នាយករដ្ឋមន្ត្រីកម្ពុជា ណែរនាំដល់រដ្ឋមន្ដ្រីការងារ ត្រូវបញ្ចប់ការចរចាប្រាក់ឈ្នួលកម្មករ ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំឭក និងដាក់កំហិតម្តងទៀត ឲ្យរដ្ឋមន្រ្តីក្រសួងការងារ ឯកឧត្តម ហេង សួរ ត្រូវបញ្ចប់ការចរចាប្រាក់ឈ្នួលកម្មករ ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ ។ ក្នុងនោះសម្តេចបានលើកឡើងថា បើកិច្ចចរចាមិនទាន់ចប់មុនភ្ជុំបិណ្ឌនោះទេ ក្រុមកម្មករនាំគ្នាទៅផ្ទះឯកឧត្តម ហេង សួរ ទៅ! ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តរួចហើយ ក្នុងការបន្តផ្ដល់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ដល់បងប្អូនកម្មករនិយោជិត ជាពិសេសប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺត្រូវតែមានការដំឡើង។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការងារត្រូវសន្យាជាមួយរាជរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាសម្រេចឲ្យបាន ចំពោះកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤ ខណៈក្រសួង បានឯកភាពគ្នារួចហើយ កំណត់កិច្ចពិភាក្សាចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តាមរយៈការបោះឆ្នោតសម្រេចលើតួលេខរួមមួយ។

សូមជម្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកការជជែកគ្នាជាលើកដំបូង នៅថ្ងៃទី១៦ ខែសីហា ក្នុងការកំណត់ប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំនោះ បានកំណត់ការចរចាចំនួន៦ដំណាក់កាល គឺនៅថ្ងៃទី២៨ ខែសីហា ថ្ងៃទី៤ ទី១១ ទី១៨ ទី២៥ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

បច្ចុប្បន្ននេះ កម្មករនិយោជិតម្នាក់ៗ ត្រូវគេដឹងថាទទួលបានប្រាក់ឈ្នួលសរុបជាមធ្យមចំនួន២៧៥ដុល្លារក្នុងមួយខែ ឬ ៣.៣០០ដុល្លារក្នុងមួយឆ្នាំ។ បន្ថែមពីលើនេះ កម្មករនិយោជិតក៏ទទួលបាននូវប្រាក់បំណាច់អតីតភាពការងារចំនួន៥% បន្ថែមទៀតនូវរៀងរាល់៦ខែម្តង។ ក្នុងពេលធ្វើការ កម្មករនិយោជិតទាំងអស់ទទួលបាននូវការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការធានារ៉ាប់រងសុខភាពដែរ។ នៅពេលដល់អាយុចូលនិវត្តន៍ កម្មករនិយោជិតទាំងអស់ក៏នឹងទទួលបាននូវប្រាក់សោធនមួយទៀតផង៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner