រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ត្រូវការពារធនធានធម្មជាតិឱ្យមាននិរន្តរភាព

(ខេត្តបាត់ដំបង)៖ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរកសិកម្មខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា យើងត្រូវរួមគ្នា ការពារធនធានធម្មជាតិឱ្យមាននិរន្តរភាព តាមរយៈវិធានការបង្ការ និងទប់ស្កាត់បទល្មើសជលផល ព្រៃឈើ និងការទន្ទ្រានដីព្រៃឈើឱ្យបានល្អ និងត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះមន្ត្រីស្ម័គ្រចិត្ត ដែលមានឆន្ទៈ និងមនសិការជាតិ ក្នុងការខិតខំផលិតពូជស្រូវសុទ្ធដើម្បីជួយដល់កសិករ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីបន្តថា តួនាទីនិងភារកិច្ចដែលរដ្ឋាភិបាលប្រគល់ជូន គឺដើម្បីជួយដល់កសិករ និងសេដ្ឋកិច្ចជាតិ ដូច្នេះត្រូវមានមោទនភាព ហើយត្រូវសហការគ្នាល្អ ម្ចាស់ការ និងធ្វើវាឱ្យបានល្អបំផុត ដោយត្រូវចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីយល់ពីកសិករ ដឹងពីបញ្ហាប្រឈមនិងតម្រូវការពិតរបស់ពួកគាត់ ។ ត្រូវមានការសិក្សានិងវាយតម្លៃឱ្យបានច្បាស់លាស់អំពីសន្តិសុខស្បៀង និងខ្សែច្រវាក់តម្លៃ ព្រមទាំងធ្វើការការគាំទ្រដល់កសិករទាំងបច្ចេកទេស និងជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ការកាត់បន្ថយថ្លៃដើម ជំរុញការនាំចេញ ដើម្បីឱ្យកសិករចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ ដើម្បីកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

តមក ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យស្ថានភាពត្រៀមប្រមូលផលស្រូវនៅតាមមូលដ្ឋានមួយចំនួនក្នុងខេត្តបាត់ដំបង និងបានជួបសំណេះសំណាលជាមួយកសិករអំពីការងារមួយចំនួន ពាក់ព័ន្ធនឹងប្រព័ន្ធស្រោចស្រព ការប្រើប្រាស់ពូជស្រូវ និងការប្រែប្រួលថ្លៃស្រូវក្នុងពេលថ្មីៗនេះ ។
នៅរសៀលថ្ងៃដដែ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំ បានបន្តបេសកកម្មចុះពិនិត្យចម្ការទុរេន ក្នុងស្រុកសំឡូត។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបន្តយកចិត្តទុកដាក់ថែរក្សាការដាំដុះនេះឱ្យបានល្អ ហើយត្រូវពិនិត្យនិងសិក្សាបន្ថែមពីទីផ្សារ ដើម្បីរក្សាស្ថិរភាពតម្លៃ និងផលចំណេញ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមានគិតគូរលើការដាំដុះពូជទុរេនខ្មែរ ដោយត្រូវយករសជាតិជាគោលសំខាន់ ឱ្យស្របតាមស្តង់ដាទីផ្សារ ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារក្រៅប្រទេស ៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner