នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀន
បាងកក៖ រាជរដ្ឋាភិបាលថៃបានប្តេជ្ញាថា នឹងប្រឹងប្រែងលុបបំបាត់គ្រឿងញៀន ជាពិសេស ថ្នាំមេតំហ្វេតាមីន ក្នុងរយៈពេល៤ឆ្នាំ ដែលចាត់ទុកជារបៀបវារៈជាតិថ្មី។
រដ្ឋាភិបាលថៃក៏នឹងប្តេជ្ញា ក្នុងគោលដៅរយៈពេលខ្លី ដើម្បីទប់ស្កាត់គ្រឿងញៀន ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ក្នុងឆ្នាំដំបូង ហើយបានអំពាវនាវដល់សាធារណជនឱ្យចូលរួមកិច្ចខិតខំប្រឹងប្រែង បង្ក្រាបគ្រឿងញៀន។
លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបាននិយាយ កាលថ្ងៃទី១៧ ខែកញ្ញាថា រាជរដ្ឋាភិបាលចង់បំបែក «រង្វង់នៃបញ្ហាគ្រឿងញៀន» ចាប់ពីការរត់ពន្ធ រហូតដល់ការញៀនគ្រឿងញៀន និងការលាងលុយ។
នាយករដ្ឋមន្ត្រីថៃរូបនេះត្រូវបានគេដឹងថា ក៏មានតួនាទីជាប្រធានគណៈកម្មាធិការប្រឆាំងគ្រឿងញៀន ដែលមានសមាជិក រួមមានទាំងរដ្ឋមន្ត្រីខុទ្ទកាល័យមួយចំនួន ប្រធានក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀន និងអគ្គស្នងការនគរបាលជាតិ។
លោក ស្រេតថា បានមានប្រសាសន៍ថា «ការឯកភាពគ្នាមួយត្រូវបានឈានដល់ក្នុងចំណោមគណបក្សចម្រុះទាំង ១១ ក៏ដូចជា គណបក្សផ្សេងទៀតទាំងអស់ នៅក្នុងបក្សប្រឆាំងថា តម្រូវការក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនគឺមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈ»។
លោក ស្រេតថា ថាវីស៊ីន បាននិយាយថា ការពន្លឿនដំណើរការរឹបអូសទ្រព្យសម្បត្តិរបស់ឈ្មួញគ្រឿងញៀន គឺជាគន្លឹះក្នុងការកាត់ផ្តាច់ពួកគេ និងបណ្តាញរបស់ពួកគេចេញពីធនធានទាំងនេះ។
លោកបានថ្លែងថា៖ «សូមធ្វើ ថ្ងៃនេះ ជាការចាប់ផ្តើមប្រយុទ្ធថ្មីមួយ ដើម្បីបំបាត់បញ្ហាគ្រឿងញៀនពីសង្គម៕ ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត