លោក គីម ជុងអ៊ុន អរគុណលោកពូទីនសម្រាប់ការបដិសណ្ឋារកិច្ច និងជូនពរឱ្យប្រទេសរុស្ស៊ីរីកចម្រើន
មូស្គូ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងអំណរគុណដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រជាជន និងអាជ្ញាធរនៃប្រទេសរុស្ស៊ី ចំពោះបដិសណ្ឋារកិច្ច ដោយបានបញ្ចប់ដំណើរទស្សនកិច្ច “ផ្លូវការ និងមិត្តភាព” របស់លោក នៅក្នុងប្រទេសរុស្ស៊ី មុនពេលចេញដំណើរតាមរថភ្លើងពិសេស ពីទីក្រុង Vladivostok ។
«លោក Kim Jong Un បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រធានាធិបតីរុស្ស៊ី ពូទីន អាជ្ញាធរ និងប្រជាជនរុស្ស៊ី ដែលបានយកចិត្តទុកដាក់ ជាពិសេស និងបដិសណ្ឋារកិច្ចដ៏សប្បុរស ក្នុងអំឡុងពេលស្នាក់នៅក្នុងសហព័ន្ធរុស្ស៊ី។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង បើកសករាជថ្មីនៃការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា និងការពង្រឹងទំនាក់ទំនងកូរ៉េ-រុស្ស៊ី»
នេះបើ យោងតាមរបាយការណ៍ស្តីពីដំណើរទស្សនកិច្ច របស់មេដឹកនាំកូរ៉េខាងជើង។
ប្រភពបន្ថែមទៀតថា ពិធីលាជូនដំណើរសម្រាប់មេដឹកនាំកូរ៉េខាងជើងនេះ មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Alexadner Kozlov អភិបាលតំបន់ Primorsky លោក Oleg Kozhemyako អភិបាលក្រុង Artyom លោក Vyacheslav Kwon និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងព្យុងយ៉ាង Alexander Matsegora ។
គួររម្លឹកថា ក្នុងបេសកកម្មលើកនេះ លោក គីម បានធ្វើដំណើរទស្សនកិច្ចទៅកាន់យានអវកាស Vostochny ជាកន្លែងដែលលោកបានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី ១៦ ខែកញ្ញា។ បន្ទាប់មក លោក Kim Jong Un បានបន្តទៅដល់តំបន់ Primorsky ហើយ នៅទីនោះ លោកបានទៅទស្សនាអាកាសយានដ្ឋាន Knevichi ជាកន្លែងដែលលោកបានជួប រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu ។
នៅថ្ងៃទី១៧ ខែកញ្ញា លោក Kim Jong Un បានទៅទស្សនាសាកលវិទ្យាល័យ Far East Federal University និងរោងចក្រនានានៃ Arnika Group ដែលមានឯកទេសខាងចំណីអាហារ និងសម្ភារៈ និងគ្រឿងផ្សំ៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត