ជោគជ័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំហានដំបូងលើឆាកអន្តរជាតិនៅហ្សាការតាប្រទេសឥណ្ឌូណេស៊ី
ភ្នំពេញ៖ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធត្រូវបិទបញ្ចប់កាលពីយប់ថ្ងៃទី ៧ ខែកញ្ញាម្សិលម្ង៉ៃនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ក្នុងរយៈពេល៤ ថ្ងៃពេញ(ពី ៤ ដល់ ៧ កញ្ញា),សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូលរួមយ៉ាងស្វិតស្វាញក្នុងជំនួបកំពូល(ក្របខណ្ឌអាស៊ាន), ជំនួបកំពូលទ្វេភាគី(ដោយឡែកពីក្របខ័ណ្ឌអាស៊ាន),ព្រមទាំងកិច្ច ប្រជុំផ្សេងៗដទៃទៀតសរុបទាំងអស់ជាង៣០។ជារួមសម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចាប់ដៃ, ជួបជាផ្លូវការ ឬ ក្រៅផ្លូវការ, ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលព្រមទាំងមេដឹកនាំកំពូលៗ នៃបណ្តាស្ថាប័ន តំបន់ និងអន្តរជាតិផ្សេងៗសរុបទាំងអស់មិនតិចជាង ២០ នាក់នោះទេ ដែលមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក, ពីអាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, កាណាដា, អូស្ត្រាលី និងនូវែលសេឡង់…។ទាំងអស់នេះស្តែងឱ្យឃើញប្រកែកមិនបាននូវជោគជ័យផ្នែកការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសបេសកកម្មលើកទីមួយបង្អស់របស់សម្តេចលើឆាកអន្តរជាតិ ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជាក្រោយពី សម្តេចទទួលបានតំណែងដ៏ខ្ពង់ខ្ពស់និងដ៏ថ្លៃថ្លាមួយនេះកាលពីថ្ងៃទី ២២ ខែសីហាកន្លងទៅ។
ឯកឧត្តមបន្តថា ជោគជ័យផ្នែកការទូតនេះក្លាយជាជោគជ័យនយោបាយ, ពិសេសចាប់ពីពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តើមថ្លែងសុន្ទរកថា(លើកទីមួយក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាននៅថ្ងៃទី ៤ កញ្ញា)និងបន្តថ្លែងសុន្ទរកថាជាហូរហែ នាថ្ងៃបន្តបន្ទាប់។ហេតុអ្វី? ពីព្រោះសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនសារសំខាន់មួយទៅកាន់ថ្នាក់ដឹកនាំបរទេសទាំងជាង២០ នាក់ដែលមានវត្តមាននៅទីក្រុងហ្សាការតា ថា សន្តិភាព និងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក ។
ជាការពិតសារមួយនេះមានលក្ខណៈសាមញ្ញប៉ុន្តែពោរពេញទៅដោយអត្ថន័យសម្រាប់បណ្តាប្រទេសតូចនិងនៅខ្សត់ខ្សោយក្នុងលោកដូចប្រទេសកម្ពុជា ដែលធ្លាប់ហែលឆ្លងកាត់សោកនាដកម្មមួយពាន់ជំពូក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន ម៉ាណែត ថ្លែងហើយថ្លែងទៀត ថា«សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថាគ្មានសោះឡើយ ការអភិវឌ្ឍសេដ្ឋកិច្ចបើគ្មានសន្តិភាព ទេ នោះ។គឺសារនយោបាយនេះហើយ(មេរៀនដកស្រង់ចេញពីប្រវត្តិសាស្ត្រនៃកម្ពុជាដ៏អភ័ព្វរបស់យើង)ដែលបណ្តាប្រទេសជាច្រើន ក្នុងតំបន់និងក្នុងលោកចង់ឮ ខណៈដែលវិបត្តិនៅមីយ៉ាន់ម៉ានិងសង្គ្រាមនៅអ៊ុយក្រែននៅបន្តអូសបន្លាយ និងខណៈដែលនៅ អាស៊ី-ប៉ាស៊ីហ្វិក ស្ថានភាពភូមិសាស្ត្រ នយោបាយ មានលក្ខណៈកាន់តែតានតឹងឡើងជាឮលំដាប់។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តទៀតថា បន្ថែមពីលើ ជោគជ័យការទូត និងជោគជ័យនយោបាយ មានជោគជ័យសេដ្ឋកិច្ច ដែលគួរតែត្រូវលើកឡើង។ក្នុងអំឡុងពេល ៤ ថ្ងៃពេញនៅ ទីក្រុងហ្សាការតា, សម្តេចធិបតី ហ៊ុន មាណែត ប្រឹងប្រែងណាស់ (ពិសេសក្នុងក្របខ័ណ្ឌនៃជំនួបទ្វេភាគី),ប្រឹងប្រែងស្វែងរក ប្រយោជន៍សេដ្ឋកិច្ចជូនកម្ពុជា។ជាក់ស្តែងពីឥណ្ឌូណេស៊ី, នាយករដ្ឋមន្ត្រីកម្ពុជាទទួលបានការប្តេជ្ញាថា នឹងនាំចូលអង្ករខ្មែរឱ្យបាន ២៥០,000 តោនក្នុងមួយឆ្នាំ, ហើយនឹងផ្គត់ផ្គង់ជី ព្រមទាំងការបណ្តុះបណ្តាលដល់កសិករខ្មែរ។ជាក់ស្តែងដូចគ្នា, កម្ពុជាចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយហ្វីលីពីនដើម្បីអភិវឌ្ឍក្នុងភាពជាដៃគូវិស័យកសិកម្ម និងវិស័យសហគ្រាសតូចនិង មធ្យម។មិនតែប៉ុណ្ណោះហ្វីលីពីនសន្យាថា នឹងសិក្សាលទ្ធភាពនៃការបង្កើតនិងបង្កើនជើងហោះហើរផ្លូវត្រង់ពីទីក្រុងទេសចរណ៍ របស់ខ្លួនឆ្ពោះមកកាន់សៀមរាប។រីឯកូរ៉េខាងត្បូង និងម៉ាឡេស៊ីវិញ យល់ព្រមជាគោលការណ៍ក្នុងការបង្កើនកូតាពលករខ្មែរ និងក្នុង ការចាត់វិធានការបន្ថែមដើម្បីពង្រឹងកិច្ចគាំពារពលករខ្មែរដែលរស់ និងធ្វើការនៅក្នុងប្រទេសរបស់ពួកគេ ៕
ដោយ៖ ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ