មនុស្សស្លាប់ និងរបួស ៦នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសហុងគ្រី

ប៊ុយដាប៉ែស៖ មន្រ្តីបានរាយការណ៍ថា យន្តហោះមួយគ្រឿងបានធ្លាក់ ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៌អាកាសចរណ៍មួយនៅក្នុងប្រទេសហុងគ្រី នៅថ្ងៃទី១០ ខែកញ្ញានេះ បណ្តាលអោយមនុស្ស ២នាក់បានស្លាប់ និង៤នាក់ទៀតរងរបួស។

ព្រឹត្តិការណ៍ពិព័រណ៌អាកាសចរណ៍មួយ រៀបចំឡើងនៅឯអាកាសយានដ្ឋាន Borgond ក្នុងទីក្រុងហ្ស៊ីកស្វេកហើវ៉ា មានចម្ងាយប្រហែល ៧០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីប៊ុយដាប៉ែស។

ស្របពេលជាមួយគ្នានោះដែរ មានយន្តហោះមួយគ្រឿងបានធ្លាក់ពីលើអាកាស ហើយផ្ទុះឆេះនៅលើដី ខណៈដែលមនុស្សម្នារាប់ពាន់នាក់បានចូលរួមកម្មវិធីពិព័រណ៌អាកាសចរណ៍មួយនេះ។

ប៉ូលិសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមព័ត៌មានបឋម ក្រៅពីអ្នកបើកយន្តហោះ ក៏មានអ្នកដំណើរម្នាក់ទៀតនៅលើយន្តហោះធ្លាក់នោះផងដែរ ហើយជាលទ្ធផល អ្នកទាំងពីរបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

ចំណែកអ្នកនាំពាក្យរបស់សេវារថយន្តសង្គ្រោះជាតិ បានឱ្យដឹងថា គ្រោះថ្នាក់នេះក៏បានបណ្តាលអោយមនុស្ស៤នាក់នៅលើដីរងរបួសផងដែរ ក្នុងនោះមាន ៣នាក់រងរបួសធ្ងន់ធ្ងរ។ អ្នករងរបួសធ្ងន់រួមមានស្រ្តីម្នាក់ បុរសម្នាក់ និងក្មេងស្រីម្នាក់ ចំណែកក្មេងប្រុសម្នាក់ទៀតរបួស្រាល៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner