លោកស្រី អ៊ុង ចាន់ថុល៖ វិទ្យុស្រ្តីមានមហិច្ចតា បង្កើនការផ្សព្វផ្សាយតាមបែបឌីជីថលឱ្យកាន់តែទូលាយ ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិអំណាច និងការចូលរួមរបស់ស្រ្តី

អត្ថបទដោយ៖
CPA

(ភ្នំពេញ)៖ លោកស្រី អ៊ុង ចាន់ថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានលើកឡើងថា វិទ្យុស្រ្តីមានមហិច្ចតា បង្កើនការផ្សព្វផ្សាយតាមបែបឌីជីថលឱ្យកាន់តែទូលាយបន្ថែមទៀត ដើម្បីរួមចំណែកជួយលើកកម្ពស់សិទ្ធិអំណាច និងការចូលរួមរបស់ស្រ្តីនៅក្នុងសង្គម។
លោកស្រីបានថ្លែងដូចនេះ ក្នុងឱកាសដែលអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ឬអាចហៅថា វិទ្យុស្រ្តី បានប្រកាសបើកដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិទ្យុអនឡាញ ផតខាស និងគេហទំព័រថ្មីរបស់ខ្លួន កាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានលើកឡើងថា អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលមួយ មិនស្វែងរកប្រាក់ចំណេញ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាមធ្យោបាយលើកកម្ពស់សិទ្ធិស្ត្រី យុវតី រួមទាំងជនងាយរងគ្រោះ។
លោកស្រីថ្លែងថា ៖ «អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយ ដូចជា ផ្តល់អំណាចដល់ស្ត្រី និងទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងកុមារ, ផ្តល់ឱ្យប្រជាជនកម្ពុជាទទួលបានព័ត៌មានដ៏ត្រឹមត្រូវ ,និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់សាធារណជន»។

ជាមួយគ្នានេះ លោកស្រី Friederike Burket តំណាងម្ចាស់ជំនួយមកពីអង្គការ GIZ បានបង្ហាញការសារទរចំពោះការសម្រេចបន្ថែមការផ្សព្វផ្សាយ តាមរយៈវិទ្យុអនឡាញ ផតខាស និងគេហទំព័រថ្មីរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជានាពេលនេះ។ លោកស្រីបន្តថា សមិទ្ធផលទាំងនេះ នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាសង្គមនានាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកស្រីបានថ្លែងថា ៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញភាពរីចំរើនរបស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជាពីវិទ្យុប្រពៃណី រហូតមកដល់ការបង្កើត Appថ្មីរបស់ខ្លួន មានទាំងភាសាខ្មែរ និងភាសាអង់គ្លេសដូចពេលនេះ ដែលបានជួយជាពិសេសដល់បញ្ហាយេនឌ័រ, ភាពជាអ្នកដឹកនាំរបស់ស្ត្រី, លទ្ធិប្រជាធិបតេយ្យ ខណៈ GIZ នឹងបន្តគាំទ្រលើកិច្ចការងាររបស់វិទ្យុស្រ្តី ដើម្បីឱ្យវិទ្យុនេះមានដំណើរការ និងបន្តអភិវឌ្ឍន៍ទៅមុខ»។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ហួត ឃាងវែង រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានសាទរនូវការបើកសម្ពោធនេះផងដែរ ដោយលោកបញ្ជាក់ថា នេះជាសញ្ញានៃការរីកចំរើននៃវិស័យព័ត៌មានកម្ពុជាមួយកម្រិតទៀត តាមរយៈការចូលរួមពីវិស័យឯកជន និងភាគីពាក់ព័ន្ធ។
ឯកឧត្តម មានប្រសាសន៍ថា ៖ «ការសម្ពោធនេះ គឺបង្ហាញថា វិទ្យុស្រ្តីមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញវិស័យព័ត៌មានតាមបែបឌីជីថល ដូចជាការបង្កើត App ហើយខ្ញុំក៏លើកទឹកចិត្តឱ្យវិទ្យុនេះដំណើរការជោគជ័យ ហើយផលិតព័ត៌មាន មាតិកា កម្មវិធីនានា ដើម្បីជាប្រយោជន៍ដល់សង្គម ក្នុងចូលរួមចំណែកអភិវឌ្ឍន៍លទ្ធិប្រធិបតេយ្យកម្ពុជា ពិសេសរួមចំណែកជាមួយក្រសួងព័ត៌មានកម្ពុជា»។
សូមបញ្ជាក់ថា បច្ចុប្បន្ន អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានកម្មវិធីសំខាន់ៗជាច្រើនដូចជា វេទិកាស្រ្តីប្រចាំខែ កម្មវិធីឱកាសស្ត្រី ល្ខោនវិទ្យុកម្សាន្តអប់រំ និងកម្មវិធីអប់រំសម្បូរបែបជាច្រើនផ្សេងទៀត រួមនឹងការបណ្តុះបណ្តាលយុវជនពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលកម្មវិធីទាំងនោះមានផ្សព្វផ្សាយនៅលើ Website, Facebook, Telegram, TikTok, YouTube, Podcast, and Radio App ដែលទើបតែសម្ពោធឱ្យដំណើរការនាពេលនេះផងដែរ ៕

ដោយ ៖ បូរ ពេជ្យហ្សាលីន

ads banner