ព្រះសង្ឃ ក្រសួង និងអាជ្ញាធរណែនាំឱ្យប្រជាពលរដ្ឋចូលរួមរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ប្រពៃណីខ្មែរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ មានថេរដីកាឱ្យដឹងថា ក្នុងនាមព្រះសង្ឃក្នុងព្រះពុទ្ធសាសនា និងដែលជាព្រះពុទ្ធសាសនារបស់រដ្ឋថែមទៀតនោះ ព្រះអង្គគាំទ្រចំពោះក្រសួងក៏ដូចជាអាជ្ញាធរ ដែលណែនាំឱ្យមានការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទានឆ្នាំ២០២៣ ដែលជាបុណ្យប្រពៃណីរបស់ខ្មែរ។

ព្រះអង្គមានថេរដីកាដូចនេះបន្ទាប់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ ស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជន ខ្មែរគ្រប់ៗរូបដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។

ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន មានថេរដីកាឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា ថា ៖ «ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ជាដើមនេះ ជាបុណ្យប្រពៃណីជាតិ និងសាសនា ព្រះសង្ឃ មន្ត្រីសង្ឃគ្រប់វត្តអារាម ក្នុងរាជធានីភ្នំពេញ ក៏ដូចជាទីអារាមផ្សេងៗ តែងតាក់តែងរៀបចំតែងលម្អ មានការរៀបចំទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ រួមជាមួយនឹងទង់សក្ការៈបូជាផ្សេងៗ ទៅតាមទីបូជនីយដ្ឋាន មានដូចជាព្រះពុទ្ធរូប និងមហាពោធិព្រឹកជាដើមធ្វើយ៉ាងណាឱ្យសមរម្យ»។

បើតាមសម្តេច ពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន នៅតាមបណ្តាស្ថាប័នក្រសួង មន្ទីរ និងទីសារធាណៈក៏មានការចងទង់ និងបដារផ្សេងៗផងដែរ។

ឯកឧត្តម សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់នៅថ្ងៃទី១៣ ខែកញ្ញា ដែរថា ជាគោលការណ៍ក្រសួងក៏នឹងចេញសេចក្តីណែនាំ ស្រដៀងគ្នាទៅនឹងរដ្ឋបាលរាជធានីភ្នំពេញទាក់ទងនឹងពិធីបុណ្យដ៏សំខាន់នេះដែរ។

ឯកឧត្តមបញ្ជាក់ថា ៖ « ខាងក្រសួងនឹងចេញសេចក្តីណែនាំ ទៅដល់ទីអារាម បូជនីយដ្ឋាន និងទីសក្ការៈបូជាផ្សេងទៀត ឱ្យរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ចងទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ និងតែងលម្អផ្សេងៗនៅតាមទីតាំងទាំងនោះផងដែរ»។

ឯកឧត្តម ឃួង ស្រេង តាមរយៈសេចក្តីណែនាំពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣បានស្នើឱ្យរដ្ឋបាលខណ្ឌទាំង ១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ និងមន្ទីរ-អង្គភាពជំនាញ រួមនឹងប្រជាពលរដ្ឋដាក់ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោកនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និងស្រស់ស្អាត។ត្រូវធ្វើការការណែនាំ និងអប់រំដល់យុវជនយុវនារី កុមារាកុមារី ដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ត្រូវយល់ដឹងឱ្យបានច្បាស់លាស់ និងទូលំទូលាយអំពីតម្លៃនៃពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយ មិនត្រូវបង្កជាបាតុភាព ឬសកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃន ព្រះពុទ្ធសាសនាឡើយ»។

ជាមួយគ្នាដែរឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព នៅតាមមូលដ្ឋានរបស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយ កើតឡើងជាយថាហេតុ។

ឯកឧត្តមក៏បានលើកឡើងតាមរយៈសេចក្តីណែនាំនេះដែរដោយឱ្យមន្ទីរសុខាភិបាល រៀបចំផែនការការពារសុខភាព ដោយត្រូវត្រៀម ក្រុមគ្រូពេទ្យ ឱសថ សម្ភារៈបរិក្ខារសុខាភិបាល និងរថយន្តគិលានសង្គ្រោះប្រចាំការនៅតាមតំបន់ រមណីយដ្ឋាន និងទីប្រជុំជនកម្សាន្តនានា ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលមានបញ្ហាសុខភាព ឱ្យបានទាន់ពេលវេលា៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner