ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ត្រូវបានតែងតាំងជាប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសេចក្ដីសម្រេចតែងតាំងសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានប្រគល់តួនាទីជូនឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដោយអនុប្រធាន៣រូប អនុប្រធានប្រចាំការ ១រូប និងសមាជិកជាច្រើនរូបទៀត ។
អនុប្រធាន៣រូបនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ព្រំ សុខា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ ។
ក្នុងឱកាសបន្តចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ កញ្ញា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាក្ដីកង្វល់ទាំងក្នុងតំបន់ និងសកលលោក។ សម្ដេចធិបតី បានអះអាងថា សម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដើម្បីពង្រីកវិសាលភាពនៃការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧបនាយករដ្ឋមន្ដ្រីមួយរូប ជាប្រធានអាជ្ញាធរនេះ ហើយមានឧបនាយករដ្ឋមន្ដ្រី ៣រូបអម ក្នុងនោះមាន ការពារជាតិ មហាផ្ទៃ និងយុត្តិធម៌ ព្រមទាំងរដ្ឋមន្ដ្រីពាក់ព័ន្ធទាំងអស់ចូលជាសមាជិក ហើយយន្ដការនេះត្រូវតម្លើងកម្រិត ហើយមានទេសរដ្ឋមន្ដ្រីម្នាក់ ជាអនុប្រធានប្រចាំការដឹកនាំតែម្ដង ។ ការសម្រេចតម្លើងកម្រិតដឹកនាំនេះ គឺដើម្បីបង្ហាញអំពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមិនខុសពីនីតិកាលកន្លងទៅ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។
គួររំលឹកដែរថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាល នីតិកាលទី៧ បានប្រគល់ភារកិច្ចជូន ទេសរដ្ឋមន្រ្តី ព្រុំ សុខា ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួសឯកឧត្តម កែ គឹមយ៉ាន ។ (មានឃ្លីបប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត ខ្លី ត្រង់ចំណុចនេះ)
សូមជម្រាបថា កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមកម្ពុជា មុនឈានដល់ការបង្កើតរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ ។ ក្នុងន័យនេះ សម្តេចតេជោ បានណែនាំឲ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំង និងបង្ក្រាបលើការជួញដូរគ្រឿងញៀន ។
ជាមួយនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតឲ្យធ្វើកំណែទម្រង់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ។ សម្តេចតេជោ បានគូសរំលេចថា បើការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ទទួលបានជោគជ័យ វាគឺជាសមិទ្ធផលដ៏ធំមួយឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ៕
ដោយ ៖ វណ្ណលុក