អនុពន្ធការងារប្រចាំស្ថានទូតកម្ពុជា នាទីក្រុងបាងកក សាទរចំពោះការបង្កើតអគ្គកុងស៊ុលខ្មែរនៅប៉ែកខាងត្បូងប្រទេសថៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អនុពន្ធការងារកម្ពុជាប្រចាំស្ថានទូតខ្មែរនៅទីក្រុងបាងកក បានប្រកាសគាំទ្រពេញទំហឹងចំពោះការបង្កើតអគ្គកុងស៊ុលខ្មែរនៅប៉ែកខាងត្បូងប្រទេសថៃ ដើម្បីជួយសម្រួលដល់ការលំបាក ក៏ដូចជាការបង្ខិតសេវារបស់រដ្ឋាភិបាលទៅកាន់ពលករខ្មែរ ដែលកំពុងតែរស់នៅ និងធ្វើការនៅទីនោះ។

អនុពន្ធការងារកម្ពុជាប្រចាំស្ថានទូតខ្មែរនៅទីក្រុងបាងកក លោក ឈឹម វិបុល នៅថ្ងៃទី១០ ខែកញ្ញានេះ បានថ្លែងថា ការបង្កើតអគ្គកុងស៊ុលនៅប៉ែកខាត្បូងថៃ គឺជាការដាក់ថ្នាំចំជំងឺ ដោយលោកបានប្រកាសគាំទ្រពេញទំហឹងចំពោះការបង្កើតអគ្គកុងស៊ុលនៅតំបន់នោះ ព្រោះថាជាគោលនយោបាយដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព ដោយសារកន្លងមកពលរដ្ឋខ្មែរនៅប៉ែកខាងត្បូងត្រូវចំណាយពេលវេលាច្រើន និងសោហ៊ុយដើម្បីទទួលបានសេវាគាំទ្ររបស់រដ្ឋាភិបាលដែលមានទីតាងនៅក្រុងបាងកក។

លោកបាននិយាយថា ៖ «នេះគឺជាអ្វីដែលពលករនៅប៉ែកខាងត្បូងគាត់ត្រូវការខ្លាំងណាស់ ទាំងការផ្តល់សេវា ទាំងការគាំពារ ដែលវាត្រូវតែមានសម្រាប់បងប្អូនយើង។ បងប្អូនពលករនៅខេត្តដទៃទៀត និងបាងកកជាដើមក៏សប្បាយរីករាយចំពោះដំណឹងនេះដែរ ព្រោះនេះបង្ហាញនេះជាបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំយើង» ។
លោក ឈឹម វិបុល បានបន្តថា ការបង្កើតនេះ អាចជួយដល់បន្ថយការចំណាយ កាត់បន្ថយពេលវេលាក្នុងការដោះស្រាយបញ្ហាដែលកើតមានចំពោះពលករជាដើម។

«ពលករភាគច្រើនមានតម្រូវការច្រើនលើការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ ឬលិខិតបញ្ជាក់ការងារធ្វើដំណើរក្នុងនាមជាពលករស្របច្បាប់, លិខិតបញ្ជាក់ ដើម្បីទទួលការធានារ៉ាប់រង ឬអត្ថប្រយោជន៍ផ្សេងពីរោងចក្រ និងការកែតម្រូវឯកសារផ្សេងៗ និងការដោះស្រាយបញ្ហាថៅកែមិនបើកប្រាក់ខែឱ្យជាដើម មិនចាំបាច់ធ្វើដំណើរមកឆ្ងាយដើម្បីទទួលសេវាទាំងនេះទៀតទេ»។ នេះបើតាមការបញ្ជាក់ពីលោក ឈឹម វិបុល ។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ បានសាទរចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីនេះ ដោយលោកបានបញ្ជាក់ថា ជាអ្វីដែលពលករខ្មែរនៅប្រទេសថៃកំពុងមានតម្រូវការ។

លោក អាត់ ធន់ បាននិយាយដូច្នេះថា៖«ខ្ញុំគិតថា វាជាការល្អណាស់សម្រាប់ការបង្កើតអគ្គកុងស៊ុលនៅតំបន់ខាងត្បូងប្រទេសថៃនេះ ដើម្បីជួយសម្រួលដល់ការរៀបចំឯកសារជូនបងប្អូនប្រជាពលរដ្ឋយើង ខណៈដែលប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តក្នុងតំបន់ភាគត្បូង និងខេត្តជាប់នោះ មិនទា

ន់មានឯកសារគ្រប់គ្រាន់ និងមួយចំនួនរស់នៅធ្វើការដោយខុសច្បាប់នៅឡើយ»។
សូមរម្លឹកថា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅអំឡុងពេលជួបសំណេះសំណាលជាមួយកម្មករនៅខេត្តកំពង់ស្ពឺប្រមាណជិត២ម៉ឺននាក់ បានប្រកាសបង្កើតអគ្គកុងស៊ុលខ្មែរនៅប៉ែកខាងត្បូងប្រទេសថៃដើម្បីជួយសម្រួលដល់ការលំបាក ក៏ដូចជាការបង្ខិតសេវារបស់រដ្ឋាភិបាលទៅកាន់ពលករខ្មែរ ខណៈដែលប្រជាពលរដ្ឋ ដែលធ្វើការនៅប្រទេសថៃមានចំនួនច្រើនជានៅបណ្តាប្រទេសដទៃទៀត។

លោកថ្លែងបញ្ជាក់ថា ៖ «នៅភាគខាងត្បូងប្រទេសថៃ យើងអត់ទាន់មានកុងស៊ុលនៅឡើយទេ នៅម្តុំស៊ុងខ្លា ហាត់យ៉ៃ យ៉ាឡា ជាដើម។ ឥឡូវខ្ញុំបានជជែកជាមួយឯកឧត្តម អ៊ុច បូរិទ្ធ ហើយ គឺសូមឱ្យបង្កើតអគ្គកុងស៊ុលយើងមួយនៅទីនោះ ហើយរៀបចំមនុស្សបន្ថែមទៀត ដោយមានទីប្រឹក្សាការងារទៅអមនៅទីនោះផងដែរ ដោយនេះជាការពង្រឹងសេវាជូនពលរដ្ឋយើង»។

យោងតាមរបាយការណ៍ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរ បាននិងកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ មានប្រមាណជាង ១.២លាននាក់ ដែលភាគច្រើនធ្វើការនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម កសិកម្ម និងនេសាទជាដើម ៕

ដោយ ៖ វណ្ណ សុជាតា
CPA

ads banner