ចិននឹងផាកពិន័យយ៉ាងធ្ងន់ធ្ងរទៅលើស្ថាប័ន ឬគ្រូបង្រៀនក្រៅផ្លូវការដោយខុសច្បាប់
ប៉េកាំង៖ ក្រសួងអប់រំនៃប្រទេសចិនបានគូសបញ្ជាក់ថា សេវាកម្មបង្រៀនដែលគ្មានអាជ្ញាប័ណ្ណនៅក្នុងប្រទេសចិន អាចប្រឈមនឹងការផាកពិន័យរហូតដល់ទៅជាង១៣ពាន់ដុល្លារអាមេរិក ។បច្ចុប្បន្ននេះក្រសួងអប់រំចិនកំពុងស្វែងរកមធ្យោបាយចាត់វិធានការទៅលើគ្រូបង្រៀន ឬស្ថាប័នដែលឆ្លៀតឱកាសរកប្រាក់កម្រៃបន្ថែមក្រៅពីការអប់រំផ្លូវការនៅសាលារៀន។
ការអប់រំក្រៅផ្លូវការទាំងអស់នោះមានដូចជា ថ្នាក់រៀនក្រៅម៉ោង ថ្នាក់រៀនបំប៉ន ឬរៀនបន្ថែមដោយត្រូវបង់លុយ ពោលគឺការបើកបង្រៀនថ្នាក់ឯកជន ក្រៅពីសាលារៀនរបស់រដ្ឋដែលបានផ្ដល់ជូន។ វិធានការនេះគឺដើម្បីលើកកម្ពស់វិស័យអប់រំឱ្យបានកាន់តែប្រសើរឡើង។
ការប្រកាសដោយក្រសួងអប់រំចិននៅលើទូរទស្សន៍ CCTV របស់រដ្ឋចិននេះ ធ្វើឡើងកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា ម្សិលមិញ។ នេះគឺជាវិធានការថ្មីបំផុតរបស់អាជ្ញាធរចិនដែលនឹងដាក់ចេញឱ្យអនុវត្ត ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំ និងកាត់បន្ថយសម្ពាធការសិក្សាទៅលើសិស្សានុសិស្ស។
កាលពីឆ្នាំ២០២១ ទីក្រុងប៉េកាំងបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីកដុះដាលនៃឧស្សាហកម្មបង្រៀនឯកជន ដែលបានកើនឡើងយ៉ាងឆាប់រហ័ស បើគិតជាទឹកប្រាក់គឺស្មើនឹង ១២០ ប៊ីលានដុល្លារអាមេរិក។ វិធានការនេះ ក៏មានបំណងដើម្បីបន្ធូរបន្ថយសម្ពាធលើការសិក្សារបស់កុមារ និងជំរុញអត្រាកំណើតរបស់ប្រទេសចិន តាមរយៈការកាត់បន្ថយការចំណាយរបស់គ្រួសារ។
ក្រសួងបានបន្តថា ទោះជាយ៉ាងណា បញ្ហាដូចជាការបង្រៀនក្រៅផ្លូវការដែលគ្មានអាជ្ញាប័ណ្ណ នៅតែបន្តមានដោយមានកម្រិតខុសៗគ្នាទៅតាមតំបន់ ហើយបញ្ហាស្ថាប័នមួយចំនួនដែលបានយកលុយពីសិស្សានុសិស្សហើយក៏បានរត់គេចខ្លួន នៅតែបន្តកើតមានផងដែរ។ ក្រសួងបានសង្កត់ធ្ងន់ថា ៖ «ដូច្នេះហើយ យើងត្រូវមានវិធានការច្បាប់បន្ទាន់មួយដើម្បីកែលម្អប្រព័ន្ធច្បាប់ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលក្រៅផ្លូវការ»។
បន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសចិនមានការធ្លាក់ចុះ ធ្វើឱ្យប្រជាជនចិនត្រូវប្រឈមមុខនឹងការបាត់បង់ទំនុកចិត្តក្នុងការហ៊ានចំណាយ និងកំពុងប៉ះពាល់យ៉ាងខ្លាំងដល់ផែនការរបស់ដៃគូភាគច្រើនក្នុងការសម្រេចចិត្តរៀបការ ឬផែនការមានកូន។
បន្ថែមលើនេះ បញ្ហាចំនួនប្រជាជនវ័យចំណាស់ក៏កំពុងមានកំណើនលឿនបំផុតផងដែរនៅក្នុងពិភពលោក បើធៀបនឹងបណ្ដាប្រទេសដទៃ។ គួរដឹងដែរថា តម្លៃអប់រំខ្ពស់ត្រូវបានប្រជាជនចិនលើកឡើងថា គឺជាកត្តាដ៏សំខាន់បំផុតដែលពួកគេមិនចង់មានកូន៕ ប្រែសម្រួល៖ ធា សុណា