គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់រដ្ឋធានីប៉េកាំង ដើម្បីបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ នៅប្រទេសចិន

ភ្នំពេញ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ ឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំដែងការគួរសមដោយឡែកពីគ្នាជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។

កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមាន៖ ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់ និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍រួម ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍ អាស៊ាន- ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សម្ដេចធិបតីក៏មានកម្មវិធីបន្ថែមមួយចំនួនផងដែរក្នុងនោះរួមមាន៖ សម្ដេចនាយករដ្ឋមន្ត្រី នឹងទទួលជួបសម្ដែងការគួរសមដោយឯកឧត្តម លី នីង អគ្គលេខាធិការបក្សតំបន់ស្វយ័ត្នជនជាតិជាំងក្វាងស៊ី ហើយនិងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី២០ ព្រមទាំងអញ្ជើញកាត់ខ្សែបូរណ៌សម្ពោធពន្លាជាតិកម្ពុជា និងសម្ពោធស្តង់ពិព័រណ៍កម្ពុជាផងដែរ។

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏អញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) លើកទី៣ ៕

អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner