែងតែបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លទ្ធផលដែលទទួលបាន គឺកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៧១គ្រឿង (មាស៣៣ ប្រាក់២៩ និងសំរឹទ្ធ៩)៕
រូបភាព៖ ងីម ឆៃហួត អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner