កូនប្រុស អេ ភូថង ចិញ្ចឹមចិត្តចង់ជួបណាបាទីសងសឹកឲ្យរៀមច្បង ផល សុភ័ណ្ឌ
ភ្នំពេញ៖ ក្រោយកីឡាករគុនខ្មែរលំដាប់អេ នៅកម្ពុជា ផល សុភ័ណ្ឌ បានរង បរាជ័យក្រោមកីឡាករប្រដាល់ប្រទេសរុស្ស៊ី រ៉ាមែន ណាបាទី ក្នុងជំនួបនៅប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ធ្វើឲ្យអ្នកប្រដាល់គុនខ្មែរវ័យក្មេងដែលកំពុងឡើងជើងកូនប្រុសទី២របស់អតីតស្តេចប្រដាល់គុនខ្មែរ អេ ភូថង កីឡាករ អេ អាំម៉ារីន ចិញ្ចឹមចិត្តចង់ជួបកីឡាករ រុស្ស៊ី រ៉ាមែន ណា បាទី សងសឹកជូនរៀមច្បងផល សុភ័ណ្ឌ។
អេ អាំម៉ារីន បានលើកឡើងថា ប្រសិនបើរូបគេបានជួបកីឡាកររុស្សី រ៉ាមែន ណា បាទី ដូចទៅនឹងអ្វីដែលបានទទូចស្នើសុំនោះ រូបគេបានត្រៀមខ្លួននិងត្រៀមបច្ចេកទេស ដើម្បីវាយស្តាមុខមាត់ជូនកីឡាកររៀមច្បង ផលសុភ័ណ្ឌ។
អេ អាំម៉ារីន អះអាងទៀតថា ជំនួបរវាងរូបគាត់ និង រ៉ាមែន ណាបាទី រៀបចំនៅប្រទេសណាក៏បាន ព្រោះបច្ចុប្បន្ននេះរូបគាត់កំពុងមានចិត្តកញ្ជ្រោលចង់ជួបជឿងខ្លាំងរុស្ស៊ីរូបនេះខ្លាំងណាស់។
កីឡាករ រ៉ាម៉ែន ណាបាទីជនជាតិរុស្ស៊ី ដែលកីឡាករ គុនខ្មែរ អេ អាំម៉ារី ចង់ជួបដើម្បីធ្វើការសងសឹកជូនកីឡាករផល សុភ័ណ្ឌនោះ កីឡាកររុស្ស៊ីរូបនេះ មានអាយុ២៨ឆ្នាំ ប្រកួតចំនួន២៨ដង ឈ្នះទាំងអស់ ។ កីឡាកររូបនេះ ក៏បានផ្តួលជើងខ្លាំងថៃ ណាត់ថា សឿភ្លាត ត្រឹមទឹកទី១ ដោយប្រើកណ្តាប់ដៃ ខណៈដំរីភ្លុកពិឃាត ផល សុភ័ណ្ឌ គេផ្តួលដោយប្រើក្បាច់នាគវាត់កន្ទុយចំគល់ករ ៕
អត្ថបទ៖ ជាវ ចន្ធូ