លោក ម៉ាឌូរ៉ូ៖ អវកាយានិកវ៉េណេស៊ុយអេឡានឹងទៅឋានព្រះចន្ទតាមយានអវកាសចិន

ប៉េកាំង៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូលឡាស់ ម៉ាឌូរ៉ូ បាននិយាយថា ប្រទេសរបស់គាត់អាចនឹងបញ្ជូនអវកាសយានិកដំបូងរបស់ខ្លួនទៅឋានព្រះចន្ទតាមយានអវកាសចិន ហើយបានសាទរកិច្ចព្រមព្រៀងសហប្រតិបត្តិការវិទ្យាសាស្រ្ត ដែលលោកបានឈានដល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូលឡាស់ ម៉ាឌូរ៉ូ បានប្រកាសក្នុងអំឡុងជំនួបរបស់លោកជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង នៅថ្ងៃទី១៣ ខែកញ្ញានេះថា ប្រទេសទាំងពីរបានយល់ព្រមក្នុងការបណ្តុះបណ្តាលអវកាសយានិកវ័យក្មេងវ៉េណេស៊ុយអេឡានៅក្នុងប្រទេសចិន ជាមួយនឹងផែនការបញ្ជូនពួកគេទៅកាន់ឋានព្រះចន្ទ។

លោក ម៉ាឌូរ៉ូ បាននិយាយយ៉ាងដូច្នេះថា ក្រុមការងារពិសេសមួយនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកវិទ្យា ឧស្សាហកម្ម និងអវកាស នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗនេះ ក្នុងនោះមានបុរស និងស្រី្តដំបូងវ៉េណេស៊ុយអេឡានឹងទៅកាន់ឋានព្រះចន្ទតាមយានអវកាសចិន។

លោកថា ឆាប់ៗនេះ យុវជនវ៉េណេស៊ុយអេឡានឹងមកទីនេះ ដើម្បីត្រៀមខ្លួនធ្វើជាអវកាសយានិកនៅក្នុងសាលារបស់ចិន ខណៈដែលចិនមានផែនការបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទនៅឆ្នាំ ២០៣០ ហើយសាងសង់មូលដ្ឋាននៅទីនោះ។

សូមបញ្ជាក់ថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ បានចាក់បញ្ចូលប្រាក់រាប់ពាន់លានដុល្លារ ទៅក្នុងកម្មវិធីអវកាសដែលគ្រប់គ្រងដោយយោធារបស់ខ្លួន ដើម្បីជំរុញតាមឱ្យទាន់សហរដ្ឋអាមេរិក និងរុស្ស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner