ឧត្តមក្រុមប្រឹក្សាពិ​គ្រោះ និងផ្តល់យោបល់​ក្នុងអាណត្តិទី​៧នឹងអាចចេញជារូបរាងនៅក្នុងខែក​ញ្ញា ឬខែតុលាខាងមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានបង្ហាញសុទិដ្ឋិនិយមថា ឧត្តមក្រុមប្រឹក្សាពិ​គ្រោះ និងផ្តល់យោបល់នៅក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលថ្មីនេះ នឹងអាចចេញជារូបរាងនៅក្នុងខែក​ញ្ញា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រាប់​ឱ្យដឹងដូចនេះកាលពីថ្ងៃទី១៨ ខែកញ្ញា។ឯកឧត្តមបញ្ជាក់ថា ​ប៉ុន្តែការកើតចេញជារូបរាងឆាប់ៗនេះ ក៏​អាស្រ័យទៅលើការត្រួតពិនិត្យទៅលើសំណុំឯកសាររបស់គណបក្សនយោបាយនីមួយៗ និងពេលវេលារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផងដែរ​។​

សម្រាប់អាណត្តិថ្មីនេះ មាន​គណបក្សនយោបាយចំនួន ៣០ ក្នុងចំណោមគណបក្ស​នយោបាយដែលបានចុះបញ្ជីបានត្រឹមត្រូវនៅក្រសួងមហាផ្ទៃជាង ៤០ គណបក្ស​ ដែល​បាន​ដាក់ពាក្យស្នើសុំចូលរួមជាសមាជិកនៃ​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាអាណត្តិថ្មីនេះ ។  ​

ឯកឧត្តម ឈឹម ផលវរុណ ​បាន​បញ្ជាក់បន្ថែមថា ក្រោយពី​បិទបញ្ចប់ទទួលពាក្យស្នើសុំចូលរួមជាសមាជិកឧ ត្ត​​ម​ក្រុមប្រឹក្សា និង​ពិគ្រោះយោបល់​របស់គណបក្សនយោបាយទាំងនេះ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិ​​គ្រោះ និងផ្តល់យោបល់​ បានពិនិត្យលើសំណុំឯកសារបស់គណបក្សនយោបាយទាំងនោះរួចរាល់​ និង​បា​នបញ្ជូនទៅខុទ្ទកា​ល័យរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ រួចហើយដែរ កាលពីពាក់កណ្តាលសប្តាហ៍​មុន​ដើម្បីពិនិត្យ និងសម្រេច។ ​

ឯកឧត្តមបានបន្ថែមថា ​ពេលវេលាក្នុង​ការ​វិនិច្ឆ័យ​សម្រាប់គណបក្សនីមួយៗចំពោះលក្ខណៈសម្បត្តិជាសមា​ជិក គឺអាស្រ័យពេលវេលារបស់​លោក​​នាយករដ្ឋមន្ត្រី​ ពីព្រោះ​គណបក្សចូលរួមមានរហូតដល់ ៣០ គណបក្សដូចនេះ មិនអាចធ្វើប្រញាប់ប្រញាល់​បាននោះ​ទេ​។

សូមរម្លឹកដែរថា ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ បានចេញ​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹ​ត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុ​មប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ កាលពី​ចុងខែសីហាកន្លងទៅ ដោយ​មាន ​៧ ​ជំពូក និង​​២១ មាត្រា​៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner