វៀតណាម៖ ភ្លើងឆេះអគារ Apartment ស្លាប់មនុស្ស ៥៦នាក់ ព្រោះកង្វះការត្រួតពិនិត្យ

ហាណូយ៖ «វិធានការបំពានសុវត្ថិភាព» នៅប្លុកផ្ទះល្វែង (Apartment) ក្នុងទីក្រុងហាណូយ ដែលត្រូវភ្លើងឆាបឆេះស្លាប់មនុស្ស ៥៦នាក់ មិនត្រួវបានត្រួតពិនិត្យ (Checked) អស់រយៈពេល ជាច្រើនឆ្នាំ។

កាលពីយប់ថ្ងៃអង្គារ សប្តាហ៍នេះ អគ្គិភ័យបានលេបត្របាក់ Apartment មួយខ្នង នៅផ្លូវ Khuong Ha ក្នុងសង្កាត់ Thanh Xuan ទីក្រុងហាណូយ បណ្ដាលឲ្យមនុស្ស ៥៦ នាក់ស្លាប់ និង ៣៧ នាក់ផ្សេងទៀតរងរបួស ដោយក្នុងចំណោមជនរងគ្រោះ មាន១០នាក់ ជាកុមារ។

ឧបទ្ទវហេតុនេះគឺជាអគ្គីភ័យដ៏សាហាវបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ២១ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការឆេះនៅផ្សារទំនើប ITC ក្នុងទីក្រុងហូជីមិញ ដែលបានសម្លាប់មនុស្ស ៦០ នាក់ក្នុងឆ្នាំ ២០០២។

មួយថ្ងៃបន្ទាប់ពីអគ្គីភ័យនៅទីក្រុងហាណូយ ម្ចាស់អគារឈ្មោះ Nghiem Quang Minh អាយុ ៤៤ ឆ្នាំត្រូវបានចាប់ខ្លួន ហើយឥឡូវនេះកំពុងត្រូវបានស៊ើបអង្កេតពីបទបំពានច្បាប់សុវត្ថិភាពអគ្គីភ័យ។

កាលពីប្រាំបីឆ្នាំមុន លោក Minh ទទួលបានអាជ្ញាប័ណ្ណសាងសង់ផ្ទះនៅលើផ្ទៃដីទំហំ ២៤០ម៉ែត្រការ៉េ (240 sq.m.) ដោយរដ្ឋបាលសង្កាត់ Thanh Xuan អនុញ្ញាតឱ្យលោក សង់ផ្ទះប្រាំមួយជាន់។
ទោះជាយ៉ាងណាក៏ដោយ លោក Minh បានប្រែក្លាយគម្រោងនេះទៅជាអគារ មីនី អាផាតមិន(Mini Apartment) កម្ពស់ ១០ ជាន់ ដែលមានផ្ទះល្វែងចំនួន ៤ទៅ៥ នៅជាន់នីមួយៗ ហើយបានលក់វាទៅឱ្យ ៤៥ គ្រួសារ។

លោក Bui Xuan Thai អ្នកជំនាញនៅ សមាគមពន្លត់អគ្គីភ័យ និងសង្គ្រោះវៀតណាម
បាននិយាយថា៖ «ម្ចាស់ អាផាតមិន បានគេចពីច្បាប់ ហើយបានសុំអាជ្ញាប័ណ្ណសាងសង់ផ្ទះមានកម្ពស់តិចជាង ៧ ជាន់ ដើម្បីកុំឲ្យអគារត្រូវបានគេត្រួតពិនិត្យសម្រាប់ការរចនា និងឧបករណ៍ពន្លត់អគ្គិភ័យ»។

យោងតាមបទប្បញ្ញត្តិដែលមានស្រាប់ស្តីពីបច្ចេកទេសសុវត្ថិភាពអគ្គីភ័យ អគារដែលមានកម្ពស់ប្រាំពីរជាន់ ឬលើសពីនេះ ត្រូវតែមានវិញ្ញាបនបត្រការពារអគ្គីភ័យ ដែលតម្រូវឲ្យអគារនោះមានផ្លូវរត់គេច ចំនួនពីរ ជាមួយនឹងឧបករណ៍ជាក់លាក់ ដើម្បីការពារ និងពន្លត់ភ្លើងនៅពេលចាំបាច់៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner