កងទ័ពអាស៊ែបៃហ្សង់វាយប្រហារតំបន់ណាហ្គូណូ-ការ៉ាបាក់ បង្កការភ័យខ្លាចថាសង្រ្គាមថ្មីនឹងផ្ទុះឡើង
អាស៊ែបៃហ្សង់៖ កងទ័ពនៃប្រទេសអាស៊ែបៃហ្សង់បានធ្វើការវាយប្រហារទៅលើតំបន់ណាហ្គូណូ-ការ៉ាប៉ាក់ ដែលគ្រប់គ្រងដោយអាមេនីទាំងព្រមានថា ខ្លួននឹងមិនឈប់ប្រតិបត្តិការយោធានេះទេ លុះត្រាតែកងកម្លាំងអាមេនីចុះចាញ់។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។
ការវាយប្រហារកាលពីថ្ងៃអង្គារ បានបង្កើនការភ័យខ្លាចថាសង្រ្គាមថ្មីនឹងផ្ទុះឡើងលើតំបន់ជម្លោះ ដែលមានប្រជាជនអាមេនីរស់នៅភាគច្រើន និងជាចំណុចក្ដៅជារឿយៗ រវាងភាគីជម្លោះដែលជារដ្ឋអតីតសហភាពសូវៀតទាំង២ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០។
អាស៊ែបៃហ្សង់បានហៅការវាយប្រហារចុងក្រោយរបស់ខ្លួននេះថា ជា «ប្រតិបត្តិការប្រឆាំងភេរវករ» ដែលចាប់ផ្ដើមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទាហាន ៤ នាក់ និងជនស៊ីវិល ២ នាក់ បានស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីន។ ក្រុងបាគូចោទប្រកាន់អាមេនីថា ជាអ្នកដាំគ្រាប់មីននោះ។
ក្រសួងការពារជាតិអាស៊ែបៃហ្សង់បាននិយាយថា ខ្លួនមានបំណងរំសាយអាវុធ និងធានាឱ្យបាននូវការដកខ្លួននៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអាមេនី ចេញពីទឹកដីដែលខ្លួនអះអាងថាជារបស់អាស៊ែបៃហ្សង់ ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់ពួកគេ។
ក្រសួងនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាស៊ែបៃហ្សង់ កាលពីថ្ងៃអង្គារ បានរឹបអូសប៉ុស្តិ៍យោធាជាង ៦០ និងបានបំផ្លាញរថយន្តយោធារហូតដល់ ២០ គ្រឿង រួមជាមួយនឹងឧបករណ៍យោធាផ្សេងៗទៀត។
ប្រតិកម្មទៅនឹងការវិវត្តន៍ចុងក្រោយនេះ ក្រសួងការបរទេសអាមេនីបានថ្កោលទោសការវាយប្រហារ ហើយបាននិយាយថា អាស៊ែបៃហ្សង់បាន «បើកការឈ្លានពានទ្រង់ទ្រាយធំមួយផ្សេងទៀតប្រឆាំងនឹងប្រជាជននៅណាហ្គូណូ-ការ៉ាបាក់ ដើម្បីបំពេញគោលនយោបាយបោសសម្អាតជនជាតិភាគតិចរបស់ខ្លួន»។
គិតត្រឹមព្រឹកថ្ងៃពុធ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើមានមនុស្សប៉ុន្មាននាក់បានស្លាប់ ឬរងរបួសដោយសារការវាយវាយប្រហារយោធារបស់អាស៊ែបៃហ្សង់។ មន្ត្រីសិទ្ធិមនុស្សអាមេនី បាននិយាយថា មនុស្ស ២៥ នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានជនស៊ីវិល២នាក់ផងដែរ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera ដែលថាខ្លួនមិនអាចផ្ទៀងផ្ទាត់ទិន្នន័យនេះបាននៅឡើយ។
គួរបញ្ជាក់ថា តំបន់ណាហ្គូណូ-ការ៉ាប៉ាក់មានការទទួលស្គាល់ជាអន្តរជាតិថាជាទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកខ្លះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរបំបែកខ្លួនអាមេនី ដែលអះអាងថា តំបន់នេះគឺជាទឹកដីដូនតារបស់ខ្លួន។ វាប្រកាសឯករាជ្យពីអាស៊ែបៃហ្សង់ក្នុងឆ្នាំ១៩៨៨ ដោយមានការគាំទ្រពីរដ្ឋាភិបាលអាមេនី មុនសង្រ្គាមទ្រង់ទ្រាយធំបានផ្ទុះឡើងក្រោយការដួលរំលំនៃសហភាពសូវៀត។
អាស៊ែបៃហ្សង់បានបាត់បង់ការគ្រប់គ្រងលើតំបន់ណាហ្គូណូ-ការ៉ាប៉ាក់ និងតំបន់ជុំវិញនោះ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែបានដណ្តើមយកទឹកដីមួយភាគធំមកវិញ បន្ទាប់ពីសង្រ្គាមរយៈពេល៤៤ថ្ងៃក្នុងឆ្នាំ២០២០ ដែលសម្លាប់មនុស្សរាប់ពាន់នាក់ ហើយបញ្ចប់ទៅក្រោមការសម្របសម្រួលរបស់រុស្ស៊ី ដែលដាក់កងទ័ពរក្សាសន្តិភាពប្រហែល ២ ០០០ នាក់ក្នុងតំបន់។
ការវាយប្រហារចុងក្រោយរបស់អាស៊ែបៃហ្សង់ បង្កជាការថ្កោលទោសពីប្រទេសលោកខាងលិច មួយចំនួននៅអឺរ៉ុប រួមមានទាំងបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ដែលអំពាវនាវឱ្យមានបទឈប់បាញ់ ខណៈអាមេរិកបានសម្ដែងការព្រួយបារម្ភការវាយប្រហារ និងគាំទ្រចំពោះអាមេនីដូចគ្នា។ ប៉ុន្តែក្រសួងការបរទេសតួកគី និយាយការពារអាស៊ែបៃហ្សង់ ដោយថា អាស៊ែបៃហ្សង់បង្ខំចិត្តចាត់វិធានការលើទឹកដីអធិបតេយ្យភាពរបស់ខ្លួននៅតំបន់ណាហ្គូណូ-ការ៉ាប៉ាក់ បន្ទាប់ពីការព្រួយបារម្ភរបស់ខ្លួនគ្មានការធូរស្រាលក្រោយជម្លោះឆ្នាំ ២០២០ បានបញ្ចប់។
រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់អាមេនី និងដែលកំពុងជាប់សង្រ្គាមនៅអ៊ុយក្រែនឯណោះវិញ បាននិយាយថា ខ្លួនបានទាក់ទងភាគីទាំង២ដោយជំរុញឱ្យមានការចរចាជាថ្មី ហើយអំពាវនាវឱ្យបញ្ចប់ការបង្ហូរឈាម៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Azerbaijan forces attack Nagorno-Karabakh as threat of new war looms