ដើមនិទាឃរដូវ អូស្ត្រាលីកំពុងប្រឈមនឹងរលកកម្តៅដែលមិនធ្លាប់មាន

កង់បេរ៉ា៖ ការិយាល័យអាកាសធាតុនៃប្រទេសអូស្ត្រាលីបាននិយាយថា នាដើមនិទាឃរដូវស្ទើរទាំងស្រុងនៃភាគអាគ្នេយ៍ រួមទាំងទីក្រុងស៊ីដនី នឹងប្រឈមរលកកម្តៅកាន់តែខ្លាំង ដោយគេរំពឹងថាសីតុណ្ហភាព នឹងកើនឡើងចំនួន ១៦អង្សាសេបន្ថែមពីលើសីតុណ្ហភាពជាមធ្យមនៃខែកញ្ញា។

ប្រទេសអូស្ត្រាលីកំពុងរងប៉ះពាល់នៃរលកកម្តៅដែលកំពុងកើនឡើងនៅក្នុងមួយភាគធំរបស់ប្រទេស ដោយវាបានចាប់ផ្តើមតាំងពីចុងសប្តាហ៍កន្លងទៅថ្មីនេះ ហើយវាទំនងជាបន្តរហូតដល់ថ្ងៃពុធនៅទូទាំងរដ្ឋ South Australia រដ្ឋ Victoria និងរដ្ឋ New South Wales។

ការិយាល័យឧតុនិយមអូស្ត្រាលីបានឱ្យដឹងបន្ថែមថា ខ្លួនរំពឹងថាកំណត់ត្រាអាកាសធាតុដើមនិទាឃរដូវចាស់ ទំនងជាត្រូវបានបំបែកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ និងបានហៅវាថាជា ខែកញ្ញាមិនធម្មតា។

ជាមួយគ្នានេះដែរ កាលពីថ្ងៃអាទិត្យរលកកម្តៅនេះ បានធ្វើឱ្យអត្តពលិករត់ប្រណាំងនៅក្នុងកម្មវិធីម៉ារ៉ាតុងនាទីក្រុងស៊ីដនីចំនួន ២៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងចំនួនប្រមាណ ៤០ នាក់ផ្សេងទៀតត្រូវបានព្យាបាលសង្គ្រោះបឋមក្រោមមូលហេតុអស់កម្លាំងខ្លាំងពេកដែលបង្កមកពីរលកកម្តៅ។

ការព្យាកររបស់ការិយាល័យអាកាសធាតុបានបង្ហាញថា សីតុណ្ហភាពនៅភាគខាងលិចទីក្រុងស៊ីដនី នឹងអាឡើងដល់ ៣៦ អង្សាសេ (96.8 F) នៅថ្ងៃចន្ទនេះ ហើយវានឹងអាចធ្លាក់ចុះដល់ប្រហែល ២២ អង្សាសេ (71 F) វិញនៅថ្ងៃព្រហស្បតិ៍។

លើសពីនេះទៅទៀត រលកកម្តៅក៏បានបង្កើនហានិភ័យនៃអគ្គីភ័យនៅក្នុងតំបន់ជាច្រើនដែលងាយរងគ្រោះដែលបង្កមកពីអគ្គីភ័យ ខណៈអាជ្ញាធរអូស្ត្រាលីក៏បានជំរុញឱ្យពលរដ្ឋតាមតំបន់ត្រៀមខ្លួនសម្រាប់ភ្លើងឆេះព្រៃផងដែរ។ គិតត្រឹមពេលនេះ វាលស្មៅ ឬភ្លើងឆេះប្រហែល ៥០ កន្លែងកំពុងឆាបឆេះនៅទូទាំងរដ្ឋ New South Wales ប៉ុន្តែភ្លើងទាំងនេះស្ថិតក្នុងសភាពអាចគ្រប់គ្រងបាន។

ប្រទេសអូស្ត្រាលីកំពុងត្រៀមលក្ខណៈយ៉ាងខ្លាំងសម្រាប់និទាឃរដូវ និងរដូវក្តៅនៃអឌ្ឍគោលខាងត្បូងដែលគេរំពឹងថាក្តៅជាងឆ្នាំមុនៗ បូករួមទាំងលទ្ធភាពដែលអាចកើតឡើងនៃព្រឹត្តិការណ៍ El Nino។ អ្នកជំនាញព្យាករអាកាសធាតុអូស្តា្រលីបាននិយាយថា ព្រឹត្តិការណ៍អាកាសធាតុនេះទំនងជាអាចវិវត្តនៅចន្លោះខែកញ្ញាដល់ខែវិច្ឆិកា។

គួរជម្រាបថា ព្រឹត្តិការណ៍ El Nino អាចនឹងជំរុញឱ្យមានហានិភ័យផ្នែកអាកាសធាតុខ្លាំងរាប់ចាប់តាំងពីភ្លើងឆេះព្រៃរហូតដល់ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួតក្នុងប្រទេសអូស្ត្រាលី៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner