រដ្ឋន្ត្រីការងារ ស្នើទីភ្នាក់ងារ JICA បន្តបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់ ៧% ឡើងវិញ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) សូមបន្តអភិវឌ្ឍធនធានមនុស្សលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើនកម្លាំងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់អត្រា ៧% ឡើងវិញ ។

ការស្នើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ខាងលើនេះ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក សានុយ កាហ៊្សុម៉ាសា (Sanui Kazumasa) ប្រធានទីភ្នាក់ងារ JICA នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាចំណុចគន្លឹះក្នុងការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា ជាពិសេសវិនិយោគិនជប៉ុន ដែលអាចចាត់ទុកបានថា ជាចំណុចគន្លឹះមួយសម្រាប់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧% ឡើងវិញនៅថ្ងៃអនាគត និងសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយ «កម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០» ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រេចឱ្យបាននូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។

ជាការឆ្លើយតប លោក សានុយ កាហ៊្សុម៉ាសា បានឯកភាពក្នុងការពិនិត្យសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យ៉ាងយកចិត្តទុកដាក់ ហើយក៏បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ JICA ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។

លោកប្រធានទីភ្នាក់ងារ JICA បានសង្កត់ធ្ងន់ថា «ដើម្បីឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការនេះ ជប៉ុនមានគម្រោងបង្កើនចំនួនបុគ្គលិកស័្មគ្រចិត្តរបស់ JICA ពី៣០នាក់ នៅឆ្នាំ២០២៣នេះ ទៅដល់ ៦០នាក់ នៅឆ្នាំក្រោយ»។

យ៉ាងណាក៏ដោយ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យកាន់តែជិតស្និទ្ធ ខណៈរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនក៏បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២៣នេះផងដែរ ៕

ដោយ ៖ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner