ថៃ៖ លោក Pita លាលែងពីតំណែងជាមេបក្ស Move Forward

បាងកក៖ លោក Pita Limjaroenrat បានលាលែងពីតំណែងជាមេដឹកនាំគណបក្ស Move Forward ដោយបើកផ្លូវសម្រាប់សមាជិកដទៃទៀតនៃគណបក្សនេះ ដើម្បីដឹកនាំក្រុមប្រឆាំងដ៏ធំបំផុតនៅក្នុងសភារបស់ប្រទេសថៃមួយនេះ។

លោក Pita បាននិយាយ តាមរយៈបណ្តាញហ្វេសប៊ុករបស់លោក កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា៖ «រដ្ឋធម្មនុញ្ញបច្ចុប្បន្នបានបញ្ជាក់ថា មេបក្សប្រឆាំងត្រូវតែជាសមាជិកសភា ..យ៉ាងណាក៏ដោយ ខ្ញុំនៅតែត្រូវព្យួរតួនាទីជាសមាជិកសភា តាមដីការបស់តុលាការ។ បន្ទាប់មក ខ្ញុំមិនអាចធ្វើការក្នុងសភាក្នុងនាមជាមេបក្សប្រឆាំង នៅពេលខាងមុខនេះទេ»។

លោក Pita មិនបានបញ្ជាក់ថា នរណានឹងជំនួសលោកជាប្រធានគណបក្សនោះទេ។

គួររម្លឹកថា លោក Pita ក្នុងវ័យ ៤៣ ឆ្នាំបានដឹកនាំគណបក្សផ្លាស់ទីឆ្ពោះទៅមុខ «Move Forward» អំឡុងការបោះឆ្នោតសកល កាលពីថ្ងៃទី ១៤ ខែឧសភា ដោយទទួលបានអាសនៈចំនួន ១៥១ ក្នុងចំណោម ៥០០ អាសនៈ ហើយក្លាយជាគណបក្សដ៏ធំបំផុត នៅក្នុងសភាជាន់ទាប។

ប៉ុន្តែលោកបានបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី ១៣ ខែកក្កដា ដោយសារសមាជិកព្រឹទ្ធសភា ភាគច្រើន មិនគាំទ្រលោក ខណៈដែលគោលនយោបាយកែទម្រង់របស់ បក្សផ្លាស់ទីឆ្ពោះទៅមុខ ក៏មានការស្នើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។ កាលពីថ្ងៃទី ១៩ ខែកក្កដា តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានព្យួរឈ្មោះ Pita ជាសមាជិកសភាជុំវិញការកាន់កាប់ភាគហ៊ុនរបស់លោក នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ។ ការព្យួរនៅទីបំផុត បានរារាំងលោកពីការបន្តឈរបេក្ខជននាយករដ្ឋមន្ត្រី ជាលើកទីពីរ៕ ប្រភពពី Nikkei Asia ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner