កម្ពុជា៖ ពីប្រទេស ដែលរកទីផ្សារអង្ករ នៅក្រៅប្រទេស ក្លាយជាប្រទេសដែលបរទេសមកសុំទិញអង្ករវិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គេនៅចាំបានថា កាលពីឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិចាស់ (អាណត្តិទី៦) បានសម្រេចកំណត់យកឆ្នាំ២០១៥ ជាឆ្នាំគោលដៅ សម្រាប់ការនាំចេញអង្ករឱ្យបាន១លានតោនយ៉ាងតិច ប៉ុន្តែរយៈពេល២អាណត្តិមកហើយ ការកំណត់នេះ នៅតែបន្តបរាជ័យ នៅតែមិនទាន់ដល់គោលដៅដដែល ដោយរហូតដល់ឆ្នាំ២០២២ កម្ពុជាអាចនាំចេញអង្ករទៅក្រៅប្រទេសបានត្រឹមតែជិត ៦៤ម៉ឺនតោនតែប៉ុណ្ណោះ ដែលចំនួននេះ មានកំណើនតិចតួច បើធៀបនឹងឆ្នាំ២០២១ ។

អង្ករ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៦ ប្រសិទ្ធនាមថាជា «មាស ស»។ រាជរដ្ឋាភិបាលមានមហិច្ឆតា ចង់ឱ្យកម្ពុជា ក្លាយជាប្រទេសនាំចេញ «មាស ស» ដ៏ធំមួយនៅក្នុងតំបន់ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារពិភពលោក។ ជាប្រទេសដែលមានអតិរេកស្រូវ (ការផលិតលើសចំនួន) ប្រមាណ៦.២៩លានតោន កាលពីឆ្នាំ២០២២ ដែលកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ នៅតែមិនបោះបង់ចោលមហិច្ឆតារបស់ខ្លួន ដោយបានបង្កើនការនាំចេញអង្ករជាបន្តបន្ទាប់ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ជារឿយៗ នៅពេលដែល សម្តេច មានកិច្ចពិភាក្សាទ្វេភាគី ឬពហុភាគី ជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា តែងតែស្នើឱ្យដៃគូទាំងអស់ជួយទិញអង្ករពីកម្ពុជា និងវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជាផងដែរ។

សេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានខិតខំយ៉ាងសស្រាក់សស្រាំណាស់ដែរ ក្នុងការស្វែងរកទីផ្សារ សម្រាប់អង្ករកម្ពុជា ខណៈដែលខាងវិស័យឯកជន ដែលតំណាងដោយ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏ប្រឹងប្រែងមិនតិចដែរ លើការងារនេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានប្រាប់ថា ៖ «ទីផ្សារអង្ករកម្ពុជាបច្ចុប្បន្ន ហាក់ប្រសើរជាងពីមុន។ ប្រសើរជាង ត្រង់ថា ពីមុនកម្ពុជា ត្រូវស្វះស្វែងរកទីផ្សារអង្ករនៅទីផ្សារអន្តរជាតិ ខណៈដែលរដ្ឋាភិបាលតែងស្នើដល់សមភាគីឱ្យជួយទិញអង្ករពីកម្ពុជា តែឥឡូវ មិនមែនឈប់រកទីផ្សារទេ ទីផ្សារថ្មីៗនៅតែរកដដែល ប៉ុន្តែអ្វីដែលកត់សម្គាល់ជាវិជ្ជមាន នោះគឺ មាស ស របស់កម្ពុជា ត្រូវបានបណ្តាប្រទេសជាមិត្ត មកស្នើសុំទិញវិញ»។

ឯកឧត្តម សុវិជាតិ បាននិយាយទៀតថា ការដែលគេមកសុំទិញអង្ករពីកម្ពុជានេះ មិនមែនជារឿងថ្មីទេ ជាពិសេសហ្វីលីពីន និងឥណ្ឌូនេស៊ី គ្រាន់តែពីមុនការនាំទៅមិនផ្លូវការ តែឥឡូវប្រទេសទាំងពីរនេះមកសុំទិញជាផ្លូវការវិញ ដោយសារតែបញ្ហាបសន្តិសុខស្បៀងនៅក្នុងប្រទេសរបស់គេ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ៖ «ជាមោទនភាពណាស់សម្រាប់កម្ពុជាយើង ដែលគេមកសុំទិញអង្ករបែបនេះ។ អ្វីដែលយើងត្រូវធ្វើបន្តទៀត គឺពង្រឹងគុណភាពអង្កររបស់យើង បង្កើនបរិមាណក្នុងការកែច្នៃអង្ករសម្រាប់នាំចេញ ដើម្បីឱ្យគ្រប់ទៅតាមអ្វី ដែលកិច្ចព្រមព្រៀងបានកំណត់»។

រីឯ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ យល់ឃើញថា មានហេតុផលច្រើន ដែលធ្វើឱ្យអង្ករកម្ពុជា មានហាងឆេង រហូតដល់មានប្រទេសនានា មកសុំទិញទៅវិញនេះ ជាពិសសេសបញ្ហាវិបត្តិសកល សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម ដែលធ្វើទីផ្សារអង្ករពិភពលោកចាប់ផ្តើមរួមតូច។

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ថា កម្ពុជាក៏ជាប្រទេសដែលមានសក្តានុពលមួយដែរ ដែលអាចផលិតអង្ករសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ហើយ និងមានអតិរេក រហូតឈានដល់ការនាំចេញបានថែមទៀត។

ហេតុផល ដែលកម្ពុជា បានវិវត្តន៍ខ្លួនល្អប្រសើរក្នុងនាមជាប្រទេសអ្នកនាំចេញអង្ករ កញ្ញា រចនា ពន្យល់ថា ៖ «ដោយសារតែកម្ពុជា កន្លងមកនេះ បានប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការស្រាវជ្រាវ និងបង្កើតពូជស្រូវថ្មីៗ ដែលធននឹងការប្រែប្រួលអាកាសធាតុ»។

លោកជំទាវ បន្តថា ៖ «ប្រភេទស្រូវថ្មីៗមួយចំនួន ដូចជាចំប៉ី៧០ជាដើម ជាពូជដែលដាំដុះក្នុងពេលខ្លី ជាប្រភេទស្រូវស្រាល ដែលអាចដាំដុះចន្លោះ៧៩ទៅ៨៣ថ្ងៃ អាចប្រមូលផលបាន។ ដូច្នេះកសិករ នៅពេលដែលមានទឹកគ្រប់គ្រាន់គាត់ដាំដុះបានចន្លោះពី៣ទៅ៤ដងក្នុងមួយឆ្នាំ»។

ថ្វីដ្បិតតែ គោលនយោបាយនាំចេញអង្ករឱ្យបាន១លានតោន មិនទាន់សម្រេចក៏ពិតមែន តែឯកឧត្តម ប៉ែន សុវិជាតិ មិនបានចាត់ទុកថា វាជាការបរាជ័យនោះទេ។ ផ្ទុយទៅវិញ លោកយល់ថា វាជាការកំណត់គោលដៅខ្ពស់របស់កម្ពុជា ដើម្បីជំរុញការខិតខំប្រឹងប្រែងបន្ថែមទៀត ឱ្យការធ្វើពាណិជ្ជកម្មអង្ករកម្ពុជាកាន់តែមានសក្តានុពល។

ឯកឧត្តម ថា ៖ «យើងត្រូវកំណត់គោលដៅឱ្យបានខ្ពស់ សំលឹងមើលឱ្យបានឆ្ងាយ លោតឱ្យខ្ពស់ ខណៈដែលរាល់ការកំណត់គោលដៅ មិនអាចសម្រេចបាន១០០ភាគរយនោះទេ។ តែយ៉ាងហោច ការកំណត់គោលខ្ពស់ និងច្បាស់លាស់ ជាការជំរុញទឹកចិត្តបន្ថែមទៀត ឱ្យយើងខិតខំប្រឹងប្រែង បើទោះបីជាមានឧបសគ្គខ្លះៗក៏ដោយ»។

ចំណុចមួយ ដែលធ្វើឱ្យអង្ករកម្ពុជា មានភាពកក្រើកនៅលើទីផ្សារតំបន់បែបនេះ ដោយសារតែការរួមគ្នារបស់រាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាជនកម្ពុជា ក្នុងការផ្សព្វផ្សាយពីកិត្យានុភាពនៃស្រូវអង្កររបស់កម្ពុជា ទៅកាន់ប្រទេសជិតខាង និងក្នុងតំបន់អាស៊ីនេះ ឱ្យបានស្គាល់ពីគុណភាពស្រូវអង្ករកម្ពុជា កាន់តែច្រើនឡើង។ នេះបើតាមការលើកឡើងពីខាងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ចាន់ សុឃាំង។

លោកបាននិយាយដោយមោទនភាពថា ៖ «នេះជាការវិវត្តដែលល្អបំផុត មានលក្ខណៈវិជ្ជមានសម្រាប់វិស័យស្រូវអង្ករ ក៏ដូចជាវិស័យកសិកម្មកម្ពុជាទាំងមូល។ នេះជាលទ្ធផលនៃកិច្ចខំប្រឹងប្រែងក្នុងការជំរុញផ្សព្វផ្សាយអង្ករកម្ពុជាយើង តាមរយៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយបានធ្វើឱ្យប្រទេសជាច្រើនបានដឹងពីសក្តានុពលនៃវិស័យស្រូវអង្កររបស់កម្ពុជាយើង»។

មិនត្រឹមតែ ហ្វីលីពីន និងឥណ្ឌូនេស៊ីទេ ដែលស្នើសុំទិញអង្ករពីកម្ពុជា បើតាម លោក សុឃាំង ថ្មីៗនេះក៏មានហុងកុង ស្រីលង្ការ ទីម័រឡេស្ត និងព្រុយណេ ផងដែរ ដែលបាននិងកំពុងពិភាក្សាគ្នាលើនាំចេញអង្ករទៅកាន់ប្រទេសទាំងនេះ។

ក្នុងនាម ជាអ្នកដឹកនាំក្រុមហ៊ុននាំចេញអង្ករមួយដែរ លោក ហ៊ុន ឡាក់ ក៏ជាអ្នកមានបទពិសោធន៍ច្រើនខាងផ្នែកកសិកម្ម ជាពិសេសវិស័យស្រូវអង្ករនេះ លោកយល់ឃើញថា បញ្ហាបម្រែបម្រួលអាកាសធាតុ និងសង្រ្គាមរ៉ាំរ៉ៃ នៅតំបន់អឺរ៉ុប បានធ្វើមានបញ្ហាសន្តិសុខស្បៀង ជាពិសេសក្រោយពេលអ៊ុយក្រែនមិនអាចនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនបាន ក្រោយពីរុស្ស៊ីដកខ្លួនចេញកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិមក ធ្វើឱ្យប្រទេសដែលធ្លាប់បរិភោគស្រូវសាលីជាអាហារចំបង ងាកមករកអង្ករជំនួសវិញ។

លោកនិយាយថា ប្រទេសធ្លាប់នាំចេញអង្ករ ដូចជាឥណ្ឌាជាដើម បានចាប់ផ្តើមរឹតបន្តឹង ក៏ដូចជាផ្អាកការនាំចេញអង្ករដោយសារគេបានគិតឃើញថា ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យប៉ះពាល់ដល់ទិន្នផលស្រូវ ហើយតម្រូវការនឹងមានកំណើន។ ដូច្នេះ មុននឹងនាំចេញ ត្រូវមានការគិតគូរឱ្យបានច្បាស់លាស់។ ចំណែក វៀតណាម ក៏បានចាប់ផ្តើមប្រមូលទិញស្រូវស្តុកទុកផងដែរ ដោយសារបញ្ហាស្បៀងនេះ ខណៈមិនដែលមានទេប៉ុន្មានឆ្នាំនេះ ដែលតម្លៃស្រូវបានកើនឡើងដល់ជាង ១ ២០០រៀល ដល់១៣០០រៀលក្នុងមួយគីឡូក្រាម។

នៅពេលដែលសួរថា តើលោកយល់យ៉ាង ចំពោះការស្នើសុំទិញអង្ករ ពីប្រទេសមួយចំនួននាពេលថ្មីៗនេះ លោក ហ៊ុន ឡាក់ ឆ្លើយតបថា ៖ «បើយើងនិយាយជារួម វាជាអន្តរកាលទេ ដោយសារប្រទេសដែលមកស្នើទិញអង្ករពីកម្ពុជានោះ ភាគច្រើនរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ និងជួបគ្រោះធម្មជាតិញឹកញាប់ ដូចជាហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម ដែលតម្រូវឱ្យប្រទេសទាំងនេះត្រូវត្រៀមបម្រុងស្តុក»។

អ្នកជំនាញស្រូវអង្កររូបនេះ ចង់ឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទុនបម្រុងសម្រាប់ខាងរោងម៉ាស៊ីនទិញស្រូវស្តុកទុក ពេលប្រមូលផល និងការរៀបចំមធ្យោបាយចំណាយផ្សេងៗ ដូចជា ថាមពលអគ្គិសនី ការដឹកជញ្ជូន កំពង់ផែ ឱ្យកាន់តែប្រសើរឡើង នឹងអាចធានាបាននូវនិរន្តភាពនៃការផលិត និងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតដែលផលិតស្រូវដូចកម្ពុជាដែរ។ ទាំងនេះ ជាចំណុចសំខាន់ ដែលត្រូវគិតគូរពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាល។

ការណ៍ដែល ឥណ្ឌូណេស៊ី ទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ សបរិមាណ១០០០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRFនេះដែរ លោក យ៉ង ប៉ាក់ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាហ្គ្រីប៊ី Agribee (Cambodia) និងជាអ្នកជំនាញផ្នែកសិកម្មមួយដែរ យល់ឃើញថា ជាការល្អ។

ប៉ុន្តែលោកចង់ឱ្យមានការបញ្ជាក់ឱ្យច្បាស់បន្តិចថា ការនាំចេញនេះ តាមយន្តការរដ្ឋាភិបាល និងរដ្ឋាភិបាល (G2G) ឬក៏ឯកជន និងឯកជន (B2B)។
លោក យ៉ង ប៉ាក់ ប្រាប់ថា ៖ «១២៥ ០០០តោន ក្នុងមួយឆ្នាំ មិនជាច្រើនណាស់ណាទេ តែទោះជាយ៉ាងណាវាបន្ថែមបរិមាណទៅលើការនាំចេញអង្ករសរុបប្រចាំឆ្នាំ សម្រាប់ទីផ្សារ ដែលនេះ វាអាចជួយដល់កសិករយើងបន្ថែម។ ក្នុងបរិមាណនេះ វាអាចនាំថវិកាចូលទីផ្សារយើងវិញក្នុងរង្វង់៥០ទៅ៦០លានដុល្លារថែមទៀតដែរ»។

ចំណែក ឯកឧត្តម ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញដែរថា ការនាំចេញទៅទីផ្សាថ្មីៗ វាជាឱកាស តែក៏ជាពេលវេលាដែលស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មជាដើម គួរតែពិនិត្យសិក្សាស្រាវជ្រាវ និងវាយតម្លៃឱ្យបានជាក់លាក់ចំពោះផលិតកម្មស្រូវនេះ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀងក្នុងស្រុក។

ឯកឧត្តម ថា ៖ «យើងគួរពិចារណាថា ហេតុអ្វីបានជាបណ្តាប្រទេសទាំងនោះមកសុំទិញស្បៀងពីយើង។ វាជាការគួរឱ្យចាប់អារម្មណ៍ និងត្រូវតែតាមដានស្រាវជ្រាវបន្ថែម ព្រោះស្បៀង ជួនកាលមិនអាចផលិតមួយឆ្នាំ សម្រាប់ទុកមួយឆ្នាំទេ គេទុកសម្រាប់ប្រើប្រាស់លើសពីរយៈពេលនេះ ដើម្បីបង្ការនូវករណីប្រធានសក្តិមួយចំនួន ដូចជាគ្រោះមហន្តរាយនានាជាដើម»។

ក្រៅពីជំរុញការនាំចេញអង្ករទៅក្រៅប្រទេសហើយ រាជរដ្ឋាភិបាលកម្ពុជា ជារឿយៗ តែងតែងលើកទឹកចិត្តដល់អ្នកវិនិយោគនៅបណ្តាប្រទេសនានា ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រឡេស្តេ ជាដើម មកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវ តាមរយៈបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករ ស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅកាន់របស់ខ្លួននិងទីផ្សារអន្តរជាតិនានា៕

ដោយ ៖ វណ្ណ សុជាតា
CPA

ads banner