អង្គការសហប្រជាជាតិអំពាវនាវសុំជំនួយបន្ទាន់ ៧១លានដុល្លារ ជួយដល់ជនរងគ្រោះទឹកជំនន់នៅលីប៊ី

ហ្សឺណែវ៖ អង្គការសហប្រជាជាតិកំពុងស្វែងរកចំនួយថវិកាជាបន្ទាន់មានទំហំជាង ៧១លានដុល្លារ ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយបំផុត បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ខ្លាំងក្លាវាយប្រហារប្រទេសលីប៊ីកាលពីចុងសប្តាហ៍មុន។

ឥទ្ធិពលព្យុះ Daniel បានវាយប្រហារប្រទេសលីប៊ី កាលពីថ្ងៃទី១០ ខែកញ្ញានេះ ដោយអភិបាលក្រុងឌើនណា លោក Abdulmenam al-Ghaithi បានប្រាប់ទូរទស្សន៍ Al Arabiya របស់អារ៉ាប៊ីសាអូឌីតថា យោងតាមការប៉ាន់ស្មាន ចំនួនអ្នកស្លាប់ក្នុងទីក្រុងនេះ អាចនឹងកើនឡើងចាប់ពីចន្លោះ ១៨,០០០នាក់ ដល់ ២០,០០០នាក់ ផ្អែកលើចំនួនស្រុកដែលរងការបំផ្លាញដោយទឹកជំនន់។

នៅក្នុងការអំពាវនាវភ្លាមៗមួយនៅថ្ងៃទី១៤ ខែកញ្ញានេះ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ដៃគូមនុស្សធម៌របស់ខ្លួនត្រូវការប្រាក់ ៧១.៤លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់បំផុតរបស់មនុស្សប្រមាណ ២៥០,០០០នាក់ ក្នុងចំណោមជនរងគ្រោះ ៨៨៤,០០០នាក់។

កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានអង្គការ OCHA លោក Martin Griffiths ក៏បានប្រកាសផ្តល់មូលនិធិសង្គ្រោះបន្ទាន់ចំនួន ១០លានដុល្លារដល់ប្រទេសលីប៊ី។ ដោយឡែកសហរដ្ឋអាមេរិក សហភាពអឺរ៉ុប តួកគី អេមីរ៉ាតអារ៉ាប់រួម និងប្រទេសមួយចំនួនទៀតក៏បានបញ្ជូន ឬសន្យាផ្តល់ជំនួយរួចហើយដែរ ខណៈដែលក្រុមជួយសង្គ្រោះអន្តរជាតិត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកអ្នកនៅរស់ រានមានជីវិត និងរុករុកសាកសពជនរងគ្រោះដទៃទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner