លិខិតមិត្តអ្នកអាន៖ ការពង្រីក ប.ស.ស ដល់គ្រួសារកម្មករ ជាយុទ្ធសាស្ត្រព្រួញមួយ បាញ់បានសត្វពីរ

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាល ពីថ្មីៗនេះ បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ ជាការ ណែនាំ ដែលក្រសួងត្រូវតែធ្វើនៅឆ្នាំ២០២៣នេះ។

សម្រាប់អ្នកតាមដានសង្គម គោលនយោបាយថ្មីនេះ ដើម្បីជួយសម្រាល បន្ទុកចំណាយផ្នែកថែទាំសុខភាពរបស់បងប្អូនកម្មករ និយោជិត និង ក្រុមគ្រួសារក្នុងបន្ទុកដែលមានដូចជាប្តីឬប្រពន្ធ និងកូនដែលជា ធម្មតា ការ ចំណាយលើការថែទាំសុខភាព សម្រាប់សមាជិកគ្រួសារម្នាក់ ជា មធ្យម ៥ភាគរយ នៃចំណាយសរុបប្រចាំខែឬជាមធ្យម ក្នុងរង្វង់ ២០ដុល្លារ ឬ៤០ដុល្លារដែលជាការចំណាយលើការព្យាបាល។ ប៉ុន្តែ តាមរយៈយន្តការរបបសន្តិសុខសង្គមរបស់រដ្ឋាភិបាលសមាជិកគ្រួសារកម្មករ និយោជិតចំណាយតែ ១៥.៦០០រៀល ( ស្មើប្រមាណ ៤ដុល្លារ អាម៉េរិក ) ក្នុងមួយខែប៉ុណ្ណោះនឹងទទួលបានការថែទាំសុខភាព ដោយ មិន បង់ប្រាក់នៅតាមគ្រឹះស្ថានដែលជាដៃគូរបស់ប.ស.ស.។

នេះជាការគិតគូរថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ប.ស.ស ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងផ្នែក កិច្ច គាំពារ សន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និង បទប្បញ្ញត្តិសន្តិសុខសង្គម អនុលោមតាមអនុក្រឹត្យ ហើយត្រូវបាន ដំណើរការ នៅចុងឆ្នាំ២០០៨។

ចាប់តាំងពីពេលនោះមក ប.ស.ស បានដាក់ឱ្យអនុវត្តរបបសន្តិសុខ សង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់បុគ្គលិក កម្មករ និយោជិត នៅក្នុងវិស័យឯកជន ដែលស្ថិតក្រោមបទប្បញ្ញត្តិ ច្បាប់ ការងារ។ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចឱ្យប.ស.ស ជាអ្នករៀបចំ និងគ្រប់គ្រងការដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់ មន្ត្រី សាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ចាប់ពីឆ្នាំ២០១៧។

បន្ថែមលើនេះ កាលពីខែតុលា ឆ្នាំ២០២២ ប.ស.ស បានអនុវត្តរបប សន្តិសុខសង្គម ផ្នែកប្រាក់សោធន ឬប្រាក់ចូលនិវត្តន៍ អនុវត្តក្នុង វិស័យឯកជន លើបុគ្គលិក កម្មករនិយោជិត រួមទាំងកម្មករកាត់ដេរ ដែលជាសមាជិក មានបណ្ណ ប.ស.ស។ ថ្មីៗនេះទៀត ដើម្បីលើក កម្ពស់សុខុមាលភាពសង្គម ដោយការធានាឱ្យបាននូវសន្ដិសុខ បា្រក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ ស្ថិរភាពសង្គម ប.ស.ស ក៏បានដាក់ឱ្យអនុវត្តផ្នែកថែទាំសុខភាព សម្រាប់អ្នកបម្រើការងារតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបរបរផ្ទាល់ខ្លួន។

អ្នកបម្រើការងារតាមផ្ទះ និងអ្នកប្រកបរបរផ្ទាល់ខ្លួន ដូចជា អ្នករត់ម៉ូតូ ឌុប អ្នករត់ផាសអេប អ្នកលក់ទឹកអំពៅ អ្នកលក់ដូរតាមរទេះ ជាដើម ត្រូវបានកំណត់ឱ្យបង់ប្រាក់ ម្នាក់ ត្រឹមតែ ១៥.៦០០រៀល ឬស្មើនឹង ៤ដុល្លារអាមេរិក ក្នុងមួយខែប៉ុណ្ណោះ។

ក្នុងសង្គមយើង បច្ចុប្បន្ន មិនថា ទៅពេទ្យរដ្ឋ ឬពេទ្យឯកជនទេ គឺត្រូវ ចំណាយលុយច្រើន បើសិនជាឈឺម្តងៗ ។ពោលគឺលើសពី ១៥. ៦០០រៀល ដែលត្រូវបង់ភាគទាន ជាមួយប.ស.ស ក្នុង មួយខែ ទៅទៀត។ ដូច្នេះបើសិនជាសមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់ កម្មកនិយោជិត ដែលមានបណ្ណប.ស.ស អាចចូលរួមប្រើប្រាស់ ប.ស.ស ដើម្បីទទួលបានការថែទាំសុខភាព ដោយមិនបង់ប្រាក់ ដែរនោះ គឺប្រាកដណាស់ ពិតជាជួយសម្រាលបន្ទុកដល់កម្មករ និយោជិត ក្នុងវិស័យការងារ។ ពិសេសលើបងប្អូនកម្មករ កាត់ដេរ បានយ៉ាងច្រើន។

ប៉ុន្តែទន្ទឹមនឹងដំណឹងល្អនេះ ក៏សូមឱ្យ ប.ស.ស សហការជាមួយ នឹងពេទ្យដៃគូ មិនថា ពេទ្យរដ្ឋ ឬពេទ្យឯកជនទេ ត្រូវបង្កើនការ ទទួលខុសត្រូវ ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ នៅពេល ទៅពិនិត្យ និងព្យាបាលជំងឺ ព្រោះថា កន្លងមក តែងតែឮនូវការ លើកឡើងថា តាមមន្ទីរពេទ្យមួយចំនួន មិនសូវយកចិត្តទុកដាក់ លើអ្នកជំងឺ ដែលមានបណ្ណប.ស.ស ដូចជា អ្នកជំងឺត្រូវរង់ចាំយូរ ហើយតាមមន្ទីរពេទ្យរដ្ឋខ្លះ អ្នកជំងឺ ដែលកាន់បណ្ណប.ស.ស ហើយ ត្រូវបង់លុយថែមលើការពិនិត្យ និងព្យាបាលជំងឺ ជាដើម។ ទាំងនេះ សុទ្ធសឹងតែជាចំណុចដែលធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីអ្នកប្រើប្រាស់មកលើប.ស.ស.ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនក្នុងចំណោមសាធារណៈជន។

យ៉ាងណាក៏ដោយ អនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីចំពោះ ការពង្រីករបបសន្តិសុខសង្គមសម្រាប់ក្រុមគ្រួសារកម្មករនេះ គឺជា យុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ ។ព្រោះម្ខាង នឹងជួយដល់កម្មករ និយោជិត និងក្រុមគ្រួសារកាត់បន្ថយការចំណាយសន្ធឹក សន្ធាប់លើ ការព្យាបាលដែលធ្លាប់តែជាបន្ទុក ហើយម្ខាងទៀតកម្មករ និយោជិតនឹង អាចសន្សំប្រាក់បានច្រើនជាងមុនហើយទន្ទឹមនឹងនោះក៏ទទួលបានសេវាកម្មព្យាបាលដែលមានគុណភាព និងប្រសិទ្ធភាពពីដៃគូរបស់ ប.ស.ស. ផងដែរ។ នេះគឺជាផ្នែកមួយដ៏ធំក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត ឱ្យកាន់តែប្រសើរឡើងព្រោះរដ្ឋមានយន្តការពារឃុំគ្រងលើការចំណាយចាំបាច់របស់កម្មករ និយោជិត រួចទៅហើយដែលធ្វើឱ្យជីវភាពកម្មក រ និយោជិត ធន់នឹងការប្រែប្រួលនៃសេដ្ឋកិច្ច៕

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner